រោងចក្រ​កាត់ដេរ​នៅ​ក្រុង​ភ្នំពេញ ឈ្មោះ យ៉ាស៊ីលី ហ្គាម៉ិន ខេមបូឌីយ៉ា លីមីធិត (YASHILI GARMENT, CAMBODIA, LTD.)

ព័ត៌មានជាតិ

ក្រុមហ៊ុន​អាមេរិកាំង​ម៉ៅ​ទិញ​ផលិតផល​ស្រុក​ខ្មែរ​មាន​ការ​ចោទ​ថា​មិន​គិត​អំពី​ការ​រំលោភ​សិទ្ធិ​កម្មករ

By ឌឹ ខេមបូឌា ដេលី

May 02, 2025

ក្នុង​ទិវា​បុណ្យ​ពលករ​អន្តរជាតិ ១​ឧសភា មាន​សេចក្តី​រាយការណ៍​ក្នុង​សារព័ត៌មាន ProPublica ថា កម្មករ​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​ក្រុង​ភ្នំពេញ ឈ្មោះ យ៉ាស៊ីលី ហ្គាម៉ិន ខេមបូឌីយ៉ា លីមីធិត (YASHILI GARMENT, CAMBODIA, LTD.) និង​រោងចក្រ វ៉ាយ និង ដឹបប៊លយូ (Y&W Garment Factory) ដែល​ផលិត​គ្រឿង​សម្លៀកបំពាក់​សម្រាប់​មនុស្ស​ប្រើប្រាស់ ជាពិសេស​មួក​សម្រាប់​កូនង៉ែត ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង ណៃគី (Nike) មិន​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ដែល​ថា​នឹង​បំបាត់​មិន​ឲ្យ​មាន​ការ​រំលោភសិទ្ធិ​កម្មករ​ខ្មែរ​ក្នុង​រោងចក្រ​ថៅកែ​ចិន នោះ​ទេ។

ក្នុង​អត្ថបទ​ពិពណ៌នា​អំពី​ស្ថានភាព​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​នោះ គេ​សរសេរ​ថា នៅ​ក្រុង​ភ្នំពេញ​នា​រដូវប្រាំង សីតុណ្ហភាព​ក្តៅ​អាច​ឡើង​ដល់ ១០០​អង្សា​ហ្វារ៉ិនហាយត៍ (100ºF) ឬ​ជិត ៤០​អង្សាសេ។ គេ​សង្កេត​ឃើញ​កម្មករ​យ៉ាងតិច​ពី ១០ ទៅ ១៥​នាក់​ដួល​សន្លប់​ពេល​កំពុង​ធ្វើការ ហើយ​ត្រូវ​ឡានពេទ្យ​ដឹក​យក​ទៅ​គិលានដ្ឋាន​ព្យាបាល​ក្នុង​មួយ​ខែៗ។

កម្មករ​ម្នាក់​ពី​រោងចក្រ Y&W ក្នុង​ចំណោម​កម្មករ-កម្មការិនី ៤៥០០​នាក់ ប្រាប់​កាសែត​ថា រោងចក្រ​កាត់ដេរ និង​វេច​ខ្ចប់​ដាក់​ប្រអប់ ពុំ​មាន​ម៉ាស៊ីន​ត្រជាក់​ទេ ប្រើ​កង្ហារ ហើយ​ជួនកាល​កង្ហារ​គាំង អត់​វិល ដែល​បង្ក​ឲ្យ​ក្តៅ​នៅ​ខាង​ក្នុង​ជាង​ខាង​ក្រៅ​ស្ទើរតែ​ទ្រាំ​មិន​បាន។

កម្មករ​ខ្លះ​ទៀត​ពោល​ថា គ្រាន់តែ​ធ្វើការ ៨​ម៉ោង ញើស​ហូរ​ជោក​ខ្លួន ស្រក់​ដូច​ងូត​ទឹក ចុះ​ទម្រាំ​អ្នក​ខ្លះ​ធ្វើការ ១០, ១២, ១៤​ម៉ោង តើ​ក្តៅ​យ៉ាងណា?

ពេល​កាសែត​សាកសួរ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ណៃគី លោក John Donahoe ដែល​មាន​ទីចាត់ការ​ធំ​នៅ​តំបន់ Bay Area ក្បែរ​ក្រុង San Francisco រដ្ឋ​កាលីហ្វ័រនីញ៉ា និង​សាខា​នៅ​រដ្ឋ​អ៊រេហ្គឹន (Oregon) ហើយ​ចែកចាយ​ទៅ​ក្រុមហ៊ុន Haddad នៅ​បុរី​ញីវយ៉ក សហរដ្ឋ​អាមេរិក ឆ្លើយ​ថា កម្មករ​ទាំងអស់​នោះ​បាន​ប្រាក់ខែ​កម្រិត​អប្បបរមា​ដល់​ទៅ​ពីរ​ដង​នៅ​រោងចក្រ​ក្រុមហ៊ុន​ទទួល​ទិញ​ទំនិញ។

អ្នកកាសែត​រក​ឃើញ​ថា ប្រាក់ខែ​ដែល​លោក John Donahoe ថា​បាន​ខ្ពស់​ដល់​ទៅ​ពីរ​ដង​នោះ គឺ​បាន​តែ​ប្រហែល ១% ប៉ុណ្ណោះ។

គេ​សួរ​ថា ក្នុង​ករណី​ប្រៀប​បាន​នឹង​មុខរបរ​ភ្ជួរស្រែ​លើ​ខ្នង​រាស្ត្រ​ខ្មែរ​ដូច្នោះ តើ​មន្ត្រី​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ការងារ សហជីព​ការងារ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ពលករ​ខ្មែរ មើល​ឃើញ ដឹង​ឮ​ដែរ ឬ​ក៏​សម្ងំ​បិទ​ភ្នែក​ទាំងអស់​គ្នា​ដើម្បី​សេចក្តី​សុខ​រៀង​ខ្លួន?៕

© 2025, . All rights reserved.