សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ

ច្បាប់

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

By ឌឹ ខេមបូឌា ដេលី

April 29, 2025

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥​នាក់ ឱ្យ​មាន​សេរីភាព​ឡើងវិញ ស្រប​ពេល​ដែល​តុលាការ​កំពូល​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​ប្រាំ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ខាងមុខ​នេះ។

ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​សមាគម​ការពារ​សិទ្ធិមនុស្ស (អាដហុក) ជាដើម បាន​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ ដោយ​រៀបរាប់​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ គឺ​មាន​រយៈពេល ៣០០​ថ្ងៃ​ហើយ​ដែល​សកម្មជន​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស​ចំនួន​ប្រាំ​នាក់​នៃ​ក្រុម​ចលនា​មាតា​ធម្មជាតិ​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងនេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារតែ​សកម្មភាព​ស្រប​ច្បាប់​ក្នុង​កិច្ច​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ឱ្យ​ពួកគេ​រួច​ផុត​ពី​បទ​ចោទ​ទាំងអស់​ផង​ដែរ។

តុលាការ​កំពូល​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ រួម​មាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និង​លោក យីម លាងហ៊ី កាលពី​ថ្ងៃទី​២៣ ខែ​មេសា កន្លង​ទៅ។ តុលាការ​ក៏​គ្រោង​នឹង​ប្រកាស​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​សមាជិក​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០​នាក់ ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ» ក្នុង​នោះ​លោក អាឡិច ហ្គន់សាឡេស ដេវិតសុន លោក យីម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ​ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»

ក្នុង​ចំណោម​សមាជិក​ចលនា​មាតា​ធម្មជាតិ​ទាំង ១០​នាក់​នេះ មាន ៥​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន ខណៈ​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំង​មុខ។

អ្នកទោស​មនសិការ​ជា​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌ មាន​ចំនួន​សរុប​ជិត ១០០​នាក់ (៦៥​នាក់) សព្វថ្ងៃ​នេះ រួម​មាន សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​បក្ស​ប្រឆាំង រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ៕

© 2025, . All rights reserved.