អត្ថបទដោយ ខៀវ សុភា
មជ្ឈដ្ឋានទូទៅបានដាក់ជាចម្ងល់ថា តើនិពន្ធនាយកនៃសារព័ត៌មាន Pheng Vannak ញ៉ូវ (អនឡាញ) គឺលោក ផែង វណ្ណៈ ដែលតែងតែប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ធ្វើជាមូលដ្ឋានវាយប្រហារ ពលរដ្ឋតាមអំពើចិត្ត ព្រមទាំងប្រមាថសម្លាប់អ្នកនយោបាយ អ្នកសារព័ត៌មាន និងព្រះសង្ឃផងនោះ ហេតុអ្វីបានជាមិនមានស្ថាប័នមានសមត្ថកិច្ចណាមួយចាត់វិធានការច្បាប់ទៅលើបុគ្គលរូបនោះ?
ឈ្មោះ ផែង វណ្ណៈ ដែលឧស្សាហ៍ផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីបញ្ចេញមតិលើបញ្ហាសង្គម ឬហៅម្យ៉ាងទៀតថា «រឿងដែលគេកំពុងផ្ទុះ» ដូចជា រឿងស្នេហា គ្រោះថ្នាក់ចរាចរណ៍ ជម្លោះដីធ្លី ដែលសាធារណជនចាប់អារម្មណ៍នោះ តែងប្រើប្រាស់ភាសាមិនសមរម្យ និងគំរាមសម្លាប់គេឯង ដូចជា គំរាមសម្លាប់អ្នកនយោបាយ អ្នកសារព័ត៌មាន និងព្រះសង្ឃផងនោះ មិនមានស្ថាប័នមានសមត្ថកិច្ចណាមួយចាត់វិធានការច្បាប់ទៅលើបុគ្គលរូបនោះម្តងណានោះទេ។
អ្នកណាក៏ដឹងដែរថា លោក ផែង វណ្ណៈ បានប្រើប្រាស់ភាសាមិនសមរម្យ ហើយក្នុងការអត្ថាធិប្បាយខ្លះរបស់លោកនៅលើហ្វេសប៊ុក បានធ្វើឲ្យសាធារណជនខឹងសម្បាទៅនឹងភាសាអាក្រក់ដែលគាត់បានប្រើប្រាស់។
កាលពីឆ្នាំ២០១៣ លោក ផែង វណ្ណៈ បានគំរាមសម្លាប់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដោយប្រើគណនីហ្វេសប៊ុកឈ្មោះ Pheng Vannak ហើយគណនីនេះត្រូវបានគេជឿថាជាគណនីរបស់ Pheng Vannak បានបង្ហោះរូបថតកាំភ្លើងខ្លីមួយដើម និងគ្រាប់កាំភ្លើងចំនួន ៧គ្រាប់ ដែលដាក់បញ្ឈរក្បែរកាំភ្លើងសម្រាប់ទុកឲ្យលោក កឹម សុខា។ គ្រាប់ទី១ សម្រាប់បាញ់យកដៃឆ្វេង គ្រាប់ទី២ បាញ់យកដៃស្តាំ គ្រាប់ទី៣ បាញ់យកជើងឆ្វេង គ្រាប់ទី៤ បាញ់យកជើងស្តាំ គ្រាប់ទី៥ បាញ់ឲ្យចំត្រង់ពោះ គ្រាប់ទី៦ បាញ់ឲ្យចំបេះដូង និងគ្រាប់ទី៧ បាញ់ឲ្យចំក្បាលលោក កឹម សុខា តែម្តង។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្ដឹងលោក ផែង វណ្ណៈ ទៅអគ្គស្នងការនគរបាលជាតិ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះធនាគារ។
នៅក្នុងពាក្យបណ្ដឹងរបស់ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានសុំអន្តរាគមន៍ និងចាត់វិធានការចំពោះលោក ផែង វណ្ណៈ ដែលបានបង្ហោះព័ត៌មានមិនពិតលើ Facebook ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះធនាគារអេស៊ីលីដា ភីអិលស៊ី ពាក់ព័ន្ធនឹងការបង់ពន្ធដឹកជញ្ជូន។
នៅក្នុងពាក្យបណ្ដឹងនេះ បានអះអាងថា គណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានផ្សព្វផ្សាយដោយប្រើប្រាស់ការចោទប្រកាន់ថា «ធនាគារអេស៊ីលីដា បានឃុបឃិតជាមួយម្ចាស់រថយន្ត ដើម្បីឆបោកថវិការដ្ឋលើបញ្ហាពន្ធផ្លូវ និងការផ្សាយបន្តរបស់កាសែតក្នុងស្រុកមួយចំនួនតូច»។
ធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការលាតត្រដាងព័ត៌មានខាងលើនេះមិនមែនជាការសាកសួរច្បាស់លាស់ពីធនាគារអេស៊ីលីដា ភីអិលស៊ី ឬស្ថាប័នពាក់ព័ន្ធទេ គឺក្នុងចេតនាបំពុលសង្គម និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះធនាគារអេស៊ីលីដា ភីអិលស៊ី យ៉ាងធ្ងន់ធ្ងរ និងសេចក្តីថ្លៃថ្នូរនៃវិស័យហិរញ្ញវត្ថុទាំងមូល។
បន្ទាប់មកទៀត នៅក្នុងឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សារដ្ឋាភិបាលកម្ពុជា បានប្ដឹងលោក ផែង វណ្ណៈ និងមនុស្សផ្សេងទៀតទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពីបទយកលុយពីក្រុមជនដៃដល់ទៅឲ្យគ្រួសារជនរងគ្រោះ។
លោក ពេជ្រ ស្រស់ ស្នើ ACU ធ្វើការស៊ើបអង្កេតករណីលោក ផែង វណ្ណៈ ដើរតួជាតំណាងជនបង្កគ្រោះថ្នាក់ចរាចរណ៍យកលុយចំនួន ៥០០០ដុល្លារទៅធ្វើបុណ្យសពជនរងគ្រោះ។
លោក ពេជ្រ ស្រស់ ប្រាប់ ACU ថា លោក ផែង វណ្ណៈ មានភាពមិនប្រក្រតីក្នុងតួនាទីរបស់លោក (កាលនោះ) ក្នុងកងយោធពលខេមរភូមិន្ទ។ លោកថា លោក ផែង វណ្ណៈ មិនបានសហការជាមួយអាជ្ញាធរផ្តល់ព័ត៌មានអំពីអត្តសញ្ញាណ និងទីតាំងជនដៃដល់នោះទេ ខណៈសមត្ថកិច្ចកំពុងស្វែងរកព័ត៌មានបន្ថែមពីជនដៃដល់ ហើយមិនអាចចាប់ខ្លួនជនល្មើសបាន ប៉ុន្តែផ្ទុយទៅវិញ លោក ផែង វណ្ណៈ បានធ្វើសកម្មភាពយកលុយចំនួន ៥ពាន់ដុល្លារពីជនដៃដល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីនេះ ក៏មានការឆ្លើយឆ្លងពាក្យសម្ដីគ្នាតាមហ្វេសប៊ុករវាងលោក ពេជ្រ ស្រស់ និងលោក ផែង វណ្ណៈ ទាក់ទងនឹងពាក្យបណ្ដឹងនេះដែរ។ លោក ផែង វណ្ណៈ ហាក់មិនភ័យខ្លាចអ្វីឡើយ ហើយលោកបានប្តឹងលោក ពេជ្រ ស្រស់ ទៅតុលាការពីបទបង្កាច់បង្ខូចវិញទៀតផង។
ក្រៅពីនោះ នៅក្នុងឆ្នាំ២០១៩ ដដែលគឺនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាពសារព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក ផែង វណ្ណៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោកបានប្រមាថដល់អង្គភាព Fresh News ដោយគ្មានមូលដ្ឋាន។
នៅក្នុងបណ្តឹងនេះ អង្គភាពសារព័ត៌មាន Fresh News បានស្នើដល់ស្ថាប័នតុលាការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដើម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះដោយការបរិហារកេរ្តិ៍ជាសាធារណៈ ហើយ Fresh News ទាមទារសំណងចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីសងការខូចខាតធ្ងន់ធ្ងរដល់កិត្តិយសដែលបង្កឡើងដោយបុគ្គលរូបនេះ។
ការសម្រេចដាក់ពាក្យបណ្តឹងរបស់អង្គភាព Fresh News ធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ ដែលមានមោទនភាពក្នុងការប្រើប្រាស់ Facebook បានបង្ហោះវីដេអូផ្សាយផ្ទាល់បរិហារ Fresh News ថាផ្សាយតែព័ត៌មានដែលចំណេញលុយ និងផលប្រយោជន៍។
បន្ទាប់មកទៀត ទាក់ទងទៅនឹងករណីបរិហារកេរ្តិ៍ជាសាធារណៈ មេធាវីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីឆ្នាំ២០១៩ បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់ Facebook ផ្សព្វផ្សាយបរិហារកេរ្តិ៍ជាសាធារណៈលើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងបណ្ដឹងរបស់មេធាវីលោក ហ៊ុន សែន គឺលោក គី តិច បានបញ្ជាក់ថា លោក ផែង វណ្ណៈ បានបង្ហោះលើទំព័រហ្វេសប៊ុកដែលមេធាវីរូបនេះចាត់ទុកថាមានផែនការច្បាស់លាស់ និងមានចេតនាព្យាបាទពិតប្រាកដ ដើម្បីធ្វើការចោទប្រកាន់ និងទម្លាក់កំហុសទៅលោក ហ៊ុន សែន ដែលជាកូនក្ដីរបស់ខ្លួនថាជាឃាតករសម្លាប់លោកបណ្ឌិត កែម ឡី។
លោក ផែង វណ្ណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅថ្ងៃទី៣ មេសា រយៈពេល ១ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារតែ ២ខែ ១៥ថ្ងៃប៉ុណ្ណោះ ពោលគឺលោកត្រូវបានអំណាចសាលក្រមរបស់តុលាការភ្នំពេញ ដែលបានប្រកាសនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំដដែល ឲ្យដោះលែង រីឯទោសនៅសល់ គឺព្យួរ។
លោក ផែង វណ្ណៈ ក៏ត្រូវបានអ្នកធ្វើអត្ថាធិប្បាយលើបណ្ដាញសង្គមហ្វេសប៊ុក លោក ខាន់ សុវណ្ណ ប្តឹងចំនួន ៥បទចោទ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ កាលនោះ លោក ខាន់ សុវណ្ណ កាលពីពេលនៅមានជីវិត គេស្គាល់ថាជាអ្នកធ្វើការអត្ថាធិប្បាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្រដៀងនឹងលោក ផែង វណ្ណៈ ដែរ បានដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក ផែង វណ្ណៈ ពីបទចោទប្រកាន់ចំនួន ៥ និងទាមទារសំណងការខូចខាតចំនួន ១លានដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ២០ម៉ឺនដុល្លារ និងការខាតបង់ពេលវេលាសេវាកម្មច្បាប់ ១ម៉ឺនដុល្លារ។
នៅក្នុងបណ្តឹងរបស់លោក ខាន់ សុវណ្ណ បានចោទថា លោក ផែង វណ្ណៈ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌចំនួន ៥ រួមមាន ហិង្សាដោយចេតនា គំរាមកំហែងដល់អាយុជីវិត បរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថជាសាធារណៈ និងគំរាមកំហែងបង្ខូចកេរ្តិ៍ឈ្មោះ។
វាជាពាក្យបណ្ដឹងទន្ទឹមគ្នានឹងពាក្យបណ្ដឹងរបស់មេធាវីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្តឹងលោក ផែង វណ្ណៈ ផងដែរ។
ចំណែកឯអ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតអតីតនាយករដ្ឋមន្ត្រី ចង់ប្តឹងលោក ផែង វណ្ណៈ ពីបទញុះញង់ និងរើសអើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។ អ្នកស្រី ហ៊ុន ស៊ីណាត ព្រមានប្ដឹងអ្នកអត្ថាធិប្បាយតាមហ្វេសប៊ុកឈ្មោះ Pheng Vannak ពីបទញុះញង់ឱ្យមានការរើសអើងចំពោះអ្វីដែលគាត់បាននិយាយនៅលើ Facebook Live របស់គាត់អំពីការជាប់ពាក់ព័ន្ធរឿងស្នេហាជាខ្នងបង្អែកអំណាចដែលរីករាលដាលពាសពេញបណ្ដាញទំនាក់ទំនងសង្គម។
ការចោទប្រកាន់នេះ បានកើតឡើងតែមួយខែប៉ុណ្ណោះក្រោយពីការដោះលែងលោកឲ្យនៅក្រៅឃុំ បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេល ២ខែ។ កាលនោះ ប្រសិនបើពាក្យបណ្ដឹងត្រូវបានទទួលយកដោយចៅក្រម ហើយរកឃើញថាលោក ផែង វណ្ណៈ មានទោសម្តងទៀតនោះ គាត់អាចប្រឈមមុខនឹងការកាត់ទោសបន្ថែមទៀត។
ដើម្បីធ្វើឲ្យអ្នកស្រី ហ៊ុន ស៊ីណាត ទន់ចិត្ត លោក ផែង វណ្ណៈ បានធ្វើដំណើរទៅកាន់ផ្ទះរបស់អ្នកស្រី ហ៊ុន ស៊ីណាត ដោយមានផ្លែឈើមួយកន្ត្រក និងម្រាមដៃប្រណមសុំទោសពីអ្នកស្រី ហ៊ុន ស៊ីណាត ហើយទទួលយល់ព្រមថាអ្វីដែលខ្លួនបាននិយាយនោះគឺជាកំហុស។ លោកស្រី ហ៊ុន ស៊ីណាត បានទទួលយកការសុំទោសនេះ ហើយក៏ទម្លាក់ចោលពាក្យបណ្ដឹងរបស់ខ្លួន។
ក្រៅពីនេះ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការលើកឡើងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក Pheng Vannak ដោយថា «ក្រុមការងារធ្វើតាមយោបល់ ឬសំណូមពររបស់ពលរដ្ឋនៅលើគេហទំព័ររបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្កើតឡើងដើម្បីកុហកពលរដ្ឋ»។
នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ បានច្រានចោលការអត្ថាធិប្បាយលើការផ្សាយផ្ទាល់តាមហ្វេសប៊ុក ផែង វណ្ណៈ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយខ្វះមូលដ្ឋានស៊ើបអង្កេតច្បាស់លាស់។ លិខិតដដែលបានសំណូមពរដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ហ្វេសប៊ុក កុំធ្វើការសន្មតដោយគ្មានការស៊ើបអង្កេតត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋាភិបាល។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ផែង វណ្ណៈ ក៏បានគំរាមសម្លាប់ព្រះសង្ឃផងដែរ ហើយពេលនោះ ក្រសួងធម្មការ និងសាសនា បានដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ពីបទប្រមាថ ញុះញង់ រើសអើងព្រះសង្ឃ និងធ្វើឱ្យខូចតម្លៃសាសនារបស់រដ្ឋ។ លិខិតនោះបញ្ជាក់ថា លោក ផែង វណ្ណៈ បានបង្ហោះវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួនប្រមាថព្រះតេជព្រះគុណ ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប និងគំរាមញុះញង់ឲ្យមានការរើសអើងចំពោះព្រះសង្ឃដែលគ្រប់គ្រងដោយរដ្ឋ និងបំភ្លៃពីការពិត។
លិខិតនោះបានបន្ថែមថា លោក ផែង វណ្ណៈ បានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតព្រះសង្ឃ ដោយថា បើសង្ឃវាយកូនខ្លួនបែបនេះវិញ លោកមិនទៅប្តឹងទេ លោកនឹងបាញ់សម្លាប់ព្រះសង្ឃនេះតែម្តង។
ករណីនេះ មិនត្រឹមតែក្រសួងធម្មការ និងសាសនាប៉ុណ្ណោះទេ ថែមទាំងសាលាខេត្តសៀមរាប ក៏បានដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងបទញុះញង់ឲ្យមានការរើសអើង ញុះញង់ឲ្យប្រព្រឹត្តអំពើតាមប្រព័ន្ធផ្សព្វផ្សាយ និងប្រមាថមន្ត្រីសាធារណៈ។
បន្ទាប់មក ក្រសួងព័ត៌មាន បានសម្រេចដកហូតអាជ្ញាបណ្ណអាជីវកម្មរបស់គេហទំព័រព័ត៌មានរបស់លោក ផែង វណ្ណៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយសារម្ចាស់អាជ្ញាបណ្ណបានបំពានវិជ្ជាជីវៈរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយប្រមាថដល់ព្រះសង្ឃ។
បើទោះបីក្រសួងព័ត៌មាន និងក្រសួងធម្មការ និងសាសនា និងពាក្យបណ្ដឹងជាច្រើនបានរកឃើញនូវកំហុសយ៉ាងធ្ងន់ធ្ងររបស់បុគ្គលឈ្មោះ ផែង វណ្ណៈ ដែលជ្រកក្រោមស្លាកសារព័ត៌មាន ជេរប្រមាថអ្នកដទៃ ចោទប្រកាន់ផ្សាយព័ត៌មានមិនពិត និងគំរាមសម្លាប់ព្រះសង្ឃក្តី ក៏សារព័ត៌មានអនឡាញរបស់បុគ្គលរូបនេះត្រូវបានផ្តល់អាជ្ញាបណ្ណឡើងវិញនៅដើមឆ្នាំ២០២៣ ដោយអតីតអភិបាលខេត្តកណ្តាល គឺលោក គង់ សោភ័ណ្ឌ ដែលធ្វើឲ្យបុគ្គលរូបនេះនៅតែបន្តបេសកកម្មជេរប្រមាថពលរដ្ឋ មិនថាស្ត្រី មន្ត្រីរាជការ ឬអ្នកធ្វើអាជីវកម្មណាដែលលោកយល់ថាទើសនឹងការយល់ឃើញរបស់ខ្លួន។
គ្រាន់តែបានអាជ្ញាបណ្ណព័ត៌មានមិនទាន់បានប៉ុន្មានថ្ងៃផង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានសរសេររិះគន់ស្ត្រីអ្នកសារព័ត៌មានវិទ្យុ VOD ជាមួយនឹងខ្លឹមសារបន្ទាបតម្លៃស្ត្រី ដោយលោក ផែង វណ្ណៈ បានប្រមាថដល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានស្ត្រី VOD ថា «ចរិតថោកទាបដូចនាង អាណាយកធ្វើប្រពន្ធងាប់ហើយ។ ឈប់បានឈប់ទៅ កុំព្រោះតែបានប្រាក់ខែបរទេស ហ៊ានក្បត់ជាតិខ្លួនឯង និយាយប្រឌិតមួលបង្កាច់មនុស្សត្រឹមត្រូវតាមអំពើចិត្តនោះ»។
លោក ផែង វណ្ណៈ ថា បើផ្សាយថាលោកទើបយកខ្លួននាងបាន ៣-៤ដង និងធ្លាប់ជូននាងទៅយកកូនចេញម្តងដែរ នាងយល់អារម្មណ៍ដែលគេចោទទទឹងទិសបែបណាដែរ។
កាលនោះ សូម្បីតែអតីតរដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានសួរជាសំណួរនៅលើទំព័រហ្វេសប៊ុកថា “ហេតុអ្វីបានជារិះគន់ចាំបាច់ជេរ?” ប៉ុន្តែរដ្ឋមន្ត្រីរូបនេះក៏ខ្លាចមិនហ៊ានចាត់វិធានការណាមួយក្នុងនាមខ្លួនជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅលើបុគ្គល ផែង វណ្ណៈ នេះដែរ។
បន្ទាប់ពីមានការប្រមាថស្ត្រីអ្នកសារព័ត៌មាន ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សជិត ៤០ស្ថាប័ន ទាមទារឱ្យរដ្ឋមន្ត្រីចំនួន ៤ក្រសួង ដាក់ចំណាត់ការទៅលើលោក ផែង វណ្ណៈ ចំពោះការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីដែលជាអ្នកសារព័ត៌មាន។
ក្រោយសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលមួយថ្ងៃ ក្រសួងកិច្ចការនារី ក៏បានចេញនូវសេចក្តីប្រកាសរបស់ខ្លួន សម្ដែងនូវការសោកស្ដាយ និងមិនគាំទ្រចំពោះសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង មិនហ៊ាននិយាយឲ្យចំលើករណីលោក ផែង វណ្ណៈ ទេ ដោយសេចក្តីប្រកាសនេះធ្វើឡើងជាទូទៅ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនោះ ក្រសួងកិច្ចការនារី បានបង្ហាញជំហរប្រឆាំងយ៉ាងដាច់ណាត់ចំពោះសកម្មភាព និងទង្វើដែលមានចរិតអសីលធម៌ ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ប៉ុន្តែកន្លងមកនេះ បុគ្គល ផែង វណ្ណៈ នៅតែអាចជេរតិះដៀលដល់ស្ត្រីដដែល។
ក្រោយមកទៀត នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជា ១០ព្រឹកម៉ោងនៅសហរដ្ឋអាមេរិក លោក ផែង វណ្ណៈ បានផ្ញើសារជាសំឡេងទៅកាន់ទំព័រហ្វេសប៊ុករបស់លោក តាំង សារ៉ាដា ដែលជាប្រធានសារព័ត៌មាន The Cambodia Daily ដោយគំរាមផ្ដាច់ជីវិតរបស់លោកតែម្តង។
នៅក្នុងសារសំឡេងនោះ បុគ្គលរូបនេះបាននិយាយថា «សូមលោក តាំង សារ៉ាដា ប្រយ័ត្នខ្លួន ព្រោះនៅទឹកដីសហរដ្ឋអាមេរិកក៏មាន “គេ” ដែលលោកចង់សំដៅដល់សមាជិករបស់គណបក្សប្រជាជនកម្ពុជា ក៏មិនចូលចិត្តលោក តាំង សារ៉ាដា ហើយ “គេ” ក៏អាចធ្វើបាបលោក តាំង សារ៉ាដា តាមវិធីណាក៏បាននៅគ្រប់ពេលវេលាទាំងអស់»។
លោក ផែង វណ្ណៈ ក៏បានគំរាមសម្លាប់លោក តាំង សារ៉ាដា ដោយពុះក្បាលនឹងពូថៅ ប្រសិនបើលោកហ៊ានមកជាន់ទឹកដីខ្មែរនៅថ្ងៃណាមួយ។
មានមតិខ្លះលើកជាចម្ងល់ថា តើលោក ផែង វណ្ណៈ ជានរណា? ទោះបីមានបណ្តឹងជុំវិញទិស ក៏បុគ្គលរូបនេះនៅតែមានសេរីភាព និងថតរូបភាពបង្អួតលុយដុល្លារទាំងបាច់ៗជាមួយនឹងស្រាថ្លៃៗ។
លោក ផែង វណ្ណៈ ជាអតីតមន្ត្រីនគរបាលជាតិ មានឋានន្តរស័ក្តិវរសេនីយ៍ឯក អនុប្រធាននាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនៃក្រសួងមហាផ្ទៃ។
លោកក៏ធ្លាប់ត្រូវបានតែងតាំងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ហើយត្រូវបានលោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបណ្តេញចេញពីតួនាទីនេះវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។
ក្រសួងមហាផ្ទៃ បានសម្រេចទម្លាក់តួនាទីលោក ផែង វណ្ណៈ នៅឆ្នាំ២០១៥ ក្រោយពីមានបណ្តឹងពីបទគំរាមសម្លាប់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងតាមបណ្ដាញសង្គម Facebook និងប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងក្រសួង។ ក្រសួងបានបង្កើតគណៈកម្មការផ្ទៃក្នុងមួយដើម្បីស៊ើបអង្កេតការចោទប្រកាន់នោះ។
ក្រោយមក លោកត្រូវបានផ្លាស់ពីក្រសួងមហាផ្ទៃ ទៅក្រសួងការពារជាតិ ជាវរសេនីយ៍ឯក។ ក្រោយមក លោកត្រូវបានឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដកចេញ ដោយសារលោកបំពានបទបញ្ជាផ្ទៃក្នុងរបស់កងទ័ព ព្រោះលោក ផែង វណ្ណៈ បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook ធ្វើជាមូលដ្ឋានវាយប្រហារប្រជាពលរដ្ឋតាមអំពើចិត្ត។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរមានទីស្នាក់ការនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោក ផែង វណ្ណៈ ក៏ជាប្រធានក្រុមនៃក្រុមការងារផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់លោក ហ៊ុន ម៉ាណែត ផងដែរ។ ដោយក្រុមនេះមានលោក ហ៊ុន ម៉ាណែត លោក ហេង សួរ លោក គឹម សន្តិភាព និងសមាជិកគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀតជាអ្នកគ្រប់គ្រង។
លោក ករុណា បានបន្ថែមថា ករណីលោក ផែង វណ្ណៈ ធ្វើសកម្មភាពគំរាមកំហែងដល់អ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា តាមមាត្រា២៣៣ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយខែ) ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០០០០០ (មួយលាន) រៀលទៅ ៤០០០០០០ (បួនលាន) រៀល ប៉ុន្តែលោក ផែង វណ្ណៈ មិនដែលត្រូវបានផ្ដន្ទាទោសម្តងណានោះទេ ដោយសារតែបុគ្គលរូបនេះមានមេដែលមានខ្នងក្រាស់នៅពីក្រោយ ដែលជាមូលហេតុដែលប្រទេសកម្ពុជាមិនអាចកាត់បន្ថយអំពើនិទណ្ឌភាពបាន។
លោក ស៊ឹង សែនករុណា ស្នើឲ្យស្ថាប័នដែលធ្វើការខាងផ្នែកសិទ្ធិឌីជីថល កសាងសំណុំរឿងពីករណីលោក ផែង វណ្ណៈ រួចហើយសហការជាមួយអង្គការថ្នាក់តំបន់ ធ្វើការដាក់ពាក្យបណ្តឹងទៅកាន់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក ដើម្បីឲ្យក្រុមហ៊ុនបណ្ដាញសង្គមនេះធ្វើការពិនិត្យស្រាវជ្រាវបន្ថែមលើគណនី និងផេករបស់លោក ផែង វណ្ណៈ ដែលធ្វើសកម្មភាពផ្ទុយពីលក្ខខណ្ឌប្រើប្រាស់សេវាកម្មខ្លួន និងចាត់វិធានការផ្អាកគណនី និងផេករបស់លោក ផែង វណ្ណៈ។
លោកបន្ថែមថា បើហ្វេសប៊ុកមិនចាត់វិធានការនោះទេ លោកស្នើឲ្យអ្នកដែលត្រូវបានលោក ផែង វណ្ណៈ ជេរប្រមាថ និងមាក់ងាយ ដាក់ពាក្យបណ្តឹងបន្តទៅកាន់ Oversight Board របស់ក្រុមហ៊ុនមេតា ដើម្បីធ្វើសេចក្តីសម្រេច៕
© 2025, . All rights reserved.