រដ្ឋាភិបាលកម្ពុជា នៅតែបន្តបដិសេធចាប់ខ្លួនជនសង្ស័យទៅឱ្យតុលាការថៃ កាត់ទោសដែរ លើសំណុំរឿងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលត្រូវឃាតករបាញ់សម្លាប់ បើទោះបីជាមានរយៈពេល ១០១ថ្ងៃហើយក៏ដោយ។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ភរិយា និងកូនៗរបស់សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា បានប្រារព្ធធ្វើពិធីបុណ្យខួប ១០០ថ្ងៃ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមនូវការថ្លែងសុន្ទរកថាទាមទារយុត្តិធម៌ពីអ្នកចូលរួម ព្រមទាំងភរិយា និងកូនៗរបស់លោកផងដែរ។
លោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ខណៈជនសង្ស័យឈ្មោះ លី រតនៈរស្មី ដែលជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលជាអនុប្រធានផ្សារកណ្ដាល ក្នុងទីក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរថៃ រកឃើញថាបានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះខ្លាំងបំផុត។
ជនសង្ស័យឈ្មោះ លី រតនៈរស្មី ត្រូវសមត្ថកិច្ចថៃ អះអាងថាជាអ្នករៀបចំផែនការ និងផ្តល់លុយឱ្យឃាតករក្នុងការបាញ់សម្លាប់លោក លិម គិមយ៉ា ចំណែកជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ក៏ត្រូវបានរកឃើញថាជាអ្នកចង្អុលបង្ហាញឱ្យឃាតករបាញ់សម្លាប់ជនរងគ្រោះដែរ។
ទោះបីជាសមត្ថកិច្ចថៃ បានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំងពីរនេះជាក់ច្បាស់តាមរយៈភស្តុតាងជាវីដេអូកាមេរ៉ាសុវត្ថិភាព ភស្តុតាងស៊ើបអង្កេតតាមរយៈឯកសារនានា និងការសារភាពរបស់ឃាតករឈ្មោះ ឯកកាឡាក់ ស៊ីផែណយ ក៏ដោយ ក៏ជនសង្ស័យឈ្មោះ លី រតនៈរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិន នៅតែត្រូវបានការពារពីរដ្ឋាភិបាលកម្ពុជាដដែលរហូតមកទល់ពេលនេះ។
ជាងនេះទៅទៀត គេបានឃើញជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន បង្ហាញខ្លួននៅតាមទីសាធារណៈម្តងម្កាលដែរនៅម្តុំផ្សារកណ្ដាល ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែជនសង្ស័យឈ្មោះ លី រតនៈរស្មី គឺបាត់ស្រមោលឈឹងតែម្តង។
ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅនៅតែអះអាងថា ជនសង្ស័យទាំងពីរនេះត្រូវបានសមត្ថកិច្ចកម្ពុជាលាក់បំពួនក្រោមបញ្ជារបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ មេសា នេះថា ការបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាឃាតកម្មនយោបាយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីកំពូលៗរបស់កម្ពុជាមួយចំនួន ដូចជា អភិបាលរងក្រុងភ្នំពេញ លោក ឃ្លាំង ហួត និងលោក ហ៊ុន ម៉ានី រួមទាំងលោក ហ៊ុន សែន ជាដើម។
លោក ម៉ែន ណាត បញ្ជាក់ថា ជនសង្ស័យឈ្មោះ លី រតនៈរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិន កំពុងរស់នៅកម្ពុជាសព្វថ្ងៃនេះ ហើយពួកគេមិនត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនខ្លួនតាមការស្នើសុំរបស់តុលាការថៃ ដើម្បីនាំខ្លួនទៅកាត់ទោស ពាក់ព័ន្ធអំពើឃាតកម្មលើអតីតសមាជិកសភា លោក លិម គិមយ៉ា នោះឡើយ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលដែលកំពុងដឹកនាំដោយត្រកូលហ៊ុន ក៏មិនបានចាប់បញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់នេះទៅឱ្យតុលាការថៃ ដើម្បីបើកការស៊ើបអង្កេតតាមការស្នើសុំដែរ បើទោះបីជាពួកគេបានបដិសេធថាមិនជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះក៏ដោយ៕
© 2025, . All rights reserved.