ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគជិត ២០០គម្រោង (១៧២គម្រោង) ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងបង្កើតការងារប្រមាណជិត ១២ម៉ឺនកន្លែង ខណៈគម្រោងជាង ៥៦% (៥៦,២៣%) គឺជាគម្រោងវិនិយោគរបស់ចិន។
អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានបង្ហាញរបាយការណ៍ស្ដីពីគម្រោងវិនិយោគឆ្នាំ២០២៥ សម្រាប់កម្ពុជានៅថ្ងៃទី០៩ មេសា នេះថា វិស័យដែលវិនិយោគច្រើនបំផុត គឺវិស័យឧស្សាហកម្មក្នុងទំហំទុន ២,២ពាន់លានដុល្លារអាមេរិកដែលមានប្រទេសចំនួន ១០ ដូចជា ចិន ជាង ៥៦% កម្ពុជា ៣៨,៨០% សិង្ហបុរី ២,៩១% ដោយឡែកគម្រោងវិនិយោគរបស់អាមេរិក មានត្រឹមតែ ០,១៨% ប៉ុណ្ណោះ។
របាយការណ៍ដដែលបង្ហាញថា គម្រោងទាំងនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខេត្តចំនួន ១៣ ដូចជា ខេត្តកំពង់ស្ពឺ ស្វាយរៀង កោះកុង និងទីក្រុងភ្នំពេញ ជាដើម ក្នុងនោះ គម្រោងដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩៩គម្រោង ខណៈគម្រោងដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោងផងដែរ។
ប្រភពដដែលបញ្ជាក់ថា គម្រោងវិនិយោគនេះត្រូវបែងចែកជាពីរ គឺមួយផ្នែកត្រូវអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ចំណែកមួយផ្នែកទៀត គឺអភិវឌ្ឍទៅលើឧស្សាហកម្មដែលត្រូវប្រើទុន ២,២ពាន់លានដុល្លារអាមេរិក។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មេសា នេះថា ការបញ្ចេញរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រាន់តែដើម្បីកុំឱ្យកម្មករភ័យព្រួយជុំវិញការបាត់បង់ការងារក្រោមឥទ្ធិពលនៃការកំណត់ពន្ធនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកក្នុងពេលនេះតែប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ប្រសិនបើចិន រងនូវការកំណត់ពន្ធពីអាមេរិកដល់ ១០៤% ក៏ដោយ ក៏មិនមែនមានន័យថាក្រុមអ្នកវិនិយោគចិន អាចបន្តនៅកម្ពុជានោះដែរ ព្រោះថាពន្ធលើទំនិញនាំចេញរបស់កម្ពុជាខ្ពស់ជាងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ដូចជា វៀតណាម ហ្វីលីពីន ថៃ និងឡាវ ជាដើម ដូច្នេះដើម្បីឱ្យគម្រោងវិនិយោគទាំងនេះអាចធានានិរន្តរភាពទៅមុខបាន លុះត្រាតែកម្ពុជាទទួលបានការបញ្ចុះពន្ធពីអាមេរិក ស្មើឬទាបជាងប្រទេសទាំងអស់នោះ។
លោក ហ៊ីង សុខសាន្ត បញ្ជាក់ថា ក្រោយការកំណត់ពន្ធរបស់អាមេរិកឡើងវិញនៅពេលនេះ គេនៅមិនទាន់ដឹងថា តើអ្នកវិនិយោគទាំងនោះអាចនឹងធ្វើសេចក្តីសម្រេចចិត្តសាជាថ្មី ឬក៏អត់នោះទេ ដូច្នេះគម្រោងទាំងនេះក៏នឹងអាចផ្អាកដំណើរការដែរ បើការកំណត់ពន្ធរបស់អាមេរិកលើកម្ពុជានៅតែរក្សាអត្រា ៤៩% ដដែលនោះ៕
© 2025, . All rights reserved.