សមយុទ្ធយោធាឈ្មោះ នាគមាស ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា នៅលើទឹកដីរាជាណាចក្រកម្ពុជា ដោយមានទាហានខ្មែរ ១៣៣១នាក់ ចូលរួមជាមួយនឹងទាហានចិន ៨៤៥នាក់។
ខាងខ្មែរ នឹងប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា និងឧទ្ធម្ភាគចក្រ។ ចំណែកឯខាងចិន នឹងប្រើប្រាស់នាវាចម្បាំងទំនើប ៣គ្រឿង មានទាំងនាវាផ្ទុកទាហានឡើងគោក Z-075 Sichuan, Z-076 Yulan ដ្រូនយកការណ៍ និងទម្លាក់គ្រាប់បែក សុនខយន្ត រថយន្តបញ្ជាការ C5 ប្រភេទ អូម៉ូដា (OMODA) រូបរាងដូចរថយន្តអ្នកដំណើរផលិតនៅស្រុកចិន ម៉ាក Chery។
សមយុទ្ធនេះ ក៏ជាឱកាសឲ្យចិន ផ្សាយពាណិជ្ជកម្មអំពីផលិតផលយោធាទំនើប ដោយយកទៅប្រើផ្ទាល់លើទឹកដី មិនចាំបាច់ដាក់តាំងនៅសាលតាំងពិព័រណ៍។
តាមការចុះផ្សាយក្នុងព្រឹត្តិបត្រ Naval News ពីក្រុងប៉ារីស ប្រទេសបារាំង ប្រទេសចិន ផលិតចេញនាវាចម្បាំងបី គឺ Hainan 31, Guangxi 32, Anhui 33 និងប្រភេទ Z-075 Sichuan, Z-076 Yulan ផលិតដោយក្រុមហ៊ុន Hudong Zhonghua នៅក្រុង Shanghai។
ទីតាំងពីរក្នុងស្រុកខ្មែរដែលនឹងត្រូវប្រើសម្រាប់ធ្វើសមយុទ្ធ គឺដែនសមុទ្រខេត្តព្រះសីហនុ ខាងជើងទឹក និងជើងគោក/ជើងអាកាស នៅភ្នំជុំសែនរីករាយ បន្ទាយហ្វឹកហាត់កងរាជអាវុធហត្ថជាតិក្នុងខេត្តកំពង់ឆ្នាំង៕
© 2025, . All rights reserved.