អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ការបិទច្រកទ្វារអានសេះ ពីសំណាក់ភាគីថៃ ដោយឯកតោភាគី គឺបង្ហាញយ៉ាងច្បាស់ពីកម្សោយនៃការដឹកនាំនយោបាយត្រកូលហ៊ុន ដែលយកចិត្តត្រកូល ស៊ីណាវ៉ាត់ ជួយការពារអំណាចខ្លួនឯង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ឧសភា នេះថា ភស្តុតាងជាក់ស្តែងដែលថាត្រកូលហ៊ុនយកចិត្តត្រកូលស៊ីណាវ៉ាត់ គឺនៅត្រង់ថា ពេលដែលអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនហ៊ានលើកយកបញ្ហាព្រំដែនរវាងប្រទេសទាំងពីរមកជជែកគ្នាទេ។
លោកបន្ថែមថា បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហាកោះគុត រួមទាំងករណីឃាតកម្មលើតំណាងរាស្ត្រខ្មែរ លោក លិម គិមយ៉ា ក៏មិនត្រូវបានឪពុកកូនទាំងពីរនេះលើកយកទៅពិភាក្សាគ្នាដែរ។
លោក ម៉ែន ណាត លើកឡើងថា ការមិនលើកបញ្ហាទាំងនេះមកពិភាក្សា ទំនងជាត្រកូលហ៊ុនមានចេតនាបញ្ចៀសបញ្ហាកុំឱ្យត្រកូលស៊ីណាវ៉ាត់ រងនូវការរិះគន់ពីក្រុមអ្នកនយោបាយថៃ អំពីបញ្ហាទឹកដីជាមួយកម្ពុជា ដើម្បីឱ្យវង្សត្រកូលមហាសេដ្ឋីថៃ មួយនេះ អាចដឹកនាំប្រទេសបន្តទៀត។
លោកបន្ថែមថា បើវង្សត្រកូលមួយនេះអាចដឹកនាំប្រទេសបានកាន់តែយូរ នោះពួកគេក៏អាចសហការគ្នាបន្តអំណាចនៃត្រកូលទាំងពីរបានកាន់តែរឹងមាំដែរ ខណៈក្រុមអ្នកនយោបាយខ្មែរដែលរត់គេចខ្លួនទៅជ្រកកោនក្នុងទឹកដីថៃ ក៏នឹងត្រូវកម្ចាត់ចោលផងដែរក្រោមការសហការគ្នានៃត្រកូលទាំងពីរនេះ។
កាលពីថ្ងៃទី១ ខែឧសភា កងកម្លាំងប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅព្រឹកថ្ងៃទី១ ខែឧសភា កងកម្លាំងសុរៈណាវីថៃ ប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា នៃទឹកដីថៃ បានបិទច្រកទ្វារព្រំដែនអានសេះ ដែលស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគី។
ប្រភពដដែលលើកឡើងថា ច្រកទ្វារព្រំដែនអានសេះ បើកដំណើរការដោះដូរទំនិញរយៈពេល ២ថ្ងៃក្នុង ១សប្តាហ៍ គឺនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ដោយមានការផ្លាស់ប្ដូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ ក្នុងនោះ ពលរដ្ឋកម្ពុជានាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឲ្យភាគីថៃ ដូចជា ចុងផ្ដៅ ផ្សិត ផ្លែស្វាយ និងផ្លែល្ពៅ ជាដើម ចំណែកភាគីថៃ មានលក់របស់របរ ដូចជា ទឹកសុទ្ធ ដូង មាន់ និងអីវ៉ាន់ចាប់ហួយមួយចំនួនទៀតផងដែរ។
ក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម ទាហានថៃ អះអាងថា ការបិទច្រកទ្វារព្រំដែននេះដោយសារតែប្រទេសទាំងពីរកំពុងមានទំនាស់ជាមួយគ្នានៅតាមបន្ទាត់ព្រំដែនផ្សេងទៀត ដូច្នេះទើបពួកគេសម្រេចបិទច្រកទ្វារអន្តរជាតិនេះតែម្តង៕
© 2025, . All rights reserved.