នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាម សរុបចំនួន ៣៧នាក់ ចេញពីកម្ពុជា ដោយជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅ និងធ្វើការខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបានអនុវត្តទោសចប់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា បានបញ្ជាឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៣៧នាក់ ស្រី ៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ ខេត្តស្វាយរៀង។
លោក សុខ វាសនា បានឲ្យដឹងថា ជនជាតិវៀតណាម សរុបចំនួន ៣៧នាក់នោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តកណ្តាល និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ។
ច្បាប់ស្ដីពីអន្តោប្រវេសន៍របស់កម្ពុជា ដែលផ្តល់សិទ្ធិដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចបណ្តេញជនបរទេសពីកម្ពុជាបាន ដូចជា៖
- មាត្រា៣៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបណ្តេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសអន្តោប្រវេសន៍ណាដែលរំលោភលើបញ្ញត្តិច្បាប់អន្តោប្រវេសន៍។
- មាត្រា៣៦ រាល់ជនបរទេសដូចជា ទី១ មានអាកប្បកិរិយា និងសកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា ទី២ ក្រសួងមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ថាជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា ទី៣ មកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានបណ្ណការងារ។
- មាត្រា៣៧ រាល់ជនបរទេសណាដែលចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់។
- មាត្រា៣៨ សេចក្តីសម្រេចបណ្តេញចេញត្រូវអនុវត្តភ្លាម ចាប់ពីថ្ងៃចុះហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សាមីខ្លួនមានសិទ្ធិប្តឹងទៅតុលាការក្នុងរយៈពេល ២ខែ។
- ចំណែកមាត្រា៣៩ ការបណ្តេញចេញត្រូវអនុវត្តក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ ក្រោយពីសេចក្តីសម្រេចជាផ្លូវការពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកលែងតែមានសាលក្រមផ្អាកការអនុវត្តពីតុលាការ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងមក អាជ្ញាធរខេត្តព្រះសីហនុ បានបណ្តេញជនជាតិវៀតណាម ចំនួន ២៣១នាក់ចេញពីប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រែកចាក។ ការបណ្តេញជនជាតិវៀតណាមទាំងនោះ ក្រោយពីសមត្ថកិច្ចរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ដែលប្រព្រឹត្តនៅតាម ៣ទីតាំងផ្សេងគ្នាក្នុងខេត្តព្រះសីហនុ៕
© 2025, . All rights reserved.