ក្រដាសប្រាក់​រៀល​ដែល​ត្រូវ​គេ​សរសេរ «អំណាច​ហ៊ុន​ត​ត្រកូល ខ្មែរ​ថ្ងូរ​ត​ជំនាន់» និង​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន ថា​ជា​ទង្វើ​ស្រប​ច្បាប់​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ផ្ដាច់ការ

By ឌឹ ខេមបូឌា ដេលី

May 07, 2025

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​នឹង​របប​ដឹកនាំ​ត្រកូល​ហ៊ុន គឺជា​ទង្វើ​ស្រប​ច្បាប់​ដែល​ជនរងគ្រោះ​ត្រូវតែ​ធ្វើ ដើម្បី​ប្រឆាំង​របប​ដឹកនាំ​របស់​ក្រុម​ឧទ្ទាម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ ខែ​ឧសភា ថា ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ឈឺចាប់​របស់​ជនរងគ្រោះ​ដែល​រង​នូវ​ការ​ជិះជាន់​ពី​របប​គ្រួសារ​ផ្ដាច់ការ​និយម​សព្វថ្ងៃ​នេះ។

លោក​បន្ត​ថា ជនរងគ្រោះ​ដែល​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ឡើយ ប៉ុន្តែ​ក៏​អាច​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ព្រោះ​អំពើ​អយុត្តិធម៌​នៃ​របប​ដឹកនាំ​មួយ​នេះ បាន​កើត​មាន​លើ​មនុស្ស​គ្រប់​គ្នា លើកលែងតែ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ។

លោក ម៉ែន ណាត អះអាង​ថា ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​របប​ដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន មិន​បាន​បំពាន​ទៅ​នឹង​ច្បាប់​ណា​មួយ​ដែល​ចែង​ពី​សេរីភាព​បញ្ចេញមតិ​នោះ​ទេ ជាពិសេស​ចាប់ពី​មាត្រា​៣២ រហូត​ដល់​មាត្រា​៤២ ដែល​ចែង​ពី​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ប្រើ​លេស​ចោទប្រកាន់​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ថា​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ហើយ​ចាប់​ពួកគេ​ដាក់​គុក​ទាំង​អយុត្តិធម៌ ក៏​អាច​ជា​ឈ្នាន់​មួយ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ងើប​ឡើង​ទម្លាក់​រដ្ឋាភិបាល​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​ក្រុម​ឧទ្ទាម​ដូច​ប្រទេស​បង់ក្លាដេស នៅ​ថ្ងៃ​ណា​មួយ​ដែរ។

លោក ម៉ែន ណាត ជំរុញ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ពី​របប​ដឹកនាំ​ឧទ្ទាម​ត្រកូល​ហ៊ុន ចែកចាយ​ក្រដាសប្រាក់​បន្ត​ទៀត ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ត្រឡប់​មកវិញ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ក៏​ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​មួយ​ដែល​សល់​ពី​របប​ខ្មែរក្រហម​ចេញពី​ទឹកដី​កម្ពុជា​ដែរ។

កាលពី​ចុងខែ​មេសា កន្លង​ទៅ ក្រដាសប្រាក់​រៀល​ជាច្រើន​ប្រភេទ និង​ជាច្រើន​សន្លឹក ដូចជា ក្រដាសប្រាក់ ១​ពាន់​រៀល ៥​ពាន់​រៀល និង​ក្រដាសប្រាក់ ៥០០​រៀល ជាដើម ដែល​មាន​សរសេរ​អក្សរ​ផ្សេងៗ​ប្រឆាំង​ត្រកូល​ហ៊ុន ត្រូវ​បាន​ចែកចាយ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ ព្រមទាំង​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

ក្រដាសប្រាក់​ទាំងនោះ​សរសេរ​ថា «អំណាច​ហ៊ុន​ត​ត្រកូល ខ្មែរ​ថ្ងូរ​ត​ជំនាន់»។ យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​គ្រប់ ២៥​រាជធានី-ខេត្ត និង​សូម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​យុទ្ធនាការ​នេះ​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា​ឡើងវិញ៕

© 2025, . All rights reserved.