លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូប​ឆ្វេង) ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារព័ត៌មាន​លើក​ទី​៧ នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត អួត​ថា​លម្ហ​សេរីភាព​សារព័ត៌មាន​កាន់តែ​ល្អ ខណៈ​អង្គការ​អន្តរជាតិ​ថា​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន

By ឌឹ ខេមបូឌា ដេលី

May 03, 2025

លោក ហ៊ុន ម៉ាណែត អួត​អំពី​លម្ហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៥ ថា​កាន់តែ​មាន​សណ្ដាប់ធ្នាប់ ខណៈ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders (RSF) បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​កម្ពុជា​លេខ ១៦១ សម្រាប់​ឆ្នាំ​២០២៥ នេះ។

លោក ហ៊ុន ម៉ាណែត ចេញ​លិខិត​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា កាលពី​ថ្ងៃទី​១ ឧសភា ថា កម្ពុជា​បាន​ចាត់ទុក​សារព័ត៌មាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ ពង្រឹង​ចំណេះដឹង​ពលរដ្ឋ និង​រួម​ចំណែក​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​តម្លាភាព​សង្គម​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​លើក​កម្ពស់​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​លើក​កម្ពស់​សិទ្ធិ និង​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​រាជរដ្ឋាភិបាល​ទៅ​កាន់​ពលរដ្ឋ និង​នាំ​យក​ព័ត៌មាន​ពី​ពលរដ្ឋ​មក​រាជរដ្ឋាភិបាល​វិញ។

កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា ដើម្បី​ពង្រឹង​តួនាទី​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​សកម្ម និង​ប្រកប​ដោយ​គុណភាព ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ការពិត​ក្នុង​សង្គម អ្នក​សារព័ត៌មាន​ត្រូវ​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ត្រូវ​លុបបំបាត់​ជន​ឱកាស​និយម​ដែល​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ឱ្យ​បាន​ដាច់ខាត។

ចំណែក​ក្រសួង​ព័ត៌មាន បាន​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី «ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឆ្នាំ​២០២៥» ដោយ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ស្ទង់មតិ​សរុប​ចំនួន ៤៦៧​នាក់ តំណាង​អ្នក​សារព័ត៌មាន​ទូទាំង​ប្រទេស ចំនួន ៨១,៤% ដែល​ត្រូវ​បាន​សម្ភាស និយាយ​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ។

ការ​អះអាង​នេះ ធ្វើឡើង​ផ្ទុយ​ពី​ការ​មើល​ឃើញ​របស់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នានា​ដែល​គេ​ចាត់ទុក​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​រលាយ​បាត់​ទៅ​ហើយ​នោះ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders (RSF) បាន​ចេញ​ផ្សាយ​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០២៥ នៅ​ថ្ងៃទី​២ ខែ​ឧសភា នេះ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៦១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧៨ នៅ​លើ​ពិភពលោក។ ចំណាត់ថ្នាក់​នេះ បង្ហាញ​ថា កម្ពុជា​បាន​ធ្លាក់​ចុះ​នូវ​សេរីភាព​ចំនួន ១០​លេខ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥១។

របាយការណ៍​ដដែល​បង្ហាញ​ថា ថៃ ជាប់​លេខ​៨៥ ម៉ាឡេស៊ី ជាប់​លេខ​៨៨ ហ្វីលីពីន ជាប់​លេខ​១១៦ សិង្ហបុរី ជាប់​លេខ​១២៣ ឥណ្ឌូនេស៊ី ជាប់​លេខ​១២៧ ឡាវ ជាប់​លេខ​១៥០ វៀតណាម ជាប់​លេខ​១៧៣ និង​ភូមា ជាប់​លេខ​១៦៩៕

© 2025, . All rights reserved.