ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងដោយមានជំនឿថា ក្រុងមូស្គូ នឹងមិនចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ុយក្រែន នោះទេ។ លោក ពូទីន សន្យាថាវានឹងមិនកើតឡើងទេ ព្រោះលោកសង្ឃឹមថាស្ថានការណ៍នឹងមិនឈានដល់ដំណាក់កាលចាំបាច់នោះឡើយ។
នេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន PBS News កាលពីថ្ងៃទី៤ ឧសភា។
ឆ្លើយតបចំពោះសំណួររបស់អ្នករាយការណ៍ព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៊ី សួរអំពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន លើរុស្ស៊ី ប្រសិនបើការកើតមាននៅថ្ងៃរំលឹកខួប ៨០ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទី២ លោក ពូទីន អះអាងថា គេមិនទាន់អាចនិយាយបានទេពេលនេះ ខណៈលោកថា មិនមានការលេចឡើងនូវភាពចាំបាច់ត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរឡើយ។ លោកសង្ឃឹមថា តទៅមុខ ក៏នឹងបន្តគ្មានដែរ។
លោក វ៉្លាឌីមៀ ពូទីន បញ្ជាក់ថា រុស្ស៊ី មានកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ដើម្បីបញ្ចប់នូវអ្វីដែលចាប់ផ្តើមកាលពីឆ្នាំ២០២២ ជាមួយលទ្ធផលដែលរុស្ស៊ី កំពុងចង់បាននៅពេលនេះ។
លោក ពូទីន បានចុះហត្ថលេខាលើកំណែទម្រង់នៃគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបង្ហាញពីកាលៈទេសៈដែលអនុញ្ញាតឱ្យលោកប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ដែលរុស្ស៊ី មានអាវុធប្រភេទនេះច្រើនជាងគេនៃពិភពលោក។
ការកែប្រែគោលការណ៍នុយក្លេអ៊ែរបានផ្តល់ឱ្យលោក ពូទីន មានសិទ្ធិក្នុងការឆ្លើយតបដោយប្រើអាវុធប្រល័យលោកនេះបើចាំបាច់។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ី បើកការឈ្លានពានចូលអ៊ុយក្រែន ជាមួយនឹងកងទ័ព ២៥ម៉ឺននាក់ ជាមួយនឹងកាំភ្លើងធំ រថក្រោះ រថពាសដែក ជិត ៧០០០គ្រឿង វាយលុកចូលប្រទេសអ៊ុយក្រែន ក្នុងសកម្មភាពដែលវិមានក្រឹមឡាំង ហៅថា «ប្រតិបត្តិការយោធាពិសេស»។
ប៉ុន្តែនៅខណៈកងទ័ពរុស្ស៊ី វាយជិតដល់ទីក្រុងគៀវ ដែលនៅសល់តែ ៦០គីឡូម៉ែត្រប៉ុណ្ណោះ ក៏ត្រូវបានទប់ស្កាត់មិនឱ្យចូលដល់រដ្ឋធានីគៀវ ដោយកម្លាំងវាយបកវិញពីសំណាក់កងទ័ពអ៊ុយក្រែន ដែលជំនួយអាវុធភ្លាមៗពីអង់គ្លេស និងអាមេរិក បានទៅដល់ដៃកងទ័ពអ៊ុយក្រែន។ ក្នុងគ្រានោះហើយដែលកងទ័ពអ៊ុយក្រែន វាយរុញទ័ពរុស្ស៊ី ឱ្យរត់ទៅភាគខាងកើត ភាគខាងត្បូងវិញ ជាមួយនឹងរថក្រោះ រថពាសដែករាប់រយគ្រឿងរបស់រុស្ស៊ី ត្រូវបានកងទ័ពអ៊ុយក្រែន បាញ់ឆេះ និងរឹបអូស ហើយបានកំពុងបន្តឱ្យមានសង្គ្រាមមកដល់សព្វថ្ងៃនេះ។
បច្ចុប្បន្ននេះ កងកម្លាំងរបស់រុស្ស៊ី កំពុងកាន់កាប់ប្រហែលជិត ២០% នៃទឹកដីទាំងអស់របស់អ៊ុយក្រែន ដែលមានជិត ៦៧ម៉ឺនគីឡូម៉ែត្រក្រឡា។ ផ្ទៃដីភាគច្រើននៅភាគខាងត្បូង និងខាងកើតនៃប្រទេសអ៊ុយក្រែន កំពុងធ្លាក់ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពទាំងពីរ គឺរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសជិតខាងនឹងគ្នា។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ពូទីន បានបង្ហាញឆន្ទៈដើម្បីចរចាស្វែងរកសន្តិភាព ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ឱ្យបានឆាប់ តាមរយៈដំណោះស្រាយចេញពីការចរចា។
ទោះយ៉ាងណាក៏ដោយ រុស្ស៊ី និងអ៊ុយក្រែន នៅតែមិនព្រមចុះសម្រុងគ្នាលើសំណើបទឈប់បាញ់។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី និយាយថា បទឈប់បាញ់អាចធ្វើទៅបាន ប្រសិនបើទីក្រុងមូស្គូ យកចិត្តទុកដាក់ចំពោះការបញ្ចប់សង្គ្រាម។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក លោក Petr Pavel លោក ហ្សេឡេនស្គី លើកឡើងថា ប្រទេសរុស្ស៊ី កំពុងព្រងើយកន្តើយចំពោះសំណើរបស់អាមេរិកស្នើឱ្យមានបទឈប់បាញ់ពេញលេញរយៈពេល ៣០ថ្ងៃ។
បើតាមលោក ហ្សេឡេនស្គី លោក ពូទីន ពិតជាចង់បង្ហាញរថក្រោះរបស់គាត់នៅឯក្បួនដង្ហែនៃទិវាជ័យជម្នះ ៩ឧសភា ប៉ុន្តែលោក ពូទីន គួរតែគិតអំពីការបញ្ចប់សង្គ្រាម និងសន្តិភាពមួយរឹងមាំជាមួយនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍។
ជាថ្មីម្តងទៀត លោក ហ្សេឡេនស្គី បានសម្ដែងការសង្ស័យយ៉ាងខ្លាំងចំពោះសំណើរបស់រុស្ស៊ី អំពីបទឈប់បាញ់រយៈពេល ៧២ម៉ោងក្នុងប្រទេសអ៊ុយក្រែន ដើម្បីប្រារព្ធទិវាជ័យជម្នះក្នុងការបញ្ចប់សង្គ្រាមលោកលើកទី២ ប៉ុន្តែធាតុពិត ទីក្រុងមូស្គូ នៅតែបន្តវាយលុករាប់រយដងមកលើអ៊ុយក្រែន ក្នុងមួយថ្ងៃៗ ទោះបីជាមានការបង្ហាញពីចំណាប់អារម្មណ៍ជាសាធារណៈចំពោះបទឈប់បាញ់រយៈពេល ៧២ម៉ោងក៏ដោយ។
លោក ហ្សេឡេនស្គី រំលឹកថា សូម្បីតែក្នុងអំឡុងពេលបុណ្យ Easter ទោះបីមានការសន្យាថាត្រូវមានផ្អាកការប្រយុទ្ធគ្នា ក៏ប្រទេសរុស្ស៊ី បានធ្វើការវាយលុកច្រើនជាងមួយរយដងទៅលើប្រទេសអ៊ុយក្រែន ហើយសូម្បីទៅលើប្រជាជន ក៏រុស្ស៊ី វាយប្រហារដែរ។
វិមានក្រឹមឡាំង និយាយថា បទឈប់បាញ់ក្នុងថ្ងៃទិវាជ័យជម្នះ គឺធ្វើឡើងក្នុងហេតុផលមនុស្សធម៌ ហើយនឹងដំណើរការចាប់ពីដើមថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែឧសភា ដើម្បីរំលឹកដល់ជ័យជម្នះរបស់ទីក្រុងមូស្គូ លើពួកណាហ្ស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥ ដែលពេលនោះ កងទ័ពក្រហមសូវៀតឈានមុខគេផ្ដួលរំលំរបបអ៊ីត្លែរអាល្លឺម៉ង់។
នៅទីក្រុងប្រាគ ប្រទេសឆែក លោក ហ្សេឡេនស្គី បានថ្លែងអំណរគុណដល់លោក Pavel ដែលបានបន្តគាំទ្រប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន រូបនេះសង្ឃឹមថា នឹងទទួលបានគ្រាប់កាំភ្លើងធំចំនួន ១លាន ៨សែនគ្រាប់នៅឆ្នាំ២០២៥ នេះ ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមដឹកនាំដោយប្រទេសឆែក ដើម្បីផ្គត់ផ្គង់ជំនួយយោធាដល់ទីក្រុងគៀវ។
គំនិតផ្ដួចផ្ដើមរកជំនួយគ្រាប់កាំភ្លើងធំរបស់ប្រទេសឆែក ចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រខ្លាំងពីសម្ព័ន្ធមិត្តណាតូ។ តាមរយៈសាធារណរដ្ឋឆែក អ៊ុយក្រែន បានទទួលគ្រាប់កាំភ្លើងធំ ១លាន ៥សែនគ្រាប់រួចហើយកាលពីចុងឆ្នាំ២០២៤។
ជាមួយគ្នានេះ លោក ហ្សេឡេនស្គី ក៏បានលើកឡើងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីឆែក លោក Petr Pavel ពីកម្មវិធីថ្មីមួយទៀតដែលប្រទេសឆែក នឹងបង្កើតសាលាហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះ F-16 គួរមាននៅលើទឹកដីប្រទេសឆែក ដែលមានព្រំដែនជាប់នឹងអ៊ុយក្រែន៕
© 2025, . All rights reserved.