ក្រសួងសុខាភិបាល ជូនដំណឹងពីការរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៥ករណី តាមរយៈលទ្ធផលតេស្ដបញ្ជាក់ដោយ PCR នាថ្ងៃទី១៣ ខែឧសភា ខណៈជំងឺនេះបានបំប្លែងទៅជាមេរោគអូមីក្រុងបំប្លែងថ្មីប្រភេទ ជេអ៊ិន១ (JN1) ដែលជាវីរុសកំពុងស្ថិតក្នុងចំណាត់ថ្នាក់ចំណាប់អារម្មណ៍របស់ពិភពលោកក្នុងពេលនេះ។
ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ឧសភា នេះថា នៅពេលនេះ កម្ពុជាមានករណីឆ្លងថ្មីចំនួន ៥ករណីទៀតហើយ ស្របពេលដែលអ្នកឆ្លងមានចំនួនសរុបជាង ២ម៉ឺននាក់នាពេលកន្លងមក (២១២៤៦នាក់)។
សេចក្ដីប្រកាសព័ត៌មានដដែល អះអាងថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ ឆ្លងពីក្រៅប្រទេសមកកម្ពុជាមានចំនួនជាង ២ម៉ឺននាក់ (២១២៤៦នាក់) និងឆ្លងក្នុងសហគមន៍ក៏មានជាង ១ម៉ឺននាក់ផងដែរ (១៧៥១៧នាក់)។
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ មក កម្ពុជាមានអ្នកស្លាប់សរុបជាង ៣ពាន់នាក់ (៣០៥៦នាក់) និងអ្នកដែលត្រូវបានព្យាបាលជាសះស្បើយមានរហូតទៅដល់ជាង ១សែននាក់នាក់ (១៣៦២៧៧នាក់)។
កាលពីថ្ងៃទី១២ ខែឧសភា ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបំប្លែងខ្លួនពីមេរោគអូមីក្រុងបំប្លែងថ្មី ជេអ៊ិន១ (JN1) ហើយកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោកក្នុងពេលនេះ។
ក្រសួងអះអាងថា បើទោះបីជាមិនទាន់មានភស្តុតាងបញ្ជាក់ថា វីរុសប្រភេទថ្មីនេះអាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទវីរុសអូមីក្រុងមុនៗក៏ដោយ ប៉ុន្តែមេរោគប្រភេទថ្មី ជេអ៊ិន១ អាចឆ្លងកាន់តែខ្ពស់ និងលឿន ព្រមទាំងអាចបញ្ជ្រាបចូលក្នុងប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំងជាងមុនផងដែរ។
ប្រភពដដែលបញ្ជាក់ថា អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជា អ្នកមានជំងឺរ៉ាំរ៉ៃ អ្នកមានជំងឺទឹកនោមផ្អែម អ្នកមានជំងឺលើសឈាម មនុស្សចាស់ជរា និងស្ត្រីមានផ្ទៃពោះ ជាដើម ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត៕
© 2025, . All rights reserved.