សង្គមស៊ីវិលអំពាវនាវដល់រដ្ឋាភិបាលថៃ បន្តជួយសង្គ្រោះដល់ពលករបរទេសរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារដោយសារគ្រោះរញ្ជួយដីឲ្យបានឆាប់រហ័ស ដោយគ្មានការរើសអើង និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ជំនួយមនុស្សធម៌ដល់សាច់ញាតិ និងពលករខ្មែរដែលរងគ្រោះក្នុងហេតុការណ៍នេះ ដើម្បីកាត់បន្ថយទុក្ខលំបាកផ្សេងៗ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ មេសា នេះថា ក្រោយពីករណីបាក់រលំអគារនៅទីក្រុងបាងកក អស់រយៈពេល ១១ថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ ខែមីនា រហូតដល់ពេលនេះ បងប្អូនសាច់ញាតិពលករចំនួន ២គ្រួសារដែលធ្វើការនៅក្នុងអគារបាក់រលំ គឺអ្នកស្រី ឆាយ សុភ័ណ និងកញ្ញា សាន់ ដែន នៅតែបន្តរង់ចាំនៅខាងមុខអគារដោយសង្ឃឹមថាពួកគេនៅមានជីវិត។
អង្គការសង់ត្រាល់ អះអាងថា អ្នកស្រី ឆាយ សុភ័ណ គឺជាម្តាយជនរងគ្រោះឈ្មោះ ផល្លា រតនា (Phalla Ratana) ដែលរស់នៅភូមិឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបាត់ខ្លួនតាំងពីថ្ងៃទី២៨ ខែមីនា រហូតមកដល់ពេលនេះ ខណៈជនរងគ្រោះបានធ្វើការងារក្នុងអគារនេះនៅជាន់ទី២៦ ជាជាងអគ្គិសនី។
ចំណែកកញ្ញា សាន់ ដែន គឺជាប្អូនស្រីជនរងគ្រោះឈ្មោះ សាន់ សឿន និងអ្នកស្រី សុខ គិមសី ដែលរស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើការជាជាងក្រាលការ៉ូក៏បានបាត់ខ្លួនអំឡុងពេលធ្វើការកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ទាំងពីរនាក់ប្តីប្រពន្ធដែរ។
អង្គការក្រៅរដ្ឋាភិបាលដដែលនេះបញ្ជាក់ថា ខ្លួននៅតែបន្តសហការជាមួយអង្គការដៃគូនានានៅក្នុងប្រទេសថៃ ដើម្បីទទួលព័ត៌មានបន្ថែម ពិសេសលើករណីពលករដែលពឹងពាក់ស្វែងរកកូន និងសមាជិកគ្រួសារក្នុងហេតុការណ៍បាក់រលំអគារនេះដោយយកចិត្តទុកដាក់បំផុត។
កាលពីថ្ងៃទី៦ ខែមេសា អភិបាលក្រុងបាងកក លោក Chadchart Sittipunt អះអាងថា ម៉ាស៊ីនធុនធ្ងន់កំពុងដំណើរការស្វែងរកអ្នកនៅរស់រានមានជីវិត ប៉ុន្តែសញ្ញានៃអាយុជីវិតមិនបានរកឃើញក្នុងគំនរអគារបាក់រលំនេះបន្ថែមទៀតទេ។
គិតត្រឹមថ្ងៃអាទិត្យ មនុស្ស ១៨នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ៧៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន និង ៩នាក់ត្រូវបានជួយសង្គ្រោះពីហេតុការណ៍បាក់រលំអគារនេះ។
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រទេសថៃ មានគ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតបណ្តាលឱ្យអគារកម្ពស់ ៣០ជាន់បានបាក់រលំ និងមានកម្មកររាប់សិបនាក់ជាប់នៅក្នុងនោះ ដោយសារម៉ោងដែលរលំនោះ គឺជាម៉ោងធ្វើការ។
ជុំវិញបញ្ហានេះ ក្រុមបណ្ដាញការងារផ្នែកពលករ (Migrant Working Group) លើកឡើងកាលពីថ្ងៃទី២ ខែមេសា ថា ប្រសិនបើរដ្ឋាភិបាល និងក្រសួងការងារមិនមានប្រព័ន្ធផ្តល់ជំនួយដែលល្អនៅនឹងកន្លែងទេ នោះអាចនឹងធ្វើឲ្យកម្មករដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះមួយចំនួនធំអាចនឹងមិនទទួលបានជំនួយ៕
© 2025, . All rights reserved.