អ្នកស្រី មូរ សុខហួរ (កណ្ដាល) ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ចូលរួម​ដឹកនាំ​មហា​បាតុកម្ម​ស្ដីពី​ការ​ទាមទារ​កោះ​គុត​ដោយ​ប្រើ​យន្តការ​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ជុងកាក់ នៃ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​បង្ក្រាប​សកម្មភាព​តវ៉ា​រឿង​ទឹកដី ជា​ចេតនា​បំពេញ​បំណង​បរទេស​ឈ្លានពាន

By ឌឹ ខេមបូឌា ដេលី

May 01, 2025

អ្នក​ឃ្លាំមើល​លើកឡើង​ថា វិធានការ​បង្ក្រាប​សកម្មជន​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​តវ៉ា​រឿង​ទឹកដី​ជាមួយ​ប្រទេស​ជិតខាង គឺជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក ហ៊ុន សែន លួងលោម​បរទេស​ឈ្លានពាន​ឱ្យ​ជួយ​គាំទ្រ​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៀត​ទៅ​ថ្ងៃ​មុខ។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ មេសា នេះ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ចរន្ត​តវ៉ា​រឿង​ទឹកដី​របស់​បក្ស​ប្រឆាំង​បង្ហាញ​ទៅ​កាន់​បរទេស​ឈ្លានពាន​ទឹកដី​ខ្មែរ​ឱ្យ​ឃើញ​ថា បើ​ក្រុម​ប្រឆាំង​ឡើង​កាន់​អំណាច នោះ​ពួកគេ​នឹង​តវ៉ា​ទាមទារ​យក​ទឹកដី​ដែល​បាត់បង់​ត្រឡប់​មក​វិញ​ជាមិនខាន។

លោក សារ៉ូ សូវិជ័យ លើកឡើង​ថា តាមរយៈ​នៃ​ការ​តវ៉ា​ទាមទារ​ពី​បញ្ហា​ទឹកដី ដូចជា កោះត្រល់ កោះ​ក្រចកសេះ ទឹកដី​កម្ពុជា​ក្រោម កោះ​គុត ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​ដែនសមុទ្រ​ត្រួតស៊ីគ្នា ជាដើម ជាពិសេស​ការ​តវ៉ា​ឱ្យ​ដក​ខេត្ត​ខ្មែរ​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​កាលពី​ពេល​កន្លង​ទៅ​នោះ រឹតតែ​ធ្វើ​ឱ្យ​បរទេស​ឈ្លានពាន​ទាំងនោះ​ជឿជាក់​ថា បើ​ត្រកូល​ហ៊ុន​មិន​បន្ត​អំណាច​ដឹកនាំ​ប្រទេស​ទេ ទឹកដី​ដែល​ពួកគេ​ប្លន់​បាន​ពី​ខ្មែរ​កន្លង​មក​នោះ ច្បាស់​ជា​នឹង​បាត់បង់​ទៅវិញ​យ៉ាង​ពិតប្រាកដ។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​នេះ បក្ស​ប្រឆាំង​មិន​ទាន់​អាច​តវ៉ា​រឿង​ទឹកដី​ជាមួយ​ប្រទេស​ជិតខាង​បាន​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ គឺជា​ការ​ជួយ​លោក ហ៊ុន សែន ឱ្យ​ទទួល​បាន​ការ​ការពារ និង​គាំទ្រ​នយោបាយ​របស់​គាត់​ពី​ប្រទេស​ជិតខាង​ទៅវិញ​ប៉ុណ្ណោះ។

លោក សារ៉ូ សូវិជ័យ គូសបញ្ជាក់​ថា បក្ស​ប្រឆាំង​ត្រូវ​បង្ហាញ​ជំហរ​នយោបាយ​ការទូត​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​ឱ្យ​ល្អ​ជាង​បក្ស​កាន់​អំណាច ដើម្បី​បញ្ជាក់​ថា នៅ​ពេល​ដែល​ពួកគេ​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស អ្នក​ទាំងនោះ​រឹតតែ​មាន​ផល​ប្រយោជន៍​ក្នុង​កិច្ចសហការ​ទាំង​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​សម្រាប់​គ្នា​ទៅវិញ​ទៅមក ទើប​ពួកគេ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ទាំងនោះ​ក្នុង​ដំណើរ​នយោបាយ​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៨០ ដែល​លោក ហ៊ុន សែន ត្រូវ​បាន​កងទ័ព​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​រហូត​បន្ត​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​គាត់​នៅ​ពេលនេះ គាត់​នៅតែ​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​តវ៉ា​ទាមទារ​អំពី​បញ្ហា​ទឹកដី​ដែល​បាត់បង់​ទៅ​ប្រទេស​ជិតខាង​ដាច់អហង្ការ ទាំង​ខាង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។

ក្នុង​ខួប ៥០​ឆ្នាំ​នៃ​ជ័យជម្នះ​ខាង​បក្ស​ពលករ ឬ​បក្ស​កុម្មុយនីស្ត​យៀកណាម ឈ្នះ​សង្គ្រាម​យៀកណាម​ជាមួយ​សហរដ្ឋ​អាមេរិក មេដឹកនាំ​អាមេរិកាំង​មិន​បាន​បញ្ជូន​នរណា​ម្នាក់​ទៅ​ចូលរួម​ទេ។ ខាង​ខ្មែរ​មាន​លោក ហ៊ុន សែន ជា​តំណាង​ប្រទេស​កម្ពុជា។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​លើកឡើង​អំពី​ការ​បង្កើត​ច្បាប់​ដើម្បី​ដាក់​អ្នក​នយោបាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស​ដែល​តែង​តវ៉ា​ទាមទារ​អំពី​បញ្ហា​ទឹកដី​ទៅ​ជា​ក្រុម​ភេរវករ​ផង​ដែរ ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​ភាព​ស្ងៀមស្ងាត់​នយោបាយ​របស់​ប្រទេស។

គួរ​បញ្ជាក់​ថា៖ មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​នៅ​ក្រៅ​ស្រុក​បាន​ចាត់ទុក​សង្គម​ខ្មែរ​សព្វថ្ងៃ​ថា​ជា​សង្គម​ដុះ​លូតលាស់​បែប​រុក្ខជាតិ​ប្រទាល​ផ្ញើ​ប្រាណ ដើម​ប៉ប្រក ដែល​រស់​អត់​គេ​មិន​បាន ដូច្នេះ​ត្រូវ​រៀន​សម្រប​រៀន​និយាយ​ថា អាក្រក់​ជា​ល្អ ខ្មៅ​ជា​ស ស​ជា​ខ្មៅ ខ្លៅ​ជា​ប្រាជ្ញ ចោរ​កំណាច​ថា​មនុស្ស​រាបសា អ្នកដឹង​អ្នក​និយាយ​ការពិត​ជាតិ​និយម ថា​ពួក​ឧទ្ទាម​ជ្រុល​និយម អ្នក​លក់​អ្នក​ក្បត់​ប្រយោជន៍​ជាតិ ថា​អ្នក​ស្នេហា​ជាតិ៕

© 2025, . All rights reserved.