ផ្ទាំង​សូឡា

ព័ត៌មានជាតិ

អាមេរិក​ដំឡើង​ពន្ធ​នាំចូល​ផ្ទាំង​សូឡា​ពី​ប្រទេស​កម្ពុជា​ជាង ៣៥០០% ខ្ពស់​ជាង​ប្រទេស​ជិតខាង​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

April 23, 2025

សហរដ្ឋ​អាមេរិក​សម្រេច​ដំឡើង​ពន្ធ​នាំចូល​ផ្ទាំង​សូឡា​ពី​ប្រទេស​កម្ពុជា ជាង ៣៥០០% ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០២៥ ខាងមុខ​នេះ​តទៅ ក្នុង​បំណង​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​ចិន ក្នុង​នោះ ប្រទេស​ថៃ ម៉ាឡេស៊ី និង​វៀតណាម ក៏​ត្រូវ​ជាប់​ពន្ធ​នាំចូល​ផ្ទាំង​សូឡា​នេះ​ដែរ។

សារព័ត៌មាន Bloomberg បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ថា ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​កំណត់​អត្រា​ពន្ធ​លើ​ក្រុមហ៊ុន​នាំចូល​ផ្ទាំង​សូឡា​ពី​ប្រទេស​កម្ពុជា​ចំនួន ៣៥២១% ក្នុង​អត្រា​នេះ បង្ហាញ​ថា​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​នឹង​រង​ពន្ធគយ​លើ​ផ្ទាំង​សូឡា​ខ្ពស់​ជាងគេ​បំផុត។ ចំណែក​ក្រុមហ៊ុន​នៅ​ប្រទេស​វៀតណាម ត្រូវ​កំណត់​ពន្ធ ៣៩៥,៩% ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ត្រូវ​កំណត់​ពន្ធ ៣៧៥,២% ខណៈ​អត្រា​ពន្ធ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​កំណត់​ជា​រួម គឺ​ត្រឹម ៣៤,៤% ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ សហប្រធាន​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​អ្នក​ប្រឹក្សា​សម្ព័ន្ធ​ក្រុមហ៊ុន​ថាមពល​ពន្លឺ​ព្រះអាទិត្យ លោក Tim Brightbill អះអាង​ថា ការ​ដំឡើង​ពន្ធ​នេះ គឺជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​ការ​ប្រកួតប្រជែង​ដោយ​អយុត្តិធម៌​នៅ​ទីផ្សារ​អាមេរិក។

លោក Tim Brightbill បញ្ជាក់​ថា ក្រុមហ៊ុន​សូឡា​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ប្រទេស​ចិន បាន​បោកប្រាស់​ជា​ប្រព័ន្ធ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​អាមេរិក ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក ចំណាយ​ប្រាក់​ច្រើន​ដោយសារតែ​ការ​នាំចូល​ទំនិញ​ទាំងនេះ​មាន​តម្លៃ​ទាប។

ការ​សម្រេច​កំណត់​ពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ដាក់​ពន្ធ​លើ​ការ​ប្រឆាំង​ការ​លក់​បង្ខូច​ថ្លៃដើម​នាំចូល និង​ប្រឆាំង​ការ​ឧបត្ថម្ភ​ធន​ពី​ប្រទេស​ចិន លើ​ឧបករណ៍​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែល​ចិន​នាំចូល​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ថៃ និង​វៀតណាម សម្រាប់​បន្ត​នាំចូល​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ពេល​កន្លង​ទៅ។

ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន Hanwha Qcells និង​ក្រុមហ៊ុន First Solar Inc ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Arizona របស់​ប្រទេស​កូរ៉េ និង​អ្នក​ផលិត​តូចៗ​ជាច្រើន​បាន​ដាក់​ពាក្យបណ្ដឹង​ក្នុង​ការ​ប្រឆាំង​នឹង​ផលិតផល​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​នាំចូល​ពី​អាស៊ី​កាលពី​ឆ្នាំ​មុន ដើម្បី​ស្វែងរក​ការ​ការពារ​លើ​ការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការ​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ដែល​ជា​គណៈកម្មាធិការ​ពាណិជ្ជកម្ម​នៃ​សម្ព័ន្ធភាព​អាមេរិក​សម្រាប់​ការ​ផលិត​ថាមពល​ព្រះអាទិត្យ ធ្លាប់​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​របស់​ចិន​ធំៗ​ដែល​មាន​រោងចក្រ​នៅ​អាស៊ីអាគ្នេយ៍ អំពី​ការ​លក់​សូឡា​ថា​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ផលិតកម្ម​របស់​ពួកគេ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​មិន​យុត្តិធម៌ ដែល​ធ្វើ​ឱ្យ​ទំនិញ​អាមេរិក​បាត់បង់​លទ្ធភាព​ក្នុង​ការ​ប្រកួតប្រជែង។

ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន​ចិន​ថាមពល​សូឡា ឈ្មោះ Jinko Solar ប្រឈម​នឹង​ពន្ធ​បន្ថែម​ប្រហែល ២៤៥% សម្រាប់​ការ​នាំចេញ​ពី​ប្រទេស​វៀតណាម និង ៤០% សម្រាប់​ការ​នាំចេញ​ពី​ប្រទេស​ម៉ាឡេស៊ី ខណៈ​ក្រុមហ៊ុន Trina Solar នៅ​ក្នុង​ប្រទេស​ថៃ ប្រឈម​នឹង​ការ​យក​ពន្ធ​ចំនួន ៣៧៥% និង​ច្រើន​ជាង ២០០% ពី​ប្រទេស​វៀតណាម។

ពន្ធ​លើ​ផ្ទាំង​សូឡា​សម្រាប់​ការ​នាំ​ទៅ​កាន់​ទីផ្សារ​អាមេរិក ត្រូវ​បាន​កំណត់​ខ្ពស់​រហូត​ដល់ ៣៥២១% សម្រាប់​ប្រទេស​កម្ពុជា គឺជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ដែល​បដិសេធ​មិន​ចូលរួម​ស៊ើបអង្កេត​លើ​បញ្ហា​មួយ​នេះ​នា​ពេល​កន្លង​មក។

កម្ពុជា​ត្រូវ​គេ​ដឹង​ថា​មាន​រោងចក្រ​ផលិត​ផ្ទាំង​សូឡា​ចំនួន ២១​កន្លែង ដែល​មាន​ទុន​សរុប​ចំនួន​ជាង ១៧៣​លាន​ដុល្លារ​អាមេរិក៕

© 2025, . All rights reserved.