លោក ហ៊ុន ម៉ាណែត (រូប​ឆ្វេង) នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មេសា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត សន្យា​ថា​នឹង​កំណត់​គោលដៅ​បង្កើន​ការងារ​ឱ្យ​ពលរដ្ឋ​ក្រោម​ម្លប់​សន្តិភាព

By ឌឹ ខេមបូឌា ដេលី

May 02, 2025

ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ភាព​ស្រុត​ចុះ​ខាង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ពលរដ្ឋ​ខ្មែរ​បាត់បង់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​រិះគន់​គោលការណ៍​នយោបាយ​ជាតិ​មិន​បាន មិន​អាច​គេច​ផុត​ពី​ការ​តាម​ចាប់​ពលរដ្ឋ​ដាក់​គុក សាធារណជន​ខ្មែរ​ឧស្សាហ៍​ឮ​តែ​ពាក្យពេចន៍​ផ្គាប់ផ្គុន​លើក​បញ្ជោរ​ទៅវិញ​ទៅមក​រវាង​កូន និង​ឪពុក កូន​សរសើរ​គោលនយោបាយ​ដឹកនាំ​ឪពុក ឪពុក​សរសើរ​គោលនយោបាយ​យុវជន​ឈាម​ថ្មី​ដែល​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​មិន​ត្រឹម​តែ​មាន​គោលដៅ​ទាក់ទាញ​ទុន​វិនិយោគ​មក​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​មហិច្ឆតា​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជិត​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សន្តិភាព។

នេះ​ជា​អំនួត​ខុស​ការពិត​យ៉ាង​សន្ធឹកសន្ធាប់ ព្រោះ​ថា​សន្តិភាព​គេ​មិន​សំដៅ​តែ​ទៅ​លើ​អវត្តមាន​នៃ​ចម្បាំង​រាំងជល់​បង្ហូរ​ឈាម​គ្នា​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ សន្តិភាព​បែប​នេះ​ជា​សន្តិភាព​ក្នុង​គំនាប ហើយ​ពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង​ទៅ​ធ្វើការ​ស្រុក​ក្រៅ​ជិត ៣​លាន​នាក់។

លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ មេសា នេះ​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​លើក​កម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ច្បាប់​ស្ដីពី​ប្រាក់ឈ្នួល​អប្បបរមា និង​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ​រហូត​មក។

លិខិត​ដដែល​អះអាង​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​ក៏​ត្រូវ​បាន​ដោះស្រាយ និង​ប្រព្រឹត្ត​ទៅ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ដែរ ដោយសារ​ភាព​ចាស់ទុំ​នៃ​តួអង្គ​ពាក់ព័ន្ធ និង​ការ​ពង្រឹង​យន្តការ​ផ្សះផ្សា​វិវាទ​ការងារ។ ជាក់ស្តែង ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ នេះ អត្រា​សះជា​នៃ​ការ​ផ្សះផ្សា​វិវាទ​ការងារ​នៅ​កម្រិត​ក្រសួង​បាន​កើន​ឡើង​ដល់ ៨៧% ខណៈ​ឆ្នាំ​២០២៤ មាន​ត្រឹមតែ ៨៤% ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញាចិត្ត​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​គន្លឹះ​ក្នុង​កម្មវិធី​នយោបាយ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ និង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព សំដៅ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាងមុខ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ដូចជា អង្គការ​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) ជាដើម បាន​នាំគ្នា​ផ្សព្វផ្សាយ​ពាក្យស្លោក​ស្ដីពី​អត្ថប្រយោជន៍​កម្មករ​និយោជិត​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ចូលរួម​អបអរ​សាទរ​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា នេះ។

ពាក្យស្លោក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ទាំងនោះ រួម​មាន៖

ជុំវិញ​បញ្ហា​នេះ លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) បាន​លើកឡើង​ថា ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្នុង​ឆ្នាំ​២០២៥ នេះ អង្គការ​សង្គម​ស៊ីវិល​បាន​រួម​គ្នា​លើក​យក​ប្រធានបទ​មួយ គឺ «យើង​រួម​គ្នា​ក្នុង​ការ​បន្ត​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ដើម្បី​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​សង្គម»។

លោក ឃុន ថារ៉ូ លើកឡើង​ថា ការ​ជ្រើសរើស​យក​ប្រធានបទ​នេះ ដោយសារ​សង្គម​ស៊ីវិល និង​សហជីព​នានា​នៅតែ​មើល​ឃើញ​ថា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​នៅតែ​ជា​បញ្ហា​ប្រឈម ព្រោះ​កន្លង​មក សិទ្ធិ​សេរីភាព​សហជីព​ក្នុង​ការ​ជំរុញ​ឱ្យ​កម្មករ​និយោជិត​ចូលរួម​ក្នុង​អង្គការ​វិជ្ជាជីវៈ​ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ក្នុង​ការ​ចងក្រង​ដើម្បី​មាន​លទ្ធភាព​ចូលរួម​ជំរុញ​គោលនយោបាយ​ផ្សេង ដូចជា សិទ្ធិ​ការងារ និង​ប្រាក់ឈ្នួល ជាដើម នៅតែ​ជា​ឧបសគ្គ​ចម្បង​នៅឡើយ៕

© 2025, . All rights reserved.