សមយុទ្ធ «នាគ​មាស ២០២៥» ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​នៅ​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួម​គ្នា​ចិន-កម្ពុជា ផែ​រាម ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៥។

នយោបាយ

កម្ពុជា-ចិន​ប្រកាស​ត្រៀម​ធ្វើ​សមយុទ្ធ «នាគ​មាស» រួម​គ្នា​ពីរ​សប្ដាហ៍​ចាប់ពី​ថ្ងៃទី​១៤-២៨ ខែ​ឧសភា

By ឌឹ ខេមបូឌា ដេលី

April 24, 2025

កងទ័ព​កម្ពុជា និង​ចិន គ្រោង​ធ្វើ​សមយុទ្ធ «នាគ​មាស ២០២៥» រួម​គ្នា​រយៈពេល ២​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​១៤-២៨ ខែ​ឧសភា ខាងមុខ ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌»។

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌»។

ប្រភព​ខាងលើ​អះអាង​ថា សមយុទ្ធ​យោធា​រួម​គ្នា​លើក​ទី​៧ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាមានិត​ចិន នឹង​ប្រព្រឹត្ត​ទៅ​នៅ​មណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំសែនរីករាយ ខេត្ត​កំពង់ឆ្នាំង និង​នៅ​លើ​ផ្ទៃសមុទ្រ និង​ដែនអាកាស​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ។

លោកស្រី ម៉ាលី សុជាតា អះអាង​ថា សមយុទ្ធ​នេះ គឺ​ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ និង​បង្កើន​សមត្ថភាព ជំនាញ និង​បទពិសោធន៍​របស់​កង​យោធពល​ខេមរភូមិន្ទ ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ក៏ដូចជា​ចូលរួម​ចំណែក​ដល់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ផង។

កម្ពុជា និង​ចិន បាន​ផ្តើម​ធ្វើ​លំហាត់​យោធា​រួម​គ្នា​ជាបន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៦ ខណៈ​កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​២០១៧។ សមយុទ្ធ​យោធា​នាគ​មាស​រវាង​កម្ពុជា និង​ចិន ត្រូវ​គេ​សង្កេត​ឃើញ​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

មន្ត្រី​យោធា​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា សមយុទ្ធ​រវាង​កម្ពុជា និង​ចិន មិនមែន​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ណា ឬ​បុគ្គល​ណា​មួយ​ឡើយ ពោល​ជា​សមយុទ្ធ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ និង​ក៏​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​កងទ័ព​កម្ពុជា៕

© 2025, . All rights reserved.