ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក សម្បត្តិ កុសល

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​របស់​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ

By ឌឹ ខេមបូឌា ដេលី

April 09, 2025

អ្នក​ឃ្លាំមើល​សង្គម​អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ ស៊ើបអង្កេត​ករណី​អំពើពុករលួយ​របស់​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក សម្បត្តិ កុសល ក្រោម​គោលការណ៍​តម្លាភាព ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​អ្នក​ពាក់ព័ន្ធ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ មេសា នេះ​ថា ករណី​អំពើពុករលួយ​របស់​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក សម្បត្តិ កុសល បង្ហាញ​ឱ្យ​ឃើញ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ធ្ងន់ធ្ងរ​ក្នុង​នាម​ខ្លួន​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ទាំង​ការ​ជំពាក់​លុយ​គេ​មិន​ព្រម​សង និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​រត់ការ​ផ្តល់​តំណែង​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​កងកម្លាំង​នគរបាល​ជាតិ។

លោក​បន្ត​ថា បើ​រក​ឃើញ​ថា​មន្ត្រី​រូប​នេះ​មាន​កំហុស​ដូច​ការ​លើកឡើង​របស់​ស្ត្រី​ម្ចាស់​បំណុល​មែន នោះ​ការ​អនុវត្ត​ច្បាប់​ត្រូវតែ​ធ្វើឡើង​ដោយ​គ្មាន​ភាព​លម្អៀង ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​អំពើ​បែប​នេះ​កើត​មាន​ក្នុង​ជួរ​មន្ត្រី​កងកម្លាំង​បន្ត​ទៀត។

កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក សម្បត្តិ កុសល បាន​ប្តឹង​ម្ចាស់​បំណុល​ឈ្មោះ ចិន ស្រីដា ទៅ​កាន់​សាលាដំបូង​ខេត្ត​សៀមរាប ពី​បទ​គំរាមកំហែង​ហែក​កេរ្តិ៍ និង​ទាមទារ​សំណង​ជំងឺចិត្ត ២០​ម៉ឺន​ដុល្លារ​អាមេរិក។

ក្នុង​បណ្តឹង​នោះ រៀបរាប់​ថា កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ម្ចាស់​បំណុល​ឈ្មោះ ចិន ស្រីដា បាន​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Vi Da ឆាត​មក​ទាមទារ​ឱ្យ​ខ្លួន​សង​លុយ បើ​ខ្លួន​មិន​ព្រម​សង ម្ចាស់​បំណុល​នឹង​គំរាម​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ រួម​ទាំង​ផ្សព្វផ្សាយ​រឿង​ខ្លួន​ជំពាក់​លុយ​តាម​បណ្ដាញ​សារព័ត៌មាន​ថែម​ទៀត។

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ ចៅក្រម​សាលាដំបូង​ខេត្ត​សៀមរាប លោក ឃី ឆៃ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ម្ចាស់​បំណុល​ឈ្មោះ ចិន ស្រីដា កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កន្លង​ទៅ ដោយ​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពី​បទ​គំរាមកំហែង​ហែក​កេរ្តិ៍​ជា​សាធារណៈ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៥ ទើប​ម្ចាស់​បំណុល​ឈ្មោះ ចិន ស្រីដា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។

ក្រោយ​ចាប់​ខ្លួន សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៧ ខែ​មេសា ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​បំណុល​ឈ្មោះ ចិន ស្រីដា គេចវេះ​មិន​សហការ​ចូល​ខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​នា​ពេល​កន្លង​មក។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ម្ចាស់​បំណុល​ឈ្មោះ ចិន ស្រីដា និង​ស្វាមី​ឈ្មោះ ទី ប្រាថ្នា បាន​ដាក់​ពាក្យ​ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ដែរ ប៉ុន្តែ​គ្មាន​ចំណាត់ការ​ណា​មួយ​លើ​សំណើ​របស់​ខ្លួន​ឡើយ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​មិន​ចង់​សង​លុយ កូនបំណុល​ឈ្មោះ រ៉ាំង ភិរម្យ បាន​ណែនាំ​ប្តី​របស់​ស្ត្រី​ដែល​ជា​ម្ចាស់​បំណុល​ដាក់​លុយ​បន្ថែម​ធ្វើ​ជា​មន្ត្រី​កងកម្លាំង​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ ដែល​មាន​លោក សម្បត្តិ កុសល ដែល​ជា​ប្តី​របស់​ខ្លួន​ជា​អ្នក​រត់ការ​ឱ្យ។ ពួកគេ​ត្រូវ​បន្ថែម​លុយ​សូកប៉ាន់​ធ្វើ​ជា​មន្ត្រី​កងកម្លាំង​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ប្រមាណ​ជា ៣​ម៉ឺន​ដុល្លារ​អាមេរិក​ទៀត ប៉ុន្តែ​ម្ចាស់​បំណុល​មិន​ព្រម។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោក សម្បត្តិ កុសល ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2025, . All rights reserved.