ដំណើរការចរចាដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក្រោមផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងធ្លាក់ក្នុងស្ថានភាពជាប់គាំង ព្រោះភាគីទាំងពីរមិនបានគោរពសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិកនោះទេ។
ទន្ទឹមនឹងនេះ វិមានក្រឹមឡាំង បានប្រកាសព័ត៌មានថាការបញ្ចប់សង្គ្រាម គឺអាស្រ័យលើអ៊ុយក្រែន មិនអាស្រ័យលើសហរដ្ឋអាមេរិកទេ។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TSS នៅប្រទេសរុស្ស៊ី នៅថ្ងៃពុធ ទី៣០ មេសា នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Dmitry Peskov បន្តរំលឹកពីគោលបំណងរបស់រុស្ស៊ី ដែលត្រូវទទួលបានតាមរយៈការចរចាក្រោមហេតុផលដែលក្រុងមូស្គូ សម្រេចលើកទ័ពធ្វើសង្គ្រាមវាយចូលប្រទេសអ៊ុយក្រែន។ លោកបានហៅដំណើរការចរចាដើម្បីបញ្ចប់សង្គ្រាម កំពុងតែស្ថិតលើវិថីដ៏លំបាក និងស្មុគស្មាញខ្លាំង ដែលលោក Dmitry Peskov ថាពេលខ្លះរដ្ឋការលោក ត្រាំ ថារុស្ស៊ី មានចិត្តចង់ចរចាជាងអ៊ុយក្រែន ពេលខ្លះបែរជាវាយប្រហាររុស្ស៊ី។
តែយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង រូបនេះ នៅតែនិយាយថា ក្រុងមូស្គូ បើកចំហការចរចានយោបាយ និងការទូតដើម្បីរកដំណោះស្រាយដល់សង្គ្រាមដែលពិភពលោកថារុស្ស៊ី ជាអ្នកផ្តើមនោះ។
កាលពីថ្ងៃទី២៨ មេសា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចេញបទបញ្ជាទៅកាន់ក្រសួងការពារជាតិ និងឧត្ដមសេនីយ៍របស់លោក ឱ្យផ្អាកសង្គ្រាមរយៈពេលបីថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ឧសភា ជាទិវាដែលទីក្រុងមូស្គូ រំលឹកខួបជ័យជម្នះលើកងទ័ពហ៊ីត្លែរ-អាល្លឺម៉ង់ ដែលនាំទៅរកការបញ្ចប់សង្គ្រាមលោកលើកទី២។
ប៉ុន្តែមកដល់ពេលនេះ ប្រទេសអ៊ុយក្រែន មិនបានផ្ដល់ចម្លើយណាមួយទៅរុស្ស៊ី នោះទេ ហើយថែមទាំងនិយាយថា អ៊ុយក្រែន ចង់ផ្អាកសង្គ្រាមចាប់ពីម៉ោងនេះតទៅ គឺជាការឈប់ច្បាំងគ្នាជាអចិន្ត្រៃយ៍នៅលើសមរភូមិ ហើយប្រកាសកិច្ចព្រមព្រៀងសន្តិភាព។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី ពូទីន បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីចាប់ផ្តើមដំណើរការចរចាជាមួយនឹងអ៊ុយក្រែន។
លោកបានបន្ថែមថា វាពិបាកយល់ណាស់ថាតើអ៊ុយក្រែន មានបំណងចូលរួមបទឈប់បាញ់រយៈពេល ៣ថ្ងៃ ដែលលោក ពូទីន បានប្រកាសឱ្យមានបទឈប់បាញ់ ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជម្នះនៃការបិទបញ្ចប់សង្គ្រាមលោកលើកទីពីរដែរឬទេ។
ជាការឆ្លើយតបទៅនឹងការប្រកាសបទឈប់បាញ់នោះ ភាគីអ៊ុយក្រែន បានចោទសួរថា ហេតុអ្វីបានជាទីក្រុងមូស្គូ មិនយល់ព្រមតាមការអំពាវនាវរបស់ខ្លួនឲ្យមានបទឈប់បាញ់រយៈពេលយ៉ាងតិច ៣០ថ្ងៃ ហើយចាប់ផ្តើមភ្លាមៗ ឬបទឈប់បាញ់ជាអចិន្ត្រៃយ៍។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងដោយចំអកថា អ៊ុយក្រែនឲ្យតម្លៃជីវិតមនុស្ស តែមិនឱ្យតម្លៃទៅលើព្យុហយាត្រាយោធានោះទេ។
លោក ហ្សេឡេនស្គី ក៏បានអំពាវនាវរកទីបញ្ចប់មួយដែលមានយុត្តិធម៌ក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ី ដោយមិនផ្តល់នូវអ្វីដែលលោកហៅថា «រង្វាន់» សម្រាប់លោក វ្ល៉ាឌីមៀ ពូទីន នោះទេ។
ក្នុងកិច្ចប្រជុំមួយដែលរៀបចំដោយប្រទេសប៉ូឡូញ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា៖ «យើងគ្រប់គ្នាចង់ឱ្យសង្គ្រាមនេះបញ្ចប់ទៅក្នុងកាលៈទេសៈមួយដែលមានយុត្តិធម៌ គឺមិនត្រូវផ្តល់រង្វាន់អ្វីទាំងអស់សម្រាប់លោក ពូទីន ជាពិសេសគឺទឹកដីរបស់អ៊ុយក្រែន មិនត្រូវក្លាយជារង្វាន់សម្រាប់អ្នកឈ្លានពាននោះទេ។»
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿថាលោក ហ្សេឡេនស្គី ប្រហែលជាព្រមលះបង់គ្រីមៀរ ដើម្បីសន្តិភាព នៅខណៈរុស្ស៊ី នៅតែបន្តទាមទាររក្សាការកាន់កាប់នៅលើទឹកដីនៅភាគខាងត្បូង និងខាងកើតអ៊ុយក្រែន ដែលកងកម្លាំងរបស់ខ្លួនបានកាន់កាប់ និងកំពុងតែកាន់កាប់នោះ។ សព្វថ្ងៃនេះ រុស្ស៊ីកំពុងគ្រប់គ្រងផ្ទៃដីប្រហែល ២០ភាគរយនៃទឹកដីប្រទេសអ៊ុយក្រែន សរុបទំហំជាង ៦0ម៉ឺនគីឡូម៉ែត្រក្រឡា ដោយរាប់ទាំងជ្រោយគ្រីមៀរ ផង។
ដំណាលពេលគ្នានេះ រដ្ឋការក្រុងមូស្គូ បានប្រកាសជាសាធារណៈថា រុស្ស៊ីនឹងបែរទៅអនុវត្តគោលការណ៍នយោបាយដូចអតីតសហភាពសូវៀត វិញ។ ក្នុងឆ្នាំ១៩៨៦ ពលរដ្ឋក្នុងសហភាពសូវៀត ឈរតកន្ទុយគ្នាចាំទទួលនំប៉័ង និងស្រោមជើងរដ្ឋចែកចាយឲ្យ។ រដ្ឋនឹងបិទទំនិញថោកៗនាំចូលពីក្រៅដែលគេចពន្ធ ដោយអះអាងថា វិធីហ្នឹងនឹងជួយដល់ផលិតករក្នុងស្រុករក្សាគុណភាព និងតម្លៃផលិតផលរុស្ស៊ី។
តាមការផ្សាយក្នុងកាសែត មូស្គូ ថែមស៍ កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងចែកចាយផលិតផលជំនួសរបស់គេចពន្ធដល់ពលរដ្ឋរុស្ស៊ី វិញក្នុងខែឧសភា ក្រោយនេះ ពីព្រោះថាវត្ថុនាំចូលគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិផលិតផល។
ក្រោយបើកសមរភូមិសង្គ្រាមឈ្លានពានពីប្រទេសរុស្ស៊ី ក្រុងមូស្គូ ទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចិមប្រទេស ហើយរស់អាស្រ័យដោយការនាំទំនិញថោកៗពីប្រទេសចិន និងប្រទេសយៀកណាម ឬការដោះដូរទំនិញដោយគេចទណ្ឌកម្មលោកខាងលិច៕
© 2025, . All rights reserved.