(ពី​ឆ្វេង) អតីត​អ្នកឧកញ៉ា ហេង សិទ្ធី លោក ហ៊ុន សែន និង​លោក គួច ចំរើន

សេចក្ដីរាយការណ៍ពិសេស

មេធាវី៖ ការ​ចាប់​ខ្លួន​លោក ហេង សិទ្ធី ដោយសារ​ដឹង​អំពី​ផែនការ​បង្កើត​បក្ស​នយោបាយ​ប្រឆាំង​ត្រកូល​ហ៊ុន

By ឌឹ ខេមបូឌា ដេលី

May 04, 2025

អត្ថបទដោយ តាំង សារ៉ាដា

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​វាយប្រហារ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង​អំពើពុករលួយ រកស៊ី​ជាមួយ​ឧក្រិដ្ឋជន បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​ការ​ជួញដូរ​មនុស្ស​តាម​អនឡាញ​នោះ បាន​អះអាង​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ថា គណបក្ស​កាន់​អំណាច​ខ្លាច​លោក​កៀងគរ​យុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​មហាអំណាច​ធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និង​ចិន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​នៅ​កម្ពុជា។

(ពី​ឆ្វេង) អតីត​អ្នកឧកញ៉ា ហេង សិទ្ធី លោក ហ៊ុន សែន និង​លោក គួច ចំរើន

មេធាវី​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា គណបក្ស​កាន់​អំណាច​ស្នើសុំ​ឲ្យ​រុស្ស៊ី ចាប់​កូនក្ដី​របស់​ខ្លួន ដោយសារតែ​បាន​ដឹង​ពី​ផែនការ​បង្កើត​បក្ស​នយោបាយ​មួយ​ក្នុង​ឆ្នាំ​២០២៥ ដោយ​បង្កើត​គោលនយោបាយ​យក​គំរូ​តាម​ប្រទេស​មហាអំណាច​ធំៗ​មួយ​ចំនួន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​ត្រកូល​ហ៊ុន។

អ្នកស្រី Daria Rudenko មេធាវី​អន្តរជាតិ​ការពារ​ក្តី​ឱ្យ​លោក ហេង សិទ្ធី បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា មូលហេតុ​ដែល​កូនក្ដី​របស់​អ្នកស្រី​ចង់​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​កៀងគរ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ចូលរួម​ចលនា​នយោបាយ​ជាមួយ​លោក ហេង សិទ្ធី ដោយសារតែ​បច្ចុប្បន្ន បក្ស​នយោបាយ​នៅ​កម្ពុជា​គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​មួយ​តែប៉ុណ្ណោះ។

មេធាវី​ដដែល​បាន​អះអាង​ថា គណបក្ស​ថ្មី​ដែល​លោក ហេង សិទ្ធី គ្រោង​បង្កើត នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​អាច​ផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ កាត់បន្ថយ​អំពើពុករលួយ និង​លុប​បំបាត់​បទឧក្រិដ្ឋ​នានា​នៅ​ក្នុង​ប្រទេស។

អ្នកស្រី Daria Rudenko អះអាង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ដឹង​អំពី​ផែនការ​បង្កើត​គណបក្ស​នយោបាយ​របស់​លោក ហេង សិទ្ធិ ដោយសារ​ពួកគេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​ចាប់​សំឡេង។

អ្នកស្រី​មេធាវី Daria Rudenko បាន​អះអាង​ថា នៅ​ពេលនេះ ក្រុម​មេធាវី​កំពុង​ធ្វើការ​លើ​ករណី​នេះ​ដោយ​យកចិត្ត​ទុកដាក់​បំផុត ហើយ​ក្រុម​មេធាវី​បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ដែល​នឹង​ត្រូវ​ពិចារណា​ដោយ​តុលាការ​ក្នុង​ទីក្រុង St. Petersburg។ អ្នកស្រី​បញ្ជាក់​ថា ក្រុម​មេធាវី​កំពុង​ខិតខំ​ពុះពារ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​បញ្ជូន​លោក ហេង សិទ្ធី មក​កាន់​ប្រទេស​កម្ពុជា ដោយសារតែ​វា​ជា​រឿង​នយោបាយ។

អ្នកស្រី​មេធាវី​រូប​នេះ​អះអាង​ថា សេចក្តី​ជូនដំណឹង​និវេទ​ក្រហម​របស់​ប៉ូលិស​អន្តរជាតិ INTERPOL ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​នាំ​គាត់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ខណៈ​ដែល​លោក ហេង សិទ្ធី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារ​សកម្មភាព​នយោបាយ​របស់​គាត់ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ចោទប្រកាន់​ទៅ​លើ​អាជ្ញាធរ​កម្ពុជា​បច្ចុប្បន្ន ទាក់ទង​ទៅ​នឹង​ការ​ជួញដូរ​មនុស្ស ការ​បើក​ល្បែង​អនឡាញ ការ​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ឧក្រិដ្ឋកម្ម​ជាច្រើន​ទៀត។

អ្នកស្រី Daria Rudenko អះអាង​ថា ហេតុផល​ដែល​អាច​នាំ​ឱ្យ​កូនក្ដី​របស់​ខ្លួន​ស្នាក់នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​ស្រប​ច្បាប់ ពីព្រោះ​លោក ហេង សិទ្ធី មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងឡាយ​ណា​លើ​ទឹកដី​រុស្ស៊ី ឬ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ។

មាត្រា​៣ នៃ​សន្ធិសញ្ញា​គំរូ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ធ្វើ​បត្យាប័ន បាន​ចែង​ថា ការ​ធ្វើ​បត្យាប័ន ឬ​ការ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ មិន​ត្រូវ​បាន​អនុញ្ញាត ប្រសិនបើ​បុគ្គល​ដែល​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ធ្វើ​បត្យាប័ន​អាច​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម ហើយ​ការ​ធ្វើ​បត្យាប័ន​អាច​នឹង​ត្រូវ​បាន​បដិសេធ ប្រសិនបើ​រដ្ឋ​ដែល​ត្រូវ​បាន​ស្នើសុំ ចាត់ទុក​ថា​បទល្មើស​ដែល​ត្រូវ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​បត្យាប័ន មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​យោធា។ រដ្ឋ​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​បត្យាប័ន ត្រូវ​បដិសេធ​សំណើ​សុំ​ធ្វើ​បត្យាប័ន ប្រសិនបើ​រដ្ឋ​ដែល​ធ្វើការ​ស្នើសុំ​មាន​ការ​កាត់ទោស​ប្រហារ​ជីវិត​ចំពោះ​បទល្មើស។ ម្យ៉ាង​ទៀត ការ​ធ្វើ​បត្យាប័ន​ទៅ​បាន លុះត្រាតែ​មាន​ការ​ធានា​ថា​នឹង​មិន​មាន​ការ​អនុវត្ត​ការ​កាត់ទោស​ប្រហារ​ជីវិត។ ក្នុង​ករណី​បែប​នេះ សេចក្ដី​សម្រេច​ថា​មិន​ធ្វើ​បត្យាប័ន គឺ​មាន​លក្ខណៈ​ស្រប​ច្បាប់។

បត្យាប័ន គឺជា​នីតិវិធី​នៃ​ការ​បញ្ជូន​ខ្លួន​ជនល្មើស​ច្បាប់​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទៀត ដែល​បាន​ធ្វើ​សំណើ​សុំ​ដើម្បី​យក​ជនល្មើស​នោះ​ទៅ​ធ្វើការ​ចោទប្រកាន់​ចំពោះ​មុខ​យុត្តាធិការ​របស់​ខ្លួន ឬ​យក​ជនល្មើស​នោះ​ទៅ​អនុវត្ត​ទោស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ការ​ធ្វើ​បត្យាប័ន​នេះ គឺ​អាច​អនុវត្ត​ទៅ​បាន លុះត្រាតែ​ប្រទេស​ស្នើសុំ និង​ប្រទេស​ទទួល មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​រវាង​គ្នា និង​គ្នា។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយក​ក្រុមហ៊ុន Maritime Group

កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​ប្រទេស​ចំនួន​៦ រួច​មក​ហើយ គឺ​ជាមួយ៖

បន្ថែម​ពី​លើ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​នេះ កម្ពុជា​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ទណ្ឌិត​ជាមួយ​ប្រទេស​២ ទៀត​ដែរ គឺ​ជាមួយ៖

បើ​យោង​តាម​ឯកសារ​ជាច្រើន​សន្លឹក​របស់​លោក ហេង សិទ្ធី ដែល​ផ្ញើ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី មក​កាន់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​សរសេរ​ថា លោក​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ម៉ោង ១៤:៤៥​នាទី ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ នៅ​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​នៃ​ទីក្រុង “សេនភីតធឺបឺក” ប្រទេស​រុស្ស៊ី ក្រោម​ការ​ស្នើសុំ​ពី​ស្ថាប័ន​ធំៗ​ចំនួន​បួន គឺ​រដ្ឋាភិបាល​កម្ពុជា ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​ការបរទេស រួម​ទាំង​ប៉ូលិស​អន្តរជាតិ Interpol មួយ​ទៀត​ផង​ដែរ។

(ពី​ឆ្វេង) អតីត​អ្នកឧកញ៉ា ហេង សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល

លោក​អះអាង​ថា ការ​ស្នើសុំ​នេះ​ធ្វើឡើង​ក្រោម​ការ​ចោទប្រកាន់​មក​លើ​រូបលោក​ពី​បទ​គំរាម​ទារ​ប្រាក់ ២​លាន​ដុល្លារ​អាមេរិក​ពី​ជនជាតិ​សិង្ហបុរី ឬ​ភាសា​អង់គ្លេស​ហៅថា “Blackmail” ហើយ​ក្រសួង​មហាផ្ទៃ បាន​ដាក់​បញ្ចូល​នៅ​ក្នុង​និវេទ​ក្រហម​របស់​អាំងទែប៉ូល ថា​ទោស​របស់​លោក​នឹង​អាច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក ហេង សិទ្ធី បាន​ធ្វើការ​ច្រានចោល​ការ​ចោទប្រកាន់​ដែល​មាន​ល្បិច និង​ចេតនា​នយោបាយ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទាំង​អយុត្តិធម៌ ពីព្រោះ​លោក​មិន​ដែល​បាន​ជំរិត​ទារ​ប្រាក់​បុគ្គល​ណា​ម្នាក់​ឡើយ លើកលែងតែ​ធ្វើការ​ទាមទារ​លុយ​ដែល​គេ​ជំពាក់ និង​លុយ​ដែល​គេ​បាន​ជំរិត​យក​ពី​លោក​តែប៉ុណ្ណោះ។

លោក ហេង សិទ្ធី អះអាង​ថា ការ​ទទូច​ស្នើសុំ​ឱ្យ​រុស្ស៊ី ចាប់​ខ្លួន​លោក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ ដោយសារ​គណបក្ស​កាន់​អំណាច​បាន​ដឹង​ពី​ផែនការ​របស់​លោក​ក្នុង​ការ​បង្កើត​បក្ស​នយោបាយ​មួយ​ក្នុង​ឆ្នាំ​២០២៥ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​និយម ការពារ​ឧក្រិដ្ឋជន និង​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង។

លោក​បន្ត​ថា ពួកគេ​បាន​ឆ្លៀត​ឱកាស​ស្នើសុំ​ឲ្យ​ចាប់​ខ្លួន​លោក​ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ន័យ​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​នានា ដូចជា​អាមេរិក ចិន រុស្ស៊ី ជប៉ុន ជាដើម។

ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី ដោយសារ​លោក​ស្រឡាញ់​គោលនយោបាយ​ដឹកនាំ​របស់​លោក វ្ល៉ាឌីមៀ ពូទីន ដែល​ជា​ប្រធានាធិបតី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​លីប៊ី ក្នុង​ឆ្នាំ​២០១១។ លោក​បន្ត​ថា លោក វ្ល៉ាឌីមៀ ពូទីន ក៏​បាន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ប្រទេស​ស៊ីរី និង​អ៊ីរ៉ង់ ផង​ដែរ។

លោក ហេង សិទ្ធី អះអាង​ថា ដោយសារតែ​ការ​ដឹកនាំ​របស់​គាត់​ធ្វើ​ឲ្យ​ពលរដ្ឋ​រុស្ស៊ី ពេញចិត្ត នៅ​ខែ​កក្កដា ឆ្នាំ​២០២០ ពលរដ្ឋ​រុស្ស៊ី បាន​បោះឆ្នោត​ប្រជាមតិ​ដែល​អនុញ្ញាត​ឱ្យ​លោក ពូទីន បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ​២០៣៦ ហើយ​លោក ពូទីន នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក៏​បាន​ប្រកាស​ថា រុស្ស៊ី​នឹង​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

លោក​អះអាង​ថា កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​លើក​កម្ពស់​យុត្តិធម៌ និង​សេរីភាព​យូរអង្វែង​នៅ​ប្រទេស​អ៊ុយក្រែន ដោយ​ថ្កោលទោស និង​ទាមទារ​រុស្ស៊ី ដក​ទ័ព​ចេញពី​ទឹកដី​អ៊ុយក្រែន ផង​ដែរ។

លោក ហេង សិទ្ធី សរសេរ​ថា ផ្ទុយ​ពី​លោក ពូទីន សម័យ​ឬ​របប​របស់​លោក ហ៊ុន សែន ស្រឡាញ់​តែ​អ្នកប្រាជ្ញ ឬ​អ្នក​ចេះ​ដឹង​ធ្វើ​ល្ងង់ ឬ​មនុស្ស​ល្ងង់​ធ្វើ​ជា​អ្នកប្រាជ្ញ បង្ហាញ​នូវ​ភក្ដីភាព​ឥត​ព្រំដែន​ក្លែងក្លាយ​មួយ ធ្វើ​ឱ្យ​អ្នក​មាន​ចំណេះដឹង​មាន​ឆន្ទៈ​ស្រឡាញ់​ជាតិ​មាតុភូមិ​ជាតិ​និយម ត្រូវ​ខ្ទាត​ចេញពី​ប្រទេស។

លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ទាមទារ​សេរីភាព ឬ​ទាមទារ​ទឹកដី​ដូច​ទាមទារ​ឲ្យ​ចាប់​ខ្លួន​លោក មិន​ដឹង​ជា​ប្រទេស​កម្ពុជា​ល្អ​យ៉ាងណា​នោះ​ទេ។ លោក​ថា ពេលនេះ​លោក​កំពុង​ជាប់​គុក​នៅ​ប្រទេស​រុស្ស៊ី ដែល​រដ្ឋាភិបាល​រុស្ស៊ី កំពុង​ការពារ និង​ធ្វើការ​ស៊ើបអង្កេត។ លោក​សូម​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ពលរដ្ឋ​ទាំងអស់ និង​គ្រប់​គណបក្ស​នយោបាយ​ជា​អនេក ដែល​បាន​បន់ស្រន់​សុំ​សេចក្តី​សុខ​ដល់​រូបលោក គឺ​លោក​សប្បាយ​ចិត្ត​គ្រប់គ្រាន់​ហើយ។

លោក ហេង សិទ្ធី ក៏​បាន​អំពាវនាវ​ឲ្យ​យុវជន​អាយុ​ចាប់ពី ១៥​ឆ្នាំ ងើប​ឡើង​ទាំងអស់​គ្នា​ជាមួយ​លោក ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ដែល​កំពុងតែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​គ្រោះថ្នាក់​បំផុត​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ។ លោក​ថា ដូច្នេះ​ត្រូវតែ​បង្កើត​ចលនា​រួម​មួយ​ដែល​មាន​ឈ្មោះ​ថា «ចលនា ១៨​លាន» ដើម្បី​បង្វែរ​ទិសដៅ​នៃ​ការ​ដឹកនាំ និង​របប​នយោបាយ​នា​ពេល​បច្ចុប្បន្ន ឲ្យ​ក្លាយ​ទៅ​ជា​របប​នយោបាយ​ប្រជាធិបតេយ្យ​បែប​សង្គម​និយម។

លោក​ថា បើ​មិន​ធ្វើ​នៅ​ពេលនេះ តើ​ចាំ​ពេល​ណា​ទៀត? ដូច្នេះ ពលរដ្ឋ​ទាំងឡាយ​ត្រូវតែ​ចាប់ផ្តើម​សាជាថ្មី​ដោយ​សាមគ្គី​រួបរួម​គ្នា​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​នយោបាយ​របស់​ប្រទេស។ លោក​បន្ត​ថា លោក​ចង់​ឲ្យ​មាន​ការ​រួបរួម​គ្នា​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​មាន​ភាព​ប្រសើរ​ឡើង។

លោក ហេង សិទ្ធី អះអាង​ថា ដរាបណា​លោក​នៅ​មាន​ដង្ហើម លោក​នឹង​ប្ដេជ្ញា​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា និយាយ​ថា នៅ​កម្ពុជា សែស្រឡាយ​មេដឹកនាំ​អាច​បញ្ជា​ប្រព័ន្ធ​តុលាការ​តាម​អំពើ​ចិត្ត​របស់​ពួកគេ ជា​ហេតុ​ធ្វើ​ឱ្យ​ពាក្យបណ្ដឹង​របស់​លោក ហេង សិទ្ធី ដាក់​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ គ្មាន​ការ​ស៊ើបអង្កេត​ទេ ហើយ​ថា​ការ​ដឹកនាំ​បែប​នេះ​កំពុង​ផ្ដល់​មហន្តរាយ​ដល់​ប្រទេស​កម្ពុជា។

លោក ស៊ឹង សែនករុណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ Khmer Democracy Organization (KDO)

លោក​ថា រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​យកចិត្ត​ទុកដាក់​នូវ​ព័ត៌មាន​ទាំងអស់​ដែល​ទទួល​បាន ដើម្បី​ធ្វើការ​ស៊ើបអង្កេត​វែក​មុខ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទឧក្រិដ្ឋ​ទាំងអស់ យក​មក​ផ្ដន្ទាទោស មិនមែន​មក​ចាប់​ខ្លួន​អ្នក​រាយការណ៍​ពី​បទល្មើស​នោះ​ទេ។

ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មក អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​ប្រើប្រាស់​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លាតត្រដាង​ពី​ការ​រួម​ដៃ​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​ជាមួយ​ឧក្រិដ្ឋជន បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ ការ​ជួញដូរ​មនុស្ស ការ​បោកប្រាស់​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់។ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ទាំងនោះ​មាន​ដូចជា លោក គួច ចំរើន លោក កើត រិទ្ធ និង​ឧកញ៉ា ហ៊ុន តូ ដែល​ជា​បងប្អូន​ជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត គឺជា​ជនឧក្រិដ្ឋ​ឆបោក ការ​ចាប់​ជំរិត និង​ជា​មេខ្លោង​គ្រឿងញៀន ដែល​មាន​ការ​គាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​ប៉ូលិស​អន្តោប្រវេសន៍ ជាដើម។

អ្នកឧកញ៉ា ហ៊ុន តូ (ពី​ឆ្វេង​រូប​ទី​ពីរ) ចូលរួម​ពិធី​បញ្ចប់​គ្រោង​អគារ​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​ខុនដូ​វីនដាម ដែល​បាន​សាងសង់​ដល់​ជាន់​ដំបូល កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១។

កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ស្ដីពី​ការ​ប្រកាស​មោឃភាព​លិខិត​ឆ្លងដែន​របស់​អតីត​ឧកញ៉ា ហេង សិទ្ធី បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​អតីត​ឧកញ៉ា​រូប​នេះ​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤ ពី​បទ​គំរាមកំហែង​ហែក​កេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស។

លោក ហេង សិទ្ធី ធ្លាប់​បរិច្ចាគ​លុយ​ជាច្រើន​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុន រ៉ានី។ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ដក​គោរមងារ​អ្នកឧកញ៉ា​កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទាប់ពី​ជនជាតិ​សិង្ហបុរី​ម្នាក់​ឈ្មោះ Phua Gek Seng បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​ចោទប្រកាន់​អ្នកឧកញ៉ា ហេង សិទ្ធី អំពី​បទ​បរិហារកេរ្តិ៍ និង​គំរាមកំហែង​ទារ​ប្រាក់​ចំនួន ២​លាន​ដុល្លារ៕

© 2025, . All rights reserved.