ព័ត៌មានអន្តរជាតិ

ទស្សនៈ​សន្តិភាព​និយម​ដែល​គ្មាន​ភាពរឹងមាំ​ក្នុង​វិស័យ​ការពារ​ជាតិ ជា​ទស្សនៈ​ភាន់ច្រឡំ​ដូច​ករណី​អ៊ុយក្រែន​ត្រូវ​រុស្ស៊ី​ឈ្លានពាន

By ឌឹ ខេមបូឌា ដេលី

May 29, 2025

បើ​ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ធំៗ​កំពុងតែ​ព្យាយាម​ឱ្យ​ខ្លួន​គេ​សម្រេច​បាន​នូវ​មហិច្ឆតា​ឱបក្រសោប​យក​ទឹកដី​ប្រទេស​តូច និង​ទន់ខ្សោយ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន។ ជាក់ស្ដែង កាល​ដែល​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន គឺជា​រឿង​ពិត ក្រោយពី​អ៊ុយក្រែន បាត់បង់​ទាំងស្រុង​នូវ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដែល​របូត​ធ្លាក់​ទៅ​លើ​ដៃ​រុស្ស៊ី។

កាលពី​ឆ្នាំ​១៩៩៤ អ៊ុយក្រែន បាន​យល់ព្រម​ផ្ទេរ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទៅ​ឱ្យ​រុស្ស៊ី នៅ​ក្រោម​សន្ធិសញ្ញា​ស្ដីពី​ការ​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​សំណង​សេដ្ឋកិច្ច និង​ការ​ធានា​សន្តិសុខ​ពី​ប្រទេស​រុស្ស៊ី ហើយ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ក៏​ជា​សាក្សី​ក្នុង​ការ​គោរព​ឯករាជភាព និង​អធិបតេយ្យភាព​របស់​អ៊ុយក្រែន នៅ​ក្នុង​ព្រំដែន​ដែល​មាន​ស្រាប់​នៅ​ឆ្នាំ​១៩៩១។

២០​ឆ្នាំ​ក្រោយ​មក រុស្ស៊ី ដែល​ជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង បាន​រំលោភ​សន្ធិសញ្ញា​នោះ ហើយ​បាន​បង្ក​ការ​ឈ្លានពាន​អ៊ុយក្រែន ក្នុង​ឆ្នាំ​២០១៤ ក្រោយពី​ក្រុង​មូស្គូ ចាប់​យក​បាន​ដែនដី​គ្រីមៀរ នៅ​ខែ​មីនា ឆ្នាំ​២០១៤។

រុស្ស៊ី នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក វ៉្លាឌីមៀ ពូទីន បាន​រុញ​ឱ្យ​មាន​កម្លាំង​ឧទ្ទាម​របស់​ខ្លួន​បង្ក​អបគមន៍​ចាប់​យក​តំបន់​ដុនបាស​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​មេដឹកនាំ​អ៊ុយក្រែន ដែល​សម្រេច​លើក​ទ័ព​ទៅ​វាយ​កម្លាំង​ឧទ្ទាម​របស់​រុស្ស៊ី គឺ​លោក ភិតធើរ៍ ប៉េរ៉ូឆេនកូ។

លោក ភិតធើរ៍ ប៉េរ៉ូឆេនកូ បាន​បញ្ជូន​ទ័ព​ទៅ​ទប់ស្កាត់​កម្លាំង​អបគមន៍​របស់​កងទ័ព​ឧទ្ទាម​របស់​រុស្ស៊ី នៅ​ក្នុង​ឆ្នាំ​២០១៤ រហូត​រុស្ស៊ី ផ្ទុះ​សង្គ្រាម​ពេញ​ទំហឹង​វាយលុក​អ៊ុយក្រែន នៅ​ឆ្នាំ​ខែ​កុម្ភៈ ឆ្នាំ​២០២២ តែម្តង ដែល​សង្គ្រាម​នេះ​កំពុង​បន្ត​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ។

ក្នុង​ស្ថានភាព​នេះ លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បច្ចុប្បន្ន បាន​សុំ​ឱ្យ​អាមេរិក​ប្រគល់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទៅ​ឱ្យ​អ៊ុយក្រែន ដែល​លោក​អះអាង​ថា បើ​អ៊ុយក្រែន នៅ​បន្ត​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ម្ល៉ោះ​រុស្ស៊ី បាន​ត្រឹមតែ​ជា​សមភាគី​នឹង​អ៊ុយក្រែន ប៉ុណ្ណោះ គឺ​គ្មាន​ទេ​ការ​ឈ្លានពាន​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី កំពុង​ដាក់​ផែនការ​ឱ្យ​អ៊ុយក្រែន ជា​ប្រទេស​មាន​ឧស្សាហកម្ម​យោធា និង​សព្វាវុធ ហើយ​ជា​ប្រទេស​មាន​កម្លាំង​ទ័ព​យ៉ាងតិច​មួយ​លាន​នាក់​ក្រោយពី​ដណ្ដើម​បាន​សន្តិភាព​វិញ​ពី​ប្រទេស​រុស្ស៊ី នៅ​ពេល​ណា​មួយ។

លោក ហ្សេឡេនស្គី បន្ទោស​ទៅ​លើ​មេដឹកនាំ​អ៊ុយក្រែន មុនៗ ជាពិសេស​អតីត​ប្រធានាធិបតី លោក វ៉ិចទ័រ យ៉ាណុកូវិច និង​លោក ឡេអូនីន កូច្មា ដែល​ជា​មេដឹកនាំ​អ៊ុយក្រែន សន្តិភាព​និយម​ជាមួយ​រុស្ស៊ី សម្រេច​លះបង់​អ្វី​គ្រប់​បែប​យ៉ាង​ឱ្យ​តែ​បាន​សន្តិភាព​ពី​រុស្ស៊ី។

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Roberta Metsola នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ពេល​ថ្មីៗ​នេះ ក៏​បាន​លើកឡើង​ថា ក្នុង​ស្ថានភាព​ដែល​អ៊ុយក្រែន ធ្វេសប្រហែស​ព្រោះតែ​ទុកចិត្ត​ថា​ប្រទេស​ជិតខាង​ខ្លួន​ជា​មិត្ត គ្មាន​ពេល​ណា​ដែល​ក្បត់​នឹង​អ៊ុយក្រែន នោះ គឺជា​កំហុស​ប្រវត្តិសាស្ត្រ។

លោក​បន្ត​ថា វា​ជា​កំហុស​ដែល​មិន​បាន​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ឱ្យ​បាន​រឹងមាំ និង​ជា​កំហុស​ទុកចិត្ត​មិត្ត​ជ្រុល​ពេក ដែល​ថា​មិន​អាច​ប្រែ​ក្លាយ​ជា​សត្រូវ គឺ​កំហុស​គ្រោះថ្នាក់​ដល់​ប្រជាជាតិ​អ៊ុយក្រែន មក​ទល់​នឹង​ពេលនេះ។

បើ​តាម​លោក Roberta Metsola សន្តិភាព​និយម​ដែល​គ្មាន​ភាព​រឹងមាំ​ក្នុង​វិស័យ​ការពារ​ជាតិ គឺ​គឺជា​ទស្សនៈ​ភាន់ច្រឡំ​ដូច​ករណី​អ៊ុយក្រែន ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។ លោក​ទទូច​ថា ប្រទេស​អឺរ៉ុប​ទាំងអស់ រាប់​ទាំង​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ជាពិសេស​ប្រទេស​ណា​ដែល​នៅ​ជាប់​នឹង​ព្រំដែន​រុស្ស៊ី ឬ​ជាប់​នឹង​ព្រំដែន​ប្រទេស​សម្ព័ន្ធភាព​នឹង​រុស្ស៊ី ត្រូវតែ​កំណត់​ចក្ខុវិស័យ​ឡើងវិញ​ចំពោះ​អ្វី​ដែល​ហៅថា «សន្តិភាព​គ្មាន​ភាព​រឹងមាំ​លើ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន»។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ដាស់តឿន​ថា សន្តិភាព​និយម​ជ្រុល​ពេក​ជាមួយ​ប្រទេស​ជិតខាង​ដូច​មេដឹកនាំ​មុនៗ​របស់​អ៊ុយក្រែន ដែល​នៅ​ទីបំផុត សន្តិភាព​និយម​នេះ​ហើយ​ងាយ​ត្រូវ​បាន​គេ​ឈ្លានពាន​ណាស់។

តែ​ចំពោះ​មេដឹកនាំ​អ៊ុយក្រែន ក្នុង​ពេលនេះ ជា​មេដឹកនាំ​ដែល​មិន​បាន​លុត​ជង្គង់​សុំ​សន្តិភាព​ពី​អ្នក​ឈ្លានពាន​នោះ​ទេ ហើយ​មេដឹកនាំ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បើ​ទោះជា​កើត​ចេញពី​តារា​កំប្លែង​ក៏ដោយ គឺ​មិន​ដែល​បោះ​ពាក្យ​ថា សុំ​សន្តិភាព​ពី​លោក វ៉្លាឌីមៀ ពូទីន បុរស​ខ្លាំង​គ្មាន​គូ​ប្រៀប​នៅ​វិមាន​ក្រឹមឡាំង​ម្ដង​ណា​ឡើយ។

នៅ​មុន​ប៉ុន្មាន​ថ្ងៃ​នៃ​ខួប ៣​ឆ្នាំ​ចូល​មក​ដល់ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​គំរាម​អ៊ុយក្រែន ដែល​មាន​លោក ហ្សេឡេនស្គី ជា​ប្រមុខ​ដឹកនាំ ឱ្យ​ប្រញាប់​ទៅ​កាន់​តុ​ចរចា បើ​ពុំ​នោះ​ទេ ប្រទេស​អ៊ុយក្រែន អាច​នឹង​ត្រូវ​មហាអំណាច​រុស្ស៊ី លេប​បាន​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។ លោក ត្រាំ បាន​ព្រមាន​ទៀត​ថា លោក ហ្សេឡេនស្គី គ្មាន​សន្លឹក​បៀ​នៅ​ក្នុង​ដៃ​ដើម្បី​លេង​ជាមួយ​នឹង​លោក ពូទីន នោះ​ទេ។

លោក ត្រាំ ថា​លោក ពូទីន កំពុងតែ​កាន់​សន្លឹក​បៀ​សន្តិភាព​សម្រាប់​អ៊ុយក្រែន ដែល​អ៊ុយក្រែន មាន​ឱកាស​ដើម្បី​ទទួលយក​សន្តិភាព​ពី​លោក ពូទីន។

សារ​ព្រមាន​របស់​លោក ត្រាំ មិន​បាន​ធ្វើ​ឱ្យ​លោក ហ្សេឡេនស្គី ភ័យខ្លាច ហើយ​លុត​ជង្គង់​ទៅ​ជួប​លោក ពូទីន ភ្លាមៗ​នោះ​ទេ។ លោក ហ្សេឡេនស្គី ដែល​ប្រជាជន​អ៊ុយក្រែន បាន​ហៅថា​ជា​វីរជន​របស់​ខ្លួន បាន​ឆ្លើយតប​វិញ​ថា រឿង​ចរចា​ជា​ការ​ចាំបាច់​ណាស់​ដើម្បី​បញ្ចប់​ការ​ស្លាប់​កងទ័ព ប៉ុន្តែ​អ៊ុយក្រែន ត្រូវតែ​មាន​សន្តិសុខ​មួយ​រឹងមាំ​ជាមួយ​នឹង​កម្លាំង​ទ័ព និង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ត្រូវ​ខ្លាំង​ជា​មុន​សិន គឺ​ខ្លាំង​រហូត​សត្រូវ​លែង​ហ៊ាន​ឈ្លានពាន។

លោក ហ្សេឡេនស្គី បាន​សន្យា​ថា លោក​សុខចិត្ត​បោះបង់​តំណែង ប្រសិនបើ​ការ​ចុះចេញ​របស់​លោក​នាំ​មក​នូវ​សន្តិភាព​សម្រាប់​អ៊ុយក្រែន ឬ​អាច​ដោះដូរ​នឹង​ការ​ចូល​ជា​សមាជិក​អង្គការ NATO។

នៅ​មុន​មួយ​ថ្ងៃ​ចូល​ដល់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ជា​ខួប ៣​ឆ្នាំ​នៃ​សង្គ្រាម​របស់​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន លោក ហ្សេឡេនស្គី បញ្ជូន​សារ​ខ្លី​មួយ​ទៅ​ប្រជាជន​អ៊ុយក្រែន ថា៖ «ជា​មោទនភាព​ណាស់​ដែល​ប្រជាជន​អ៊ុយក្រែន បាន​ក្លាយ​ជា​វីរជន​ដើម្បី​សេរីភាព ប្រយុទ្ធ​ការពារ​ទឹកដី​របស់​ខ្លួន​យ៉ាង​អង់អាច​ប្រឆាំង​នឹង​អ្នក​ឈ្លានពាន​រហូត​ជាង ៣​ឆ្នាំ​មក​នេះ។»

លោក​បន្ត​ថា ចំពោះ​រូបលោក​ក៏​មាន​មោទនភាព​ជា​មេដឹកនាំ​មួយ​រូប​មាន​កងទ័ព​ខ្លាំង​វាយ​ទប់ទល់​បាន​នូវ​ការ​ឈ្លានពាន​របស់​ប្រទេស​មហាអំណាច​យោធា​មួយ​នោះ។

នៅ​លើ​ពិភពលោក​យើង​នេះ មេដឹកនាំ​ប្រទេស​ខ្លះ​ត្រូវ​គេ​មើល​ឃើញ​ថា​ខ្លាំង​តែ​ទៅ​លើ​ជាតិ​សាសន៍​ខ្លួនឯង។ មេដឹកនាំ​ខ្លាំង​រូប​នោះ បង្ក្រាប​ជាតិ​សាសន៍​ខ្លួនឯង​ឱ្យ​ក្រាប​ដល់​ដី ក្រោម​លេស​ថា​ការពារ​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេស។ ចំណែក​ជាមួយ​ប្រទេស​ជិតខាង​វិញ មេដឹកនាំ​ប្រភេទ​នេះ​តែងតែ​ពោល​ពាក្យ​ថា សន្តិភាព​គឺជា​អាយុជីវិត​នៃ​មិត្តភាព​ម៉ឺន​ឆ្នាំ៕

© 2025, . All rights reserved.