លោក ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក ធ្វើការវិនិយោគនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជា ដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ជាពិសេសអ្នកវិនិយោគនៅក្នុងខេត្តទាំងនោះតែម្តង។
លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៩ មេសា នេះ សម្រេចប្រកាសអនុវត្តជាផ្លូវការនូវ «កម្មវិធីជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៅភាគឦសាន» ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ពលរដ្ឋ ដោយផ្ដោតលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍។
លោកអះអាងថា ការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាង និងអភិវឌ្ឍតាមបណ្ដោយព្រំដែន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាដើម ដែលរដ្ឋាភិបាលបានកសាងផ្លូវក្រវាត់ព្រំដែននៅពេលនេះ គឺជាកិច្ចការការពារព្រំដែនដែលមានប្រសិទ្ធភាព និងមានចីរភាពបំផុត។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាក់ថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភពីកំណើនសេដ្ឋកិច្ចទៅដល់គ្រប់មជ្ឈដ្ឋានសម្រាប់ពលរដ្ឋខ្មែរទូទៅផងដែរ។
ការប្រកាសដាក់ចេញនូវកម្មវិធីវិនិយោគនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសម្រេចដកខេត្តទាំង ៤ ចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម កាលពីពេលកន្លងទៅ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មេសា នេះថា ការដាក់ចេញនូវការអភិវឌ្ឍរបស់រដ្ឋាភិបាលក្នុងខេត្តភាគឦសាន គឺជារឿងល្អ ដើម្បីអភិវឌ្ឍប្រទេសជាតិ និងជួយលើកកម្ពស់ជីវភាព រួមទាំងការរស់នៅរបស់ពលរដ្ឋឱ្យល្អប្រសើរ ហើយការធ្វើដូច្នេះក៏ទទួលបានការស្វាគមន៍ពីពលរដ្ឋដែរ។
លោក អ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាលកសាងរោងចក្រ និងកសាងប្រព័ន្ធធារាសាស្ត្រ រួមទាំងរចនាសម្ព័ន្ធនានា ដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ ផ្សារ និងសាលារៀន ជាដើម ដើម្បីបម្រើដល់ការរស់នៅ និងការធ្វើកសិកម្មរបស់ពលរដ្ឋដែលរស់នៅទីនោះ ហើយការកសាងបែបនេះក៏ជាមូលហេតុក្នុងការទប់ស្កាត់ពលរដ្ឋក្នុងខេត្តទាំងនេះ កុំឲ្យធ្វើចំណាកស្រុកដែរ។
មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា រដ្ឋាភិបាលមិនត្រូវភ្លេចលុបគម្រោងដីសម្បទានដែលកំពុងកាន់កាប់ដោយក្រុមហ៊ុនឯកជន និងកងទ័ពវៀតណាម ឡើយ។ ជាងនេះទៀត ក៏ត្រូវបណ្តេញពលរដ្ឋវៀតណាម ដែលបានចូលទៅរស់នៅខុសច្បាប់លើដីសម្បទានទាំងជាង ២៤ម៉ឺនហិកតានៅទីនោះ ឱ្យទៅប្រទេសកំណើតរបស់ពួកគេវិញផងដែរ៕
© 2025, . All rights reserved.