ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំង បានរៀបចំកម្មវិធីពិព័រណ៍រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដែលមានរយៈពេល ៣ខែ ដើម្បីរំឭកខួប ៥០ឆ្នាំនៃការធ្លាក់ទីក្រុងភ្នំពេញក្នុងកណ្ដាប់ដៃរបស់ពួកខ្មែរក្រហម។
នាល្ងាចថ្ងៃទី៨ ខែឧសភា ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំពិធីរម្លឹកខួប ៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ។ ការតាំងពិព័រណ៍ នឹងនាំអ្នកទស្សនាឲ្យត្រឡប់ទៅមើលការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងបរិវេណរបស់ស្ថានទូតបារាំង ដែលមានមនុស្សរាប់រយនាក់បានភៀសខ្លួនជ្រកកោននៅពេលពួកខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានរម្លឹកថា ត្រូវតែចងចាំព្រឹត្តិការណ៍ទាំងនេះ គឺមិនមែនមានន័យថាដើម្បីជាប់ឃុំក្នុងអតីតកាលនោះទេ ប៉ុន្តែគឺដើម្បីកុំឱ្យភ្លេចប្រវត្តិសាស្ត្រ។ លោកថា ប្រវត្តិសាស្ត្របារាំង-កម្ពុជាត្រូវបានដិតដាមដោយហេតុការណ៍ទាំងនេះ។
លោកឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា ចំណងប្រវត្តិសាស្ត្ររវាងកម្ពុជា-បារាំង ជាពិសេសពីសាមគ្គីភាពដែលបារាំង បង្ហាញចំពោះកម្ពុជា តាមរយៈការទទួលយកជនភៀសខ្លួនកម្ពុជាច្រើនពាន់នាក់ (មួយម៉ឺននាក់ បើគិតត្រឹមចន្លោះឆ្នាំ១៩៧៥-១៩៧៨)។ លោកថា បារាំងបានដើរតួនាទីសំខាន់ក្នុងការចរចា ដែលនាំទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
កាលពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៧៥ មនុស្សរាប់រយនាក់បានភៀសខ្លួនមកជ្រកកោននៅក្នុងស្ថានទូតបារាំង ជាស្ថានទូតតែមួយគត់ដែលពួកគេនៅអាចចូលបាន ដោយសង្ឃឹមថានឹងទទួលបានការការពារនៅទីនោះ។ ក្នុងស្ថានភាពដ៏លំបាកក្រៃលែង ស្ថានទូតបានទទួលពលរដ្ឋបារាំង ជាង ៥០០នាក់ដែលនៅមានវត្តមាននៅកម្ពុជា និងជនបរទេសជាង ១០០នាក់នៃប្រទេស ២០ ផ្សេងទៀត ព្រមទាំងប្រជាពលរដ្ឋកម្ពុជាជាច្រើនរយនាក់ទៀត ក្នុងនោះ ក៏មានសមាជិកគ្រួសាររាជវង្ស និងឥស្សរជនសម័យសាធារណរដ្ឋ ដែលបានមកស្វែងរកកន្លែងសុវត្ថិភាព។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៃការដួលរលំនៃរបប លន់ នល់ ដែលគាំទ្រដោយអាមេរិក ហើយជាពេលដែលរបបខ្មៅងងឹត ឃោរឃៅ ប្រល័យពូជសាសន៍ គាំទ្រដោយក្រុងប៉េកាំង ឡើងកាន់កាប់ទីក្រុងភ្នំពេញវិញម្តង។ រយៈពេលត្រឹម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របបថ្មីកាប់សម្លាប់ប្រជាជនខ្មែរស្លូតត្រង់អស់ជាង ១លាននាក់៕
© 2025, . All rights reserved.