ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចេញសារាចរបញ្ជាឲ្យដំឡើងពន្ធទំនិញនាំចូលទីផ្សារសហរដ្ឋអាមេរិក ហៅថា ពន្ធអាហរ័ណ លើប្រទេសជាច្រើនដែលចូលជាធរមានបញ្ញត្តិក្នុងខែមេសា ឆ្នាំ២០២៥ នេះ ហើយប្រទេសកម្ពុជា ក៏មានឈ្មោះក្នុងចំណោមប្រទេសរាប់សិបឯទៀត ត្រូវបង់ពន្ធទំនិញរបស់ខ្លួន ៤៩% ដែលបរិមាណភាគច្រើនជាគ្រឿងសម្លៀកបំពាក់កាត់ដេរ ប៉ាក់ ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនទិញដុលអាមេរិកាំង។
ដើម្បីជាការលួងចិត្ត ប្រទេសកម្ពុជាសម្រេចចិត្តបញ្ចុះពន្ធលើទំនិញអាមេរិកាំងពី ៣៥% មកត្រឹម ៥%។ ឥឡូវនេះ តំណាងរាជរដ្ឋាភិបាល កំពុងចរចាជាមួយមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
កត្តាមួយដែលជំរុញឲ្យរដ្ឋការលោក ដូណាល់ ត្រាំ សម្រេចធ្វើដូច្នោះ គឺការធ្វើជំនួញជាមួយគ្នាមិនសុចរិត មិនស្មោះត្រង់ជាដៃគូពាណិជ្ជកម្ម គៃបំបាត់បន្លំភ្នែកគ្នា កេងយកចំណេញ ដែលតាមពិតខ្មែរមិនសូវបានផលប្រយោជន៍ប៉ុន្មាននោះទេ។
គេមិនទាន់ដឹងថា មន្ត្រីខ្មែរនឹងនិយាយប្រាប់មន្ត្រីអាមេរិកាំងរបៀបដូចម្តេចទេក្នុងកិច្ចចរចា។ តាមទម្លាប់ មន្ត្រីខ្មែរច្រើនតែទៅត្អូញត្អែរឲ្យគេអាណិត ដូចជាថា កម្មករជិត ១លាននាក់ រួមទាំងគ្រួសាររបស់ពួកគេ រស់អាស្រ័យនឹងវិស័យកាត់ដេរ។
នៅខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ (International Trade Administration) នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតមួយលើទំនិញជាក្របសៀតក្រដាសសំណុំ ហៅថា ស៊ឺមីស៍ ឬ ហ្វូលឌើ ដែលប្រទេសពីររកស៊ីបន្លំ គឺប្រទេសកម្ពុជា និងប្រទេសសិរីលង្កា។ បន្ទាប់ពីរកឃើញថា ដៃគូពាណិជ្ជកម្មមិនស្មោះត្រង់ សហរដ្ឋអាមេរិករកវិធីសាស្ត្រធ្វើយ៉ាងណាឲ្យជំនួញរវាងប្រទេសទាំងពីរមានតុល្យភាព និងស្មើភាពគ្នា។
តាមការចេញផ្សាយពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក គេរកឃើញថា ប្រទេសទាំងពីរផលិតប្រដាប់ប្រដាសម្រាប់ការិយាល័យនៅក្នុងស្រុក chemise/folder មានតម្លៃថោកៗ ដោយសាររដ្ឋជួយឧបត្ថម្ភទុនជារបៀបហូតពន្ធទាប ឬមិនយកពន្ធ រួចដឹកទៅលក់ចាក់ធារបញ្ចុះតម្លៃថោក ធ្វើឲ្យផលិតផលដូចគ្នាផលិតដោយក្រុមហ៊ុនអាមេរិកាំង ចាញ់ប្រៀប ប្រកួតប្រជែងមិនឈ្នះ ហើយមានខ្លះក៏ក្ស័យធន។
ទោះជាទំហំចំណូលមិនស្មើនឹងចំណូលពីសម្លៀកបំពាក់ក៏ដោយ ប៉ុន្តែវាបង្ហាញឲ្យឃើញអំពីរូបភាព និងទំហំនៃការស៊ីបន្លំមានកម្រិតភាគរយខ្ពស់ហួសពីការព្រមព្រៀងគ្នាតាមលក្ខខណ្ឌពេក មិនមែនជារឿងតូចតាចតិចជាង ១% ហៅថា de minimis នោះទេ គឺលើសចាប់ពី ១២៨% ទៅ ២៨៨% ពីប្រទេសកម្ពុជា និងពី ២៤% ទៅ ៩១% ពីប្រទេសសិរីលង្កា។ ឧទាហរណ៍ថា chemise/folder មួយផលិតនៅប្រទេសកម្ពុជា អស់ថ្លៃចំណាយត្រឹម ៥ដុល្លារ ហើយលក់នៅទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែថ្លៃក្រោម chemise/folder ផលិតនៅសហរដ្ឋអាមេរិកដែលលក់របស់ដូចគ្នា ថ្លៃ ១០ដុល្លារ ផលិតករអាមេរិកាំងមិនអាចប្រកួតបានទេ។ ដូច្នេះ រដ្ឋាភិបាលអាមេរិកាំងត្រូវដាក់ពន្ធជាភាគរយលើទំនិញដូចគ្នាដែលនាំចូល។
ភាសាក្នុងពាណិជ្ជកម្ម ហៅតាមអង់គ្លេសថា anti-dumping duty គឺពន្ធលើទំនិញនាំចូល លក់នៅផ្សារអន្តរជាតិថោកជាងលក់នៅក្នុងស្រុកផលិតទំនិញនោះ។ រីឯពាក្យថា countervailing duty គឺពន្ធលើទំនិញនាំចូល ដែលរដ្ឋាភិបាលជួយឧបត្ថម្ភទុនរបៀបណាមួយ ដើម្បីលក់នៅទីផ្សារអន្តរជាតិថោកជាងផលិតស្រុកនោះផលិតដូចគ្នា៕
© 2025, . All rights reserved.