(រូប​ពី​ឆ្វេង) លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត

នយោបាយ

អ្នក​ឃ្លាំមើល​សង្គម៖ កម្ពុជា​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ

By ឌឹ ខេមបូឌា ដេលី

May 06, 2025

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដែល​ជា​សកម្មជន​បរិស្ថាន អ្នកវិភាគ​ឯករាជ្យ និង​អ្នក​នយោបាយ ជាដើម បន្ទាប់ពី​កូនប្រុស​លោក លិម គិមយ៉ា កំពុង​ស្វះស្វែងរក​យុត្តិធម៌​ជូន​ឪពុក​របស់​ខ្លួន​គ្រប់​ទីកន្លែង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ស្វះស្វែងរក​យុត្តិធម៌​ឱ្យ​លោក លិម គិមយ៉ា គឺជា​រឿង​ត្រឹមត្រូវ​បំផុត ព្រោះ​អំពើ​ឃាតកម្ម​នេះ គឺ​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ទៅ​នឹង​អ្នក​មាន​អំណាច​នៅ​កម្ពុជា ខណៈ​សហគមន៍​អន្តរជាតិ​ក៏​មិន​ព្រងើយ​កន្តើយ​នឹង​ករណី​នេះ​ដែរ។

លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​បញ្ជូន​ខ្លួន​អ្នក​ពាក់ព័ន្ធ​ទៅ​ឱ្យ​តុលាការ​ថៃ កាត់ទោស​តាម​ផ្លូវច្បាប់ ដើម្បី​បញ្ចប់​នូវ​ភាព​មន្ទិល​សង្ស័យ​របស់​ពលរដ្ឋ​ខ្មែរ​លើ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ព្រោះ​ពលរដ្ឋ​ខ្មែរ​ដឹង​គ្រប់​គ្នា​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ គ្មាន​ជនល្មើស​ណា​អាច​លាក់​ខ្លួន​ផុត​ពី​ក្រសែភ្នែក​ត្រកូល​ហ៊ុន​ឡើយ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ទាំង​លោក លិម គិមយ៉ា លោក កែម ឡី លោក ជា វិជ្ជា និង​លោក ឈុត វុទ្ធី ជាដើម ទាល់តែ​របប​ដឹកនាំ​សព្វថ្ងៃ​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ។ ផ្ទុយទៅវិញ បើ​សង្ឃឹម​ថា​លោក ហ៊ុន សែន នឹង​កែប្រែ​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ នោះ​ក៏​មិន​ខុស​ពី​សង្ឃឹម​ថា​ក្បាលជង្គង់​មាន​មាត់​ចេះ​និយាយ​ដែរ។

លោក ថូម៉ាស លិម កូនប្រុស​បង្កើត​លោក លិម គិមយ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៤ ខែ​ឧសភា នេះ​ថា ក្រោយ​លោក លិម គិមយ៉ា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ គឺ​មាន​រយៈពេល​ជិត ៥​ខែ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ឱ្យ​តុលាការ​ប្រទេស​ថៃ កាត់ទោស​នៅឡើយ។

កូនប្រុស​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ចុងខែ​មេសា កន្លង​ទៅ​នេះ គឺ​ដើម្បី​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មការ​អឺរ៉ុប និង​សមាជិក​សភា​អឺរ៉ុប ក្នុង​បំណង​ឱ្យ​ពួកគេ​ស្វែងរក​យុត្តិធម៌​ឱ្យ​ឪពុក​របស់​លោក។

ប្រភព​ដដែល​លើកឡើង​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ឱ្យ​តុលាការ​ថៃ កាត់ទោស​នោះ គឺ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​អ្នក​ដែល​បញ្ជា​ពីក្រោយ​ខ្នង​នៃ​ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន និង​ឈ្មោះ លី រតនៈរស្មី ដែល​ជា​អ្នក​រៀបចំ​ឧបត្ថម្ភ​ផែនការ​ក្នុង​អំពើ​ឃាតកម្ម​នេះ៕

© 2025, . All rights reserved.