អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ព័ត៌មានជាតិ

ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង នឹង​ត្រូវ​បិទ​ដំណើរការ​នៅ​ថ្ងៃទី​១០ ខែ​កក្កដា

By ឌឹ ខេមបូឌា ដេលី

May 14, 2025

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​បម្រើ​ការ​លើ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​កម្ពុជា​តាំងពី​ឆ្នាំ​១៩៥៩ នឹង​បិទ​ដំណើរការ​ទាំងស្រុង​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០២៥ បន្ទាប់ពី​លេច​រូបរាង​ឡើង​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ស្ថិត​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ។

អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់សិរិវុត្ថា បាន​លើកឡើង​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ កម្ពុជា​នឹង​ផ្ទេរ​ជើងហោះហើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង) ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នៅ​ថ្ងៃទី​១០ ខែ​កក្កដា ខាងមុខ​នេះ។

លោក​អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​មាន​តម្លៃ ១៥០០​លាន​ដុល្លារ ហើយ​ថា​ការ​កំណត់​ថ្ងៃ ឬ​ពេលវេលា​ជាក់លាក់​នៃ​ការ​បិទ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​វាយតម្លៃ​ចុងក្រោយ និង​សវនកម្ម​លើក​ទី​២ របស់​ក្រុម​ការងារ​បច្ចេកទេស ដែល​ធ្វើឡើង​នៅ​ដំណាច់​ខែ​ឧសភា ខាងមុខ​នេះ។

លោក ស៊ិន ចាន់សិរីវុត្ថា បាន​អះអាង​ថា ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​នឹង​បិទ​ដំណើរការ​នៅ​ម៉ោង ០០:០០​យប់​រំលង​អធ្រាត្រ​ថ្ងៃទី​៩ ឈាន​ចូល​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នោះ គឺ​ដោយសារ​ប្រតិបត្តិការ​ទាំងអស់ ត្រូវ​រើ​ទាំងស្រុង​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ តាម​ការ​គ្រោង​ទុក។

លោក​បញ្ជាក់​ថា ជើងហោះហើរ​ចុងក្រោយ​គេ​បង្អស់​ជា​ប្រវត្តិសាស្ត្រ មុន​នឹង​បិទ​ដំណើរការ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង គឺជា​ជើងហោះហើរ Korean Air។

គម្រោង​វិនិយោគ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២០ ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ ១៥០០​លាន​ដុល្លារ (មិន​គិត​បញ្ចូល​តម្លៃ​ដី) ដែល​ជា​ការ​វិនិយោគ​រវាង​រដ្ឋ និង​ឯកជន ដោយ​ក្រុមហ៊ុន​ឯកជន OCIC មាន​ភាគហ៊ុន ៩០% និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (SSCA) ១០%។ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គឺជា​អាកាសយានដ្ឋាន Greenfield ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ២៦០០​ហិកតា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។

អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត​ធំ​លំដាប់ 4F នេះ អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ប្រភេទ​ធុន​ធំៗ ដូចជា Airbus A380-800 និង​យន្តហោះ Boeing 747-800 ចុះ​ចត​បាន។

អាកាសយានដ្ឋាន​នេះ​រចនា​ឡើង​ជា ៣​ដំណាក់កាល ដោយ​ដំណាក់កាល​១ ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៣០ អាច​ទទួល​ភ្ញៀវ​បាន​ចំនួន ១៥​លាន​នាក់។ ដំណាក់កាល​ទី​២ ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ ទទួល​ភ្ញៀវ​បាន ៣០​លាន​នាក់ និង​ដំណាក់កាល​ទី​៣ ចាប់ពី​ឆ្នាំ​២០៥០ អាច​ទទួល​ភ្ញៀវ​បាន ៤៥​លាន​នាក់។

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​បាន​សាងសង់​ជា​លើកដំបូង​ដោយ​បារាំង នៅ​ឆ្នាំ​១៩៥៧ និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​១៩៥៩ ដោយ​មាន​ឈ្មោះ​ថា «អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង»

ដើម្បី​ឆ្លើយតប​នឹង​កំណើន​ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស អាកាសយានដ្ឋាន​នេះ​ត្រូវ​បាន​បើក​ការដ្ឋាន​រុះរើ​សាងសង់​ជា​ថ្មី​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៥ ដោយ​ក្រុមហ៊ុន SCA ឬ (Société de Concession de l’Aéroport)។ អាកាសយានដ្ឋាន​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០០២ មាន​លទ្ធភាព​ទទួល​អ្នក​ដំណើរ​បាន ៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០០៣៕

© 2025, . All rights reserved.