មកទល់ពេលនេះ ឥណ្ឌា និងប៉ាគីស្ថាន កំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់ មិនទាន់ឃើញមានការចុះផ្សាយថាកងទ័ពនៃប្រទេសទាំងពីរបន្តវាយប្រហារដាក់គ្នានោះទេ បន្ទាប់ពីភាគីទាំងពីរយល់ព្រមជាថ្មីម្ដងទៀត ទទួលយកបទឈប់បាញ់ដែលស្នើឡើងដោយអាមេរិក។
តែជាមួយគ្នានេះ ប៉ាគីស្ថាន និងឥណ្ឌា បែរជាដណ្ដើមគ្នាអួតពីជោគជ័យក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃជាប់គ្នានេះទៅវិញ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Muhammad Shehbaz Sharif បានប្រកាសកំណត់ថ្ងៃទី១០ ខែឧសភា រៀងរាល់ឆ្នាំ ជា «ទិវាប្រយុទ្ធដើម្បីសច្ចភាព» ជាថ្ងៃអបអរនៃការសម្រេចបានជ័យជម្នះចេញពីការសាមគ្គីជាតិនៃប្រទេសជាតិប៉ាគីស្ថាន។
លោក Shehbaz Sharif អះអាងថា ប៉ាគីស្ថាន សម្រេចបានជ័យជម្នះធំធេងក្នុងប្រតិបត្តិការវាយលុកប្រឆាំងឥណ្ឌា ដែលប្រទេសប៉ាគីស្ថាន ត្រូវកំណត់យកថ្ងៃទី១០ ខែឧសភា ដើម្បីឧទ្ទិសដល់កងកម្លាំងវាយការពារទឹកដីប៉ាគីស្ថាន ពីកម្លាំងឈ្លានពាន ហើយនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ ក៏ត្រូវឧទ្ទិសជោគជ័យនេះដល់ព្រះអាឡោះផងដែរ។
សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលមើលទៅជាប្រតិកម្មទៅនឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនឌ្រា មូឌី ដែលសច្ចាសងសឹកបន្តទៀត ប្រសិនបើមានការវាយប្រហារភេរវកម្មលើឥណ្ឌា។
លោក ណារិនឌ្រា មូឌី ប្រកាសថា ប្រទេសរបស់លោកមិនបារម្ភចំពោះប៉ាគីស្ថាន ដែលគំរាមបាញ់នុយក្លេអ៊ែរលើឥណ្ឌា នោះទេ។
នាយករដ្ឋមន្ត្រីឥណ្ឌា ដែលកាន់សាសនាហិនឌូ ព្រមានថា ឥណ្ឌានឹងឆ្លើយតបភ្លាមៗ ហើយធ្ងន់ធ្ងរទៅចំពោះអំពើភេរវកម្មណាមួយបើកើតឡើងម្ដងទៀត។
លោក ណារិនឌ្រា មូឌី អះអាងថា រាល់ការគំរាមបាញ់នុយក្លេអ៊ែរ មិនធ្វើឲ្យឥណ្ឌា ខ្លាចបន្តិចឡើយ ហើយថាការសម្លុតគំរាមវាយប្រហារដោយនុយក្លេអ៊ែរ នឹងក្លាយទៅជាគោលដៅដែលឥណ្ឌា ត្រូវវាយបកយ៉ាងធ្ងន់ធ្ងរបំផុត។
ទោះជាបែបនេះក្ដី លោក ណារិនឌ្រា មូឌី ដែលថ្លែងទៅកាន់ជនរួមជាតិរបស់លោក បានបញ្ជាក់ថា ការវាយប្រហាររបស់កងទ័ពឥណ្ឌា គ្រាន់តែជាប្រតិកម្មសងសឹកទៅលើជំរំភេរវករប៉ាគីស្ថាន ប៉ុណ្ណោះ វាមិនមែនជាការបញ្ឈប់ទាំងស្រុងទេ ដែលឥណ្ឌា មិនអត់ឱនដាច់ខាតចំពោះអំពើភេរវកម្ម ហើយការវាយប្រហារលើកក្រោយ បើក្រុមភេរវកម្មវាយប្រហារលើប្រជាជនឥណ្ឌា ឬអ្នកទេសចរ ឥណ្ឌានឹងរុញទ័ពតាមកម្ទេចដល់ជំរំភេរវករក្នុងទឹកដីប៉ាគីស្ថាន តែម្តង។
ដើមហេតុដែលនាំឱ្យប្រទេសទាំងពីរនេះវាយប្រហារដោយបាញ់មីស៊ីល បាញ់កាំភ្លើងធំ រហូតប្រើយន្តហោះចម្បាំងវាយប្រហារគ្នា ក្រោយពីឥណ្ឌា បើកប្រតិបត្តិការយោធា Sindoor សងសឹកតាមកម្ទេចវាយប្រហារចូលខាងក្នុងទឹកដីប៉ាគីស្ថាន។ ប្រតិបត្តិការយោធា Sindoor របស់ឥណ្ឌា បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា ទៅលើទេសចរមួយក្រុមនៅតំបន់កាស្មៀរ ខាងក្នុងទឹកដីឥណ្ឌា បណ្តាលឱ្យមនុស្ស ២៦នាក់បាត់បង់ជីវិត ដែលនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនឌ្រា មូឌី ប្រកាសសងសឹកឱ្យបានសម្រេច។
ហេតុការណ៍នេះ ទីក្រុងញូវដែលី ភ្លាមៗបានចោទទីក្រុងអ៊ីស្លាម៉ាបាដ ថាជាអ្នកគាំទ្រអំពើភេរវកម្មឆ្លងដែន។
ជម្លោះដែលបង្កឱ្យមានការបាញ់ប្រហារគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន បានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃពុធ ទី៧ ឧសភា គិតត្រឹមពេលនេះ ជម្លោះរវាងប្រទេសទាំងពីរបានផ្តាច់ជីវិតមនុស្សជាង ៧០នាក់។
ជាមួយគ្នានេះ ប្រទេសទាំងពីរកំពុងអួតរៀងៗខ្លួនពីជ័យជម្នះក្នុងការវាយប្រហារគ្នា។ ប៉ាគីស្ថាន អួតថាបានបាញ់ទម្លាក់យន្តហោះឥណ្ឌា ៥គ្រឿង ក្នុងនោះ យន្តហោះ Rafale ៣គ្រឿងជាយន្តហោះផលិតនៅប្រទេសបារាំង និងយន្តហោះរុស្ស៊ី ២គ្រឿង ប្រភេទ Su-30 ត្រូវបានបាញ់កម្ទេចដោយមីស៊ីលបាញ់ចេញពីយន្តហោះចម្បាំងប៉ាគីស្ថាន J-10 ជាយន្តហោះរបស់ចិន ដែលប៉ាគីស្ថាន ទិញពីចិន។
ក្រៅពីនេះ ប៉ាគីស្ថាន អះអាងថា កងកាំភ្លើងធំ និងមីស៊ីលរបស់ខ្លួន បានបាញ់ចំគោលដៅយោធារបស់ឥណ្ឌា ដោយសម្លាប់ទ័ពឥណ្ឌា ពី ៤០ ទៅ ៥០នាក់។
ចំណែកឯឥណ្ឌា វិញ អួតថាបានបាញ់ទម្លាក់យន្តហោះប៉ាគីស្ថាន បាន ៣គ្រឿង ក្នុងនោះ យន្តហោះចិន JF-17 ចំនួន ២គ្រឿង និង F-16 មួយគ្រឿង និងវាយប្រហារជំរំក្រុមភេរវកម្មប៉ាគីស្ថាន ជាច្រើនទីតាំង ដោយសម្លាប់ភេរវករបានជាង ១០០នាក់។ នេះបើតាមគេហទំព័រព័ត៌មាន idrw.org របស់ក្រុមស្រាវជ្រាវការពារជាតិឥណ្ឌា។
បើទោះភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់ក៏ដោយ តែភាគីទាំងពីរនៅតែដាក់ពង្រាយទ័ព និងសព្វាវុធប្រឈមមុខដាក់គ្នានៅឡើយ។
កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា កងទ័ពជើងទឹកឥណ្ឌា និយាយថា នាវាចម្បាំង និងនាវាផ្ទុកយន្តហោះរបស់ឥណ្ឌា ត្រូវបានបញ្ជូនទៅភាគខាងជើងសមុទ្រអារ៉ាប់ ក្នុងគោលដៅស្កាត់ និងប្រតិបត្តិការយ៉ាងលឿនរហ័ស វាយប្រហារលើគោលដៅដែលបានកំណត់ បើប៉ាគីស្ថាន បើកការវាយប្រហារលើប្រទេសឥណ្ឌា ម្ដងទៀត ដែលជាការរំលោភយុទ្ធសន្តិភាពនៃបទឈប់បាញ់។ ចំណែកភាគីប៉ាគីស្ថាន ព្រមានថា កងយន្តហោះប៉ាគីស្ថាន អាចកម្ទេចនាវាចម្បាំងឥណ្ឌា យ៉ាងលឿន និងមានប្រសិទ្ធភាព៕
© 2025, . All rights reserved.