សមាគមខ្មែរកម្ពុជាក្រោម ប្រកាសប្រារព្ធពិធីបុណ្យរំឭកខួប ៧៦ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដោយបានយាងព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចូលរួមក្នុងពិធីបុណ្យនេះផងដែរ ដើម្បីរំឭកនូវវីរភាពបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានបូជាជីវិតការពារទឹកដី។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ចេញលិខិតអំពាវនាវកាលពីថ្ងៃទី១១ ឧសភា។
ប្រភពដដែលរៀបរាប់ថា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ជាខួបលើកទី ៧៦ឆ្នាំដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ជូរចត់មួយសម្រាប់ប្រជាជាតិខ្មែរគ្រប់រូប ដោយសារតែអាណាព្យាបាលបារាំង កាត់ទឹកដីកម្ពុជាក្រោមប្រគល់ទៅឱ្យប្រទេសវៀតណាម ដោយឥតមានការអនុញ្ញាតពីព្រះរាជាខ្មែរ។
សមាគមខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ពិធីបុណ្យនេះក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធព្រះវីរបុរសខ្មែរស្នេហាជាតិទាំងអស់ដែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការរំឭកដល់កុលបុត្រកុលធីតាខ្មែរគ្រប់រូប គ្រប់ជំនាន់ ឱ្យចងចាំនូវប្រវត្តិសាស្ត្រដ៏ជូរចត់នៃការបាត់បង់ទឹកដី និងវីរបុរសជាតិរបស់ខ្លួនផងដែរ។
ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅវត្តសាមគ្គីរង្សី ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំង បានអនុម័តកាត់ទឹកដីកម្ពុជាក្រោម ដែលហៅថា កូសាំងស៊ីន (Cochinchine) ឱ្យទៅប្រទេសវៀតណាម ត្រួតត្រាបន្តពីខ្លួន ដោយគ្មានការឯកភាពពីព្រះមហាក្សត្រខ្មែរនោះឡើយ អំឡុងពេលដែលបារាំង ធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជានោះ។
ការសម្រេចចិត្តខាងរដ្ឋការបារាំង ដោយគ្មានការឯកភាពពីព្រះមហាក្សត្រខ្មែរ ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកនេះ បានបន្សល់ទុកឲ្យពលរដ្ឋខ្មែរក្រោមជាច្រើនលាននាក់ដែលជាម្ចាស់ស្រុក ក្លាយជាជនជាតិដើមភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួនរហូតដល់ពេលបច្ចុប្បន្ន។
ទឹកដីកម្ពុជាក្រោម ជាដីសណ្ដស្ថិតនៅភាគខាងក្រោមនៃប្រទេសកម្ពុជា ដែលមាន ២១ខេត្ត និងមានទំហំប្រមាណជាជិត ៧ម៉ឺនគីឡូម៉ែត្រក្រឡា (៦៧៧០០គីឡូម៉ែត្រក្រឡា) ប្រហាក់ប្រហែលពាក់កណ្តាលនៃផ្ទៃដីសរុបនៃប្រទេសកម្ពុជាបច្ចុប្បន្ន ខណៈខេត្តទាំង២១ នោះ ក៏ត្រូវអធិរាជអណ្ណាម ផ្លាស់ប្ដូរឈ្មោះខ្មែរឲ្យទៅជាឈ្មោះវៀតណាម អស់ហើយសព្វថ្ងៃនេះ៕
© 2025, . All rights reserved.