រូប​ឯកសារ៖ ទណ្ឌិត

ច្បាប់

ទណ្ឌិត​ចំនួន ២៩៦​នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ​បន្ធូរបន្ថយ​ទោស​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា

By ឌឹ ខេមបូឌា ដេលី

May 12, 2025

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អះអាង​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ប្រទាន​ការ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ២៩៦​នាក់ ក្នុង​នោះ​ស្រី ២៨​នាក់ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា។

យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​លោក គឹម សន្តិភាព បាន​សរសេរ​ថា ក្នុង​ចំណោម​ទណ្ឌិត​ទាំង ២៩៦​នាក់ មាន​ទណ្ឌិត​ចំនួន ២០៧​នាក់​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ៣​ខែ ទណ្ឌិត ៧០​នាក់ ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ៦​ខែ ទណ្ឌិត ១៧​នាក់ ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ៩​ខែ និង​ទណ្ឌិត ២​នាក់ ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ចំនួន ១២​ខែ។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បញ្ជាក់​ថា គណៈកម្មការ​ថ្នាក់​ជាតិ​ពុំ​ពិនិត្យ​ពិចារណា​ឡើយ​ចំពោះ​សំណើ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្ត​អំពើ​បទល្មើស​ដូចជា ឧក្រិដ្ឋជន​គ្រឿងញៀន អំពើ​សាហាវ​យង់ឃ្នង ករណី​មិន​រាងចាល ប្រព្រឹត្ត​លើ​ជនរងគ្រោះ​ដែល​ជា​សាច់ញាតិ ឬ​សហព័ទ្ធ ប្រព្រឹត្ត​លើ​ជនរងគ្រោះ​ជា​មន្ត្រី​រាជការ ឬ​មន្ត្រី​សាធារណៈ និង​ទណ្ឌិត​ធ្លាប់​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ច្រើន​ដង​លើស​ពី ១​ភាគ​៣ នៃ​រយៈពេល​ផ្ដន្ទាទោស។

ប្រភព​ខាងលើ​អះអាង​ថា គណៈកម្មការ​ថ្នាក់​ជាតិ​ក៏​ពុំ​ពិនិត្យ​ពិចារណា​ដែរ​ចំពោះ​សំណើ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​ដែល​មាន​បទល្មើស​រំលោភ​ផ្លូវភេទ​លើ​ជនរងគ្រោះ​ជា​អនីតិជន​អាយុ​ក្រោម ១៣​ឆ្នាំ ឬ​ជា​ជន​មាន​វិបល្លាស​ស្មារតី ឬ​ពិការ ឬ​មាន​ផ្ទៃពោះ ឬ​ជនរងគ្រោះ​ជា​សាច់សាលោហិត ករណី​រំលោភ​បូក និង​ករណី​ប៉ុនប៉ង ឬ​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​ជនរងគ្រោះ​ជា​សាច់សាលោហិត។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ការ​សុំ​លើកលែង និង​បន្ធូរបន្ថយ​ទោស​កន្លង​មក​តែងតែ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ជ្រើសរើស​ទណ្ឌិត ដោយសារ​តែ​មាន​ការ​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ និង​រឿង​នយោបាយ។

លោក ស៊ឹង សែនករុណា អះអាង​ថា កន្លង​មក មន្ត្រី​អតីត​បក្ស​ប្រឆាំង សកម្មជន​ព្រៃឈើ សកម្មជន​ដីធ្លី កម្រ​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ ឬ​លើកលែង​ទោស​ណាស់ បើ​ទោះបីជា​ពួកគាត់​បាន​អនុវត្ត​ខ្លួន​ល្អ និង​អនុវត្ត​ទោស​បាន​ពីរ​ភាគ​បី​ក្នុង​ការ​ជាប់​ឃុំ​ក៏ដោយ។

លោក​ទទូច​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ធ្វើការ​ជ្រើសរើស​ដោយ​មាន​តម្លាភាព ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ទណ្ឌិត​ដែល​បាន​ខិតខំ​កែប្រែ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។

យោង​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត ចុះ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១ លើកឡើង​ថា ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជាប់​ពន្ធនាគារ ធ្វើ​ឡើង​ចំនួន ៥​លើក​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យ​អុំទូក។ ការ​បន្ធូរបន្ថយ​ទោស ធ្វើ​ឡើង​លុះត្រាតែ​ទណ្ឌិត​បាន​អនុវត្ត​ទោស ១​ភាគ​៣ នៃ​ទោស​ដាក់​ពន្ធនាគារ​សរុប​ដែល​តុលាការ​បាន​កំណត់ ហើយ​សម្រាប់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត ទណ្ឌិត​ត្រូវ​ទទួល​រង​ទោស ១០​ឆ្នាំ​ជា​មុន​សិន។

ទោះជា​យ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​តាមដាន​សង្កេត​ករណី​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ធ្លាប់​រាយការណ៍​ថា ទណ្ឌិត​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ ជា​អ្នកទោស​មនសិការ ឬ​នយោបាយ សកម្មជន​ការពារ​ភោគទ្រព្យ​សម្បត្តិ​ធម្មជាតិ​ស្រុក​ខ្មែរ​សម្រាប់​ប្រយោជន៍​ខ្មែរ​ទូទាំង​ប្រទេស ដូចជា​សកម្ម​ចលនា​មាតា​ធម្មជាតិ សកម្មជន​ព្រៃឡង់ សកម្មជន​បរិស្ថាន និង​សកម្មជន​ការពារ​សិទ្ធិ​សេរីភាព​មនុស្ស ជាដើម។

លោក គឹម សន្តិភាព ដែល​ជា​កូនប្រសា​ព្រឹទ្ធសមាជិក​រដ្ឋសភា ជាម យៀប និង​ជា​អនុប្រធាន​អង្គភាព​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស មិន​បាន​បញ្ជាក់​អំពី​ជំពូក​ទណ្ឌិត​ដែល​នឹង​ទទួល​ការ​លើកលែង ឬ​បន្ធូរបន្ថយ​ទោសពៃរ៍​ពី​ព្រះមហាក្សត្រ​នា​ឱកាស​បុណ្យ​សាសនា​ជាតិ​ថ្ងៃ​ឧបោសថសីល ១៥​កើត ពេញបូណ៌មី​នេះ​ឡើយ៕

© 2025, . All rights reserved.