ក្មេងប្រុសវ័យ ១១ឆ្នាំម្នាក់រស់នៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់ដោយជំងឺផ្ដាសាយបក្សីប្រភេទ H5N1 កាលពីថ្ងៃទី២៧ ខែឧសភា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា កុមារម្នាក់នោះត្រូវបានរកឃើញថាមានវិជ្ជមានវីរុសផ្ដាសាយបក្សី H5N1។ នៅក្នុងថ្ងៃដដែល កុមាររូបនេះក៏បានស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរពេក ដូចជាមានអាការៈគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។
ប្រភពដដែលអះអាងថា តាមការសាកសួរ បង្ហាញថា នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺ និងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺមកម្ល៉េះ។
ក្រសួងសុខាភិបាល បានក្រើនរំលឹកសាជាថ្មីដល់ពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពរបស់ពលរដ្ឋ។
ក្រសួងបន្តពន្យល់ថា ប្រសិនបើពលរដ្ឋមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង ១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតខ្លួនជាបន្ទាន់។
ប្រភពខាងលើបន្ថែមថា ដើម្បីបង្ការពីការចម្លងនូវជំងឺ សូមពលរដ្ឋកុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិទច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។
ក្រសួងសុខាភិបាល បានបន្ថែមថា ប្រសិនបើមានមាន់ទាឈឺ ឬងាប់ច្រើននៅផ្ទះ ឬក្នុងភូមិ ហើយមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
ជំងឺផ្ដាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាល វាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។
នេះជាករណីឆ្លង និងស្លាប់ដោយជំងឺផ្ដាសាយបក្សីទី៤ ហើយ ដែលត្រូវបានរកឃើញនៅកម្ពុជា នៅក្នុងឆ្នាំ២០២៥ នេះ ខណៈចាប់តាំងពីការផ្ទុះជំងឺនេះនៅកម្ពុជាដំបូងក្នុងឆ្នាំ២០០៥ មក ជំងឺផ្ដាសាយបក្សីបានសម្លាប់ពលរដ្ឋសរុប ៤៧នាក់ក្នុងចំណោមអ្នកដែលឆ្លងសរុប ៧៦ករណី៕
© 2025, . All rights reserved.