ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃអាទិត្យ បានបបួលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជួបគ្នាដោយផ្ទាល់នៅលើទឹកដីនៃប្រទេសតួកគី និយាយពីបទឈប់បាញ់ បើលោក ពូទីន ពិតជាចង់ឱ្យរុស្ស៊ី ជួបចរចាផ្ទាល់ជាមួយមេដឹកនាំអ៊ុយក្រែន។
លោក ហ្សេឡេនស្គី ឱ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក ពូទីន ក្នុងប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ដែលគណៈប្រតិភូនៃភាគីទាំងពីរត្រូវទៅជួបគ្នានៅទីក្រុងអ៊ីស្តាន់ប៊ុល។
បើតាមបណ្ដាញផ្សាយព័ត៌មាន NRP លោក ហ្សេឡេនស្គី បានថ្លែងដូចនេះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់លោក ហ្សេឡេនស្គី ឱ្យទទួលយកសំណើចរចាដោយផ្ទាល់ជាមួយនឹងលោក ពូទីន។
លោក ពូទីន កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងទីក្រុងអ៊ីស្តាន់ប៊ុល នៅថ្ងៃទី១៥ ខែឧសភា។ តែមិនច្បាស់ថា តើលោក ពូទីន ចង់មានន័យថារូបលោកនឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ ឬក៏យ៉ាងណានោះទេ ដែលចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មក លោក ពូទីន និងលោក ហ្សេឡេនស្គី មិនធ្លាប់បានជួបគ្នាឡើយ។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ លោក ហ្សេឡេនស្គី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថារូបលោករង់ចាំជួបលោក ពូទីន ក្នុងប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ ដើម្បីបានជួបមុខគ្នាដោយផ្ទាល់ ដែលលោកចាត់ទុកថាពេលវេលានេះ រុស្ស៊ីមិនមានហេតុផលអ្វីទៀតនោះទេ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ថារុស្ស៊ី ទាមទារថាការចរចាត្រូវលើកឡើងពីការលុបបំបាត់ចោលនូវឫសគល់នៃសង្គ្រាម និងសម្រេចឱ្យបានការស្ដារឡើងវិញនូវសន្តិភាពយូរអង្វែង ជាជាងគ្រាន់តែការផ្អាកបាញ់មួយរយៈដើម្បីបំពាក់អាវុធឡើងវិញ។
ថ្លែងចេញពីវិមានក្រឹមឡាំង នៅព្រឹកថ្ងៃអាទិត្យកន្លងមកនេះ លោក ពូទីន បានបញ្ជាក់ថា៖ «រុស្ស៊ី កំពុងស្នើឱ្យទីក្រុងគៀវ ចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ឡើងវិញដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយថារុស្ស៊ី ស្នើឱ្យមានការចរចានេះត្រូវចាប់ផ្ដើមឡើងវិញនៅថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភា ក្នុងសប្ដាហ៍នេះក្នុងទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួកគី។»
លោក ពូទីន មិនបាននិយាយពីបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អឺរ៉ុប ហើយអ៊ុយក្រែន បានយល់ព្រមហើយនោះទេ។
កាលពីថ្ងៃសៅរ៍ ទី១០ ឧសភា លោក ហ្សេឡេនស្គី រួមជាមួយមេដឹកនាំអឺរ៉ុប មានដូចជា ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានស្នើឱ្យរុស្ស៊ី ទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយបទឈប់បាញ់នេះ អាចនឹងចាប់ផ្ដើមនៅថ្ងៃចន្ទ ទី១២ ខែឧសភា ជាមួយការព្រមានដាក់ទណ្ឌកម្មថ្មី ប្រសិនបើទីក្រុងមូស្គូ មិនព្រមអនុវត្តតាមទេនោះ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានគាំទ្របទឈប់បាញ់គ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ ដែលត្រូវបានស្នើឡើងក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយថាសហភាពអឺរ៉ុប បានត្រៀមរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុងមូស្គូ ប្រសិនបើបទឈប់បាញ់ត្រូវបំពាន។
លោកស្រី von der Leyen បានសរសេរលើប្រព័ន្ធបណ្ដាញសង្គម X ថា សម្រាប់អឺរ៉ុប ត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាការដាក់សម្ពាធខ្លាំងលើរុស្ស៊ី និងដាក់ទណ្ឌកម្មបន្ថែមទៀតក្នុងករណីមានការបំពានបទឈប់បាញ់។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការ NATO ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា នេះ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល NATO នៅទីក្រុងឡាអេ ក្នុងខែមិថុនា ខាងមុខនេះ។
លោករដ្ឋមន្ត្រី Rubio នឹងជំរុញរបៀបវារៈរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការធានាថា សម្ព័ន្ធមិត្តរបស់ NATO រួមចំណែកដោយយុត្តិធម៌ ដើម្បីធ្វើឲ្យអង្គការយោធាអឺរ៉ុបមួយនេះកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន ព្រោះកិច្ចប្រជុំនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូត ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយចំពោះសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន៕
© 2025, . All rights reserved.