តុលាការនៃរបបលោក ហ៊ុន សែន សម្រេចផ្ដន្ទាទោសទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ និងសម្រេចដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត រួមទាំងត្រូវពិន័យជាប្រាក់ ៤លានរៀលចូលជាសម្បត្តិរដ្ឋ ពីបទ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម និងពីបទមិនរាងចាល»។
តុលាការបញ្ជាក់ថា ការចោទប្រកាន់ពីបទ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម» គឺពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរបស់លោក រ៉ុង ឈុន ជុំវិញការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ចំណែកបទមិនរាងចាល គឺពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម កាលពីពេលកន្លងទៅ។
ជុំវិញបញ្ហានេះ លោក រ៉ុង ឈុន លើកឡើងថា ការសម្រេចរបស់តុលាការបែបនេះ គឺលោកគ្មានការតក់ស្លុតអ្វីទាំងអស់។ លោកបន្តថា ការរស់នៅក្នុងសង្គមដូចសព្វថ្ងៃនេះ ត្រូវមានជំហររឹងមាំច្បាស់លាស់ ដូច្នេះការសម្រេចរបស់តុលាការបែបនេះ គ្មានអ្វីចម្លែកឡើយសម្រាប់រូបលោក។
ចំណែកមេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន គឺលោក ជូង ជូងី អះអាងថា តុលាការមិនបានចេញដីកាចាប់ខ្លួនកូនក្ដីរបស់លោកទេ ប៉ុន្តែបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ និងដកហូតសិទ្ធិពលរដ្ឋក្នុងការបោះឆ្នោត ព្រមទាំងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតជាស្ថាពរប៉ុណ្ណោះ។
លោក ជូង ជូងី បញ្ជាក់ថា លោក រ៉ុង ឈុន នឹងប្តឹងសាលាឧទ្ធរណ៍ជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងនៅពេលនេះ។
កាលពីថ្ងៃទី២៣ ខែមេសា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះពាក់ព័ន្ធនឹងវីដេអូឃ្លីបរបស់លោកកាលពីខែកក្កដា ឆ្នាំ២០២៤ នៅស្រុកកោះធំ ខេត្តកណ្ដាល អំឡុងពេលដែលលោកជួបប្រជុំជាមួយសមាជិកគណបក្សកម្លាំងជាតិ។ ក្នុងពិធីជួបជុំនោះ លោក រ៉ុង ឈុន បានរិះគន់រដ្ឋាភិបាលថាមិនបានយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ជាងនេះទៅទៀត លោកក៏បានលើកឡើងពីប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតខាងអំពើឆបោក ឧក្រិដ្ឋជន បទល្មើសអនឡាញ និងចាប់ជំរិតផងដែរ។
ជុំវិញបញ្ហានេះ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ឧសភា នេះថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញជាការសម្រេចសេចក្តីយ៉ាងអយុត្តិធម៌ និងមានលក្ខណៈនយោបាយ។
ប្រភពដដែលអះអាងថា ការចោទប្រកាន់ និងការផ្ដន្ទាទោសលោក រ៉ុង ឈុន ទាំងមិនមានកំហុសបែបនេះ នឹងធ្វើឱ្យមតិជាតិ និងអន្តរជាតិកាន់តែមើលឃើញថា កម្ពុជាកំពុងតែដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ដោយបង្កើតឱ្យមានបរិយាកាសនយោបាយមិនល្អមុនការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ទៅវិញតែប៉ុណ្ណោះ។
គណបក្សកម្លាំងជាតិ អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្ដល់សិទ្ធិសេរីភាពពេញលេញ និងយុត្តិធម៌ដល់លោក រ៉ុង ឈុន ដើម្បីបង្កើតបរិយាកាសនយោបាយល្អប្រសើរឡើងវិញ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការបង្ហាញឱ្យឃើញពីការផ្សះផ្សាបង្រួបបង្រួមជាតិ សាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ ព្រមទាំងការរក្សាបាននូវផលប្រយោជន៍ជូនពលរដ្ឋ និងប្រទេសជាតិដែលប្រទេសកម្ពុជាកំពុងធ្វើការចរចាការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជាប្រទេសគាំទ្រលទ្ធិប្រជាធិបតេយ្យផងដែរនោះ។
អ្នកនយោបាយខ្មែរដែលត្រូវតុលាការរបបត្រកូលហ៊ុនដកសិទ្ធិនយោបាយ មានចំនួន ៣នាក់ហើយ គឺទី១ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទី២ អតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី និងទី៣ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន៕
© 2025, . All rights reserved.