សមាជិកព្រឹទ្ធសភាអាមេរិកាំង ទម្លាយថា សហរដ្ឋអាមេរិកអាចនឹងពិនិត្យសើរើប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ ជាមួយនឹងអត្រាពន្ធគយ ៤៩% លើប្រទេសកម្ពុជា ដោយផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយពីសំណាក់រាជរដ្ឋាភិបាលខ្មែរ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់នៃគណៈកម្មាធិការចាត់តាំងព្រឹទ្ធសភាប្រតិបត្តិការបរទេស បានទម្លាយប្រាប់លោកដោយមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកមិនត្រឹមតែពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធ GSP អត្រាពន្ធគយ ៤៩% និងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្សរបស់កម្ពុជាទេ សូម្បីករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏អាចនឹងត្រូវពិនិត្យឡើងវិញដែរ។
ប្រទេសកម្ពុជាបានសម្រេចប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ចាប់តាំងពីឆ្នាំ១៩៩១ ដែលចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនៅឆ្នាំ១៩៩៣ ដែលគិតមកទល់នឹងពេលនេះ គឺមានរយៈពេលជាង ៣០ឆ្នាំហើយ។
ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មក កម្ពុជាបានទទួលការជ្រោមជ្រែងតាមរយៈជំនួយផ្សេងៗពីសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាបានប្រសើរឡើងនូវសេដ្ឋកិច្ច សង្គមកិច្ច និងលទ្ធិប្រជាធិបតេយ្យ ជាដើម លើវិស័យផ្សេងៗ ដូចជា វិស័យកសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខស្បៀង សុខភាពសាធារណៈ និងវិស័យអប់រំផងដែរ។
ជំនួយអាមេរិកាំងមកប្រទេសកម្ពុជា ភាគច្រើនលើសលប់ជាជំនួយសម្រាប់សុខុមាលភាពពលរដ្ឋខ្មែរ គឺជំនួយមនុស្សធម៌ សង្គមកិច្ច រីឯខាងសេដ្ឋកិច្ចវិញ គឺជួយតាមរយៈមិនយកពន្ធ ឬបញ្ចុះពន្ធនាំចូលផលិតផលពីប្រទេសកម្ពុជា ដើម្បីឲ្យស្រុកខ្មែរបានចំណូលយកទៅស្ថាបនា អភិវឌ្ឍប្រទេសជាតិ ដោយមិនបាច់សុំជំនួយ ឬខ្ចីបុលបរទេសច្រើនហួសប្រមាណ។
ក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាតាមរយៈទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មានទំហំទឹកប្រាក់ប្រមាណជា ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយឡែកក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុងវ៉ាស៊ីនតុន ក៏បានផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណជា ៥៥លានដុល្លារបន្ថែមទៀតដែរ។ ថ្មីៗនេះ ជំនួយប្រមាណ ៧លានដុល្លារសម្រាប់អ្នកកាសែតឯករាជ្យ ក៏ត្រូវរដ្ឋការលោក ដូណាល់ ត្រាំ លុបចោលថែមទៀត។
ក្រៅពីជំនួយជាថវិកាសម្រាប់ជួយលើវិស័យនានានៅកម្ពុជា អាមេរិកក៏បានផ្តល់ជំនួយដល់កម្ពុជាតាមរយៈនៃការផ្តល់ទីផ្សារនាំចេញយ៉ាងធំធេងថែមទៀត ដែលកម្ពុជាអាចនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិករហូតដល់ប្រមាណជាង ១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាផងដែរ ដើម្បីចូលរួមកសាងកម្ពុជាឡើងវិញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រូវបានអាមេរិកផ្តល់ឱ្យកម្ពុជាតាំងពីអំឡុងឆ្នាំ១៩៩៧ មកម្ល៉េះ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធមួយនេះត្រូវបានអាមេរិកសម្រេចចិត្តព្យួរទុកវិញអស់រយៈពេល ៥ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ២០២០ មក បន្ទាប់ពីកម្ពុជាធ្វើឱ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងនោះក៏រាប់បញ្ចូលទាំងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផងដែរ។
ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាមិនអាចធានាបាននូវការអនុវត្តសិទ្ធិពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិកមិនត្រឹមតែព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP នោះទេ រដ្ឋការថ្មីក៏បានសម្រេចដំឡើងពន្ធគយលើទំនិញនាំចូលពីប្រទេសកម្ពុជារហូតដល់ ៤៩% ថែមទៀត។
ការដំឡើងពន្ធគយ ៤៩% នៅពេលនេះ ដោយសារអាមេរិកសម្គាល់ឃើញថា កម្ពុជាបានបោះបង់ប្រជាធិបតេយ្យងាកទៅកុម្មុយនីស្ត ជាពិសេសការដាក់ខ្លួនបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយឱ្យមហាអំណាចកុម្មុយនីស្តចិន ដោយការកេងប្រវ័ញ្ចផលប្រយោជន៍ពីអាមេរិកជាច្រើនឆ្នាំកន្លងមកនេះ។
ទោះជាយ៉ាងនេះក្តី ប្រមុខដឹកនាំរាជរដ្ឋាភិបាលខ្មែរមានលោក ហ៊ុន សែន ជាដើម តែងតែនិយាយថា បើមហាអំណាចសហរដ្ឋអាមេរិកផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ឬដំឡើងពន្ធនាំចូលលើទំនិញពីប្រទេសកម្ពុជា វាមិនងាប់លោកទេ គឺវាងាប់ប្រជាពលរដ្ឋខ្មែរ។ នេះមានន័យថា លោក ហ៊ុន សែន យកពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំង ដោយតម្រូវឲ្យសហរដ្ឋអាមេរិកធ្វើតាមលោកវិញ ហើយចំពោះលោក លោកមិនបាច់ធ្វើតាមសំណើមហាអំណាចនោះឡើយ។ លោកសង្ឃឹមថារដ្ឋការអាមេរិកាំងនឹងមានចិត្តអាណិតអាសូរពលរដ្ឋខ្មែរ ដោយមិនខ្វល់នឹងអំពើ និងទង្វើរំលោភសិទ្ធិសេរីភាពមនុស្សខ្លាំងក្លានោះឡើយ៕
© 2025, . All rights reserved.