បទឈប់បាញ់រយៈពេល ៣ថ្ងៃ ប្រកាសដោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានចូលជាធរមានហើយចាប់ពីថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ដល់ថ្ងៃទី១០ ឧសភា។ បទឈប់បាញ់នេះសម្រាប់ភាគីអ៊ុយក្រែន មិនយល់ស្របនោះទេ។
មេដឹកនាំអ៊ុយក្រែន បានអំពាវនាវទៅមេដឹកនាំពិភពលោកកុំទៅទីក្រុងមូស្គូ ព្រោះបារម្ភថានឹងអាចមានការវាយប្រហារដោយដ្រូន ឬមីស៊ីលទៅលើរដ្ឋធានីប្រទេសរុស្ស៊ី។
គេមិនទាន់ច្បាស់ថា តើអ៊ុយក្រែន នឹងគោរពតាមបទឈប់បាញ់ ៣ថ្ងៃនេះ ឬក៏យ៉ាងណានោះទេ ព្រោះអ៊ុយក្រែន មិនបានទទួលយកបទឈប់បាញ់នេះទេ ដោយហេតុថាអ៊ុយក្រែន ទទូចចង់បានបទឈប់បាញ់ពេញលេញមួយដែលមានរយៈពេល ៣០ថ្ងៃ។
នៅមុនបទឈប់បាញ់បីថ្ងៃចូលជាធរមាន ទីក្រុងមូស្គូ និងទីក្រុងគៀវ បានបើកការវាយប្រហារដោយប្រើដ្រូនវាយប្រហារដាក់គ្នាទៅវិញទៅមក បង្ខំឱ្យអាកាសយានដ្ឋានមួយចំនួនក្នុងប្រទេសរុស្ស៊ី ត្រូវបិទទ្វារ។ បទឈប់បាញ់ឯកតោភាគីពីលោក ពូទីន បានចូលជាធរមានចំពេលទីក្រុងមូស្គូ ត្រៀមរៀបចំការធ្វើព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះលើកងទ័ពអ៊ីត្លែអាល្លឺម៉ង់ ជាទិវាបិទបញ្ចប់សង្គ្រាមលោកលើកទី២ នៅថ្ងៃសុក្រ ទី៩ ខែឧសភា ដោយមានការចូលរួមពីបណ្ដាមេដឹកនាំពិភពលោក។ តែភាគច្រើន គេសង្កេតឃើញមេដឹកនាំដែលកាន់អំណាចបែបផ្ដាច់ការមានវត្តមាននៅក្រុងមូស្គូ ដោយបានជួបលោក ពូទីន កំពូលមេដឹកនាំផ្ដាច់ការនៅរុស្ស៊ី។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានកែប្រែរដ្ឋធម្មនុញ្ញពង្រឹងអាណត្តិតោងអំណាច លោកបានទៅដល់ទីក្រុងមូស្គូ មុនគេ ហើយបន្ទាប់មក ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាកំពូលជនផ្ដាច់ការនៃប្រទេសវេណេហ្ស៊ុយអេឡា។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ កើតមានឡើងចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងឡើងកម្ដៅជុំវិញសង្គ្រាមពន្ធគយ និងខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមផ្សះផ្សាជាមួយលោក ពូទីន ក្នុងគោលដៅសម្របសម្រួលបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
តាមទីភ្នាក់ងារសារព័ត៌មាន AFP មេដឹកនាំប្រទេសផ្ដាច់ការច្រើនទៀត ដូចជា មេដឹកនាំប្រទេសគុយបា ប្រទេសអ៊ីរ៉ង់ ប្រទេសកូរ៉េខាងជើង និងបណ្ដាមេដឹកនាំក្រោមឥទ្ធិពលលោក ពូទីន ជាច្រើន ទាំងនៅទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក ទ្វីបអាមេរិកខាងត្បូង គេរំពឹងថាអាចនឹងមានវត្តមានដែរ។
ចំពោះជំនួបជាមួយជនផ្ដាច់ការវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងពិធីមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-វេណេហ្ស៊ុយអេឡា នឹងលើកកម្ពស់គំនិតផ្ដួចផ្ដើមរួមគ្នានៅក្នុងអង្គការ OPEC និងវេទិកាប្រទេសនាំចេញឧស្ម័ន និងអង្គការផ្សេងទៀតក្នុងវិស័យថាមពល ក្រោមទណ្ឌកម្មពីបស្ចិមប្រទេស។ ចំណែកឯវេណេហ្ស៊ុយអេឡា ក៏មានទំនាក់ទំនងមិនល្អស្រាប់ជាមួយសហរដ្ឋអាមេរិក ដោយសារតែការបែកបាក់ក្នុងទំនាក់ទំនងការទូត ការដាក់ទណ្ឌកម្ម និងការចោទប្រកាន់ទាក់ទងនឹងឧក្រិដ្ឋកម្ម ក៏ដូចជាផែនការធ្វើរដ្ឋប្រហារ ជាដើម។
ក្រឡេកមើលទៅក្នុងព្រឹត្តិការណ៍ជ័យជម្នះលើរបបណាហ្ស៊ី-អាល្លឺម៉ង់ជាខួប ៨០ឆ្នាំ ដែលទីក្រុងមូស្គូ ធ្វើឡើងក្នុងទ្រង់ទ្រាយធំក្នុងបរិបទសង្គ្រាមនោះវិញ រៀបចំដោយលោក ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន កំពុងបន្តឆេះយ៉ាងសន្ធោសន្ធៅនេះ បណ្ដាមេដឹកនាំនៅអឺរ៉ុប និងប្រទេសប្រឆាំងសង្គ្រាមបង្កដោយលោក ពូទីន ប្រកាសថ្កោលទោសមេដឹកនាំណាដែលទៅកាន់ទីក្រុងមូស្គូ ខណៈមេដឹកនាំខ្លះបង្ហាញជំហរប្រឆាំងសង្គ្រាមបញ្ឆេះដោយលោក ពូទីន យ៉ាងខ្លាំង។
សង្គ្រាមជាង ៣ឆ្នាំ ប្រទេសរុស្ស៊ី វាយប្រហារទៅលើអ៊ុយក្រែន នៅថ្ងៃទី៨ ខែឧសភា ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បានអំពាវនាវឱ្យអឺរ៉ុប ត្រូវតែរួមគ្នាដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី រួមទាំងការដាក់សម្ពាធបន្ថែមទៅលើក្រុងមូស្គូ។
លោក Friedrich Merz ដែលបានស្បថចូលកាន់តំណែងជាអធិការបតីអាល្លឺម៉ង់ នៅថ្ងៃទី៦ ខែឧសភា និងលោក Johann Wadephul (យ៉ូហាន វ៉ាឌើហ្វ៊ុល) បានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ក្នុងថ្ងៃជាមួយគ្នានេះ បានប្ដេជ្ញាបន្តគាំទ្រអ៊ុយក្រែន ដោយឥតងាករេ ប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។ លោកប្រមុខការទូតថ្មីអាល្លឺម៉ង់រូបនេះបានបញ្ជាក់បែបនេះនៅលើបណ្ដាញសង្គម X។ ទន្ទឹមនេះ លោក Wadephul ប្រាប់ឱ្យរុស្ស៊ី ត្រូវងាកមកប្រឈមមុខជាមួយអឺរ៉ុប ជាជាងជាមួយអ៊ុយក្រែន។
ក្នុងរដ្ឋាភិបាលអាល្លឺម៉ង់អាណត្តិថ្មី ក្រោមការដឹកនាំរបស់លោក Friedrich Merz បានបង្ហាញពីលទ្ធភាពរដ្ឋាភិបាលក្រុងប៊ែរឡាំង នឹងបង្កើនការគាំទ្រក្រុងគៀវ រួមទាំងការបញ្ជូនមីស៊ីលចម្ងាយឆ្ងាយ Taurus ទៅឱ្យអ៊ុយក្រែន ដោយមិនបារម្ភរុស្ស៊ី គំរាមនោះទេ។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប អ្នកស្រី Kaja Kallas បានហៅវត្តមានមេដឹកនាំណាទៅទីក្រុងមូស្គូ ចូលរួមព្រឹត្តិការណ៍ខួប ៨០ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទី២ ដែលលោក ពូទីន រៀបចំឡើង គឺជាមេដឹកនាំដែលជួយលើកតម្កើងរបបដឹកនាំក្រុងមូស្គូ ដែលកំពុងបំផ្លាញសេចក្ដីសុខមនុស្សជាតិ៕
© 2025, . All rights reserved.