លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៥។

នយោបាយ

លោក ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី និង​ទីម័រឡេស្តេ ក្នុង​សប្តាហ៍​នេះ

By ឌឹ ខេមបូឌា ដេលី

May 06, 2025

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ឥណ្ឌូនេស៊ី និង​បន្ត​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទីម័រឡេស្តេ ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៥ តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​ពីរ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ផ្តើម​ពី​ថ្ងៃទី​៥-៧ ខែ​ឧសភា ឆ្នាំ​២០២៥ និង​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ទីម័រឡេស្តេ ចាប់ពី​ថ្ងៃទី​៧-៩ ខែ​ឧសភា ឆ្នាំ​២០២៥។

ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ឥណ្ឌូនេស៊ី និង​ទីម័រឡេស្តេ ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​ការទូត​សភា​របស់​កម្ពុជា សំដៅ​ដល់​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ ដែល​នឹង​រួម​ចំណែក​ដល់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក។

លោក ហ៊ុន សែន កន្លង​មក​ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត រដ្ឋ​កាតា អេមីរ៉ាតអារ៉ាប់រួម និង​សាធារណរដ្ឋ​តួកគី ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​បាន​ស្នើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អារ៉ាប់ បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ថា​កម្ពុជា​មាន​សន្តិសុខ​ស្បៀង ខណៈ​ប្រទេស ៤ ទៀត​នៅ​អារ៉ាប់ មាន​សន្តិសុខ​ថាមពល ធនធាន​ហិរញ្ញវត្ថុ និង​មាន​បច្ចេកទេស​ខ្ពស់ ដែល​អាច​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ ទស្សនកិច្ច​នេះ ធ្វើឡើង​ក្រោយពី​លោក​វិលត្រឡប់​ពី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤៕

© 2025, . All rights reserved.