មេដឹកនាំចិន ទៅដល់រាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ដើម្បីបំពេញទស្សនកិច្ចពីរថ្ងៃ។ ចំណែកនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បំពេញទស្សនកិច្ចនៅរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា។
ពលរដ្ឋខ្មែរភាគច្រើនដូចជាមិនបានដឹងច្រើនប៉ុន្មានទេអំពីអ្វីដែលមេដឹកនាំខ្មែរ និងមេដឹកនាំបរទេសបានជជែកពិភាក្សាគ្នាក្នុងទស្សនកិច្ចផ្លូវការផ្លូវរដ្ឋទាំងពីរលើកនោះទេ។
យោងតាមការចុះផ្សាយក្នុងសារព័ត៌មានបរទេស មានដូចជា Al Jazeera, Yahoo News, Stimson Center ជាដើម គួជៀ ជូស្ហ៊ី (Guojia Zhuxi) ឬប្រធាន ស៊ី ជីនពីង មកស្រុកខ្មែរ និយាយរឿងធំទី១ គឺប្រាប់មេដឹកនាំខ្មែរឲ្យប្រកាន់ជំហររឹងប៉ឹងទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចពីសហរដ្ឋអាមេរិករឿងដំឡើងពន្ធទំនិញ ព្រោះថាយើងទាំងពីរជាកល្យាណមិត្ត ដែលខ្មែរក្នុងស្រុកសព្វថ្ងៃប្រែពាក្យអង់គ្លេស “ironclad” ហៅមិត្តភាពខ្មែរ-ចិន ថាមិត្តដែកថែបនោះ។
តាមអត្ថន័យ គេគួរតែហៅថា មិត្តស្រោបដែក បើគេចង់និយាយថា មិត្តភាពមិនរបេះ មិនប្រេះស្រាំ មិនពុកផុយនោះ។
អ្នកវិភាគនយោបាយខ្មែរខ្លះប្រាប់កាសែតថា ប្រទេសកម្ពុជាត្រូវការពង្រីកទីផ្សារនាំទំនិញចេញ ដូច្នេះការរក្សាមិត្តភាពជាមួយប្រទេសចិន ជាការចាំបាច់ ពីព្រោះមើលឃើញចិន ជាទិសដៅផ្សារដ៏សំខាន់មួយ។ ទស្សនៈនេះស្របនឹងទស្សនៈលោក ហ៊ុន សែន ដែរ ប៉ុន្តែអ្នកកាសែត Al Jazeera ឈ្មោះ Katrina Yu ថ្លែងថា ប្រធាន ស៊ី ជីនពីង ចង់រំឭកអ្នកដឹកនាំខ្មែរថា កុំលបចរចារឿងពន្ធធ្វើឲ្យខូចប្រយោជន៍ចិន ឲ្យសោះ។
តាមស្ថិតិចំណូលបានពីការនាំចេញទំនិញផលិតនៅប្រទេសកម្ពុជា គឺបានពីសហរដ្ឋអាមេរិកច្រើនជាងបានពីទីផ្សារចិន ដោយហេតុថា រោងចក្រចិន នៅស្រុកខ្មែរដឹកទំនិញទៅទីផ្សារប្រទេសសម្បូរធនធានទិញ មិនដឹកទំនិញទៅលក់ស្រុកចិន វិញ ដែលផលិតរបស់ដូចគ្នានោះទេ។
ក្នុងឆ្នាំ២០២៤ តាមស្ថិតិពីអគ្គនាយកដ្ឋានពន្ធដារ គយ និងរដ្ឋាករ ទំនិញផលិតស្រុកខ្មែរនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ ១០ពាន់លានដុល្លារ រីឯទំនិញដឹកទៅទីផ្សារស្រុកចិន មានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២៥ ត្រឹមខែមេសា នេះ ប្រទេសកម្ពុជានាំទំនិញទៅ៖
- សហរដ្ឋអាមេរិក មានទឹកប្រាក់ ២៤០០លានដុល្លារ
- នាំទៅយៀកណាម ១២០០លានដុល្លារ
- ជប៉ុន ៤៣០លានដុល្លារ
- ចិន ៣៤៨លានដុល្លារ
- កាណាដា ២៨២លានដុល្លារ
- ថៃឡង់ដ៍ ២៥៥លានដុល្លារ។
កិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយគ្នា ជាកិច្ចព្រមព្រៀងបណ្ដាក់ទុនចិន ពុំមានកិច្ចព្រមព្រៀងខ្ចីបុលថ្មីទៀតឡើយ។ បំណុលដែលរាជរដ្ឋាភិបាលខ្មែរជំពាក់បរទេសប្រមាណជាង ១១ពាន់លានដុល្លារ ភាគច្រើនលើសលប់ជាបំណុលចិន ដូច្នេះចិន មិនឲ្យខ្ចីថែមទៀតទេ ជាពិសេសក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកកំពុងមានបញ្ហាប្រែប្រួលមិនទៀងទាត់។
ចំពោះការបន្តចេញចំណាយលើគម្រោងព្រែកជីកហ្វូណនតេជោវិញ ចិនបានកែខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍រួមថា ចិននឹងឧបត្ថម្ភថវិកាលើគម្រោងនេះតែ ៤៩% ប៉ុណ្ណោះ មិនមែន ១០០% នោះទេលើទុនចំណាយ ១៧០០លានដុល្លារសង់ព្រែកជីកនោះ។
ចំណែកឯទស្សនកិច្ចអ្នកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ វិញ ប្រមុខរដ្ឋាភិបាលទាំងពីរពិភាក្សាលើរឿងជំនួញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ច្រើនជាងរឿងសិទ្ធិមនុស្ស រឿងកោះ រឿងប្រាសាទ។
តាមសេចក្តីប្រកាសរួមចុះផ្សាយក្នុងកាសែតនៃប្រទេសទាំងពីរ នាយករដ្ឋមន្ត្រីទាំងពីរប្រាថ្នាចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងពីទឹកប្រាក់ ១០ពាន់លានដុល្លារទៅដល់ ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥ នេះ។ ក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជានាំទំនិញទៅប្រទេសថៃឡង់ដ៍ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ហើយនាំចូលពីប្រទេសថៃឡង់ដ៍ វិញ មានទឹកប្រាក់ ៣ពាន់លានដុល្លារ។
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែមេសា ស្នើឲ្យនាយករដ្ឋមន្ត្រីថៃ លើករឿងរំលោភសិទ្ធិមនុស្សឆ្លងដែនទៅជជែកនឹងនាយករដ្ឋមន្ត្រីខ្មែរ។ អង្គការនេះបានលើករឿងជនភៀសខ្លួនខ្មែរដែលឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួន ទទួលស្គាល់ និងការពារសិទ្ធិ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនប្រគល់ទៅឲ្យអាជ្ញាធរខ្មែរវិញ មានដូចជាឈ្មោះ ប៉ែន ចន្ទសង្គ្រាម, ហុង អាន, មៀន ចាន់ថុន, យិន ចន្ធូ, សឿង គន្ធា, វន ចាន់រចនា, វឿង សំណាង និង វឿន វាសនា រឿងឃាតកម្មលោក លិម គិមយ៉ា ទាក់ទងនឹងបុរសឈ្មោះ លី រតនៈរស្មី និង ពេជ្រ គឹមស្រ៊ិន ព្រមទាំងរឿងបាត់ខ្លួនអាថ៌កំបាំងនៃសកម្មជនពលរដ្ឋថៃ ឈ្មោះ វ៉ាន់ឆាឡឺម សាធសក្តិសិទ្ធ នោះ។
សាធារណជនមិនបានដឹងទេថា តើនាយករដ្ឋមន្ត្រីទាំងពីរពិភាក្សារឿងហ្នឹង ឬមិននិយាយសោះក្នុងខួប ៧៥ឆ្នាំនៃចំណងការទូតរវាងរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃឡង់ដ៍នោះទេ៕
© 2025, . All rights reserved.