លោក វូឡូឌីមៀ ហ្សេឡេនស្គី (រូប​ឆ្វេង) ប្រធានាធិបតី​អ៊ុយក្រែន និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ទទួល​បាន​ភ្លើង​ខៀវ​អាច​បាញ់​អាវុធ​ណា​ក៏​បាន​ចូល​ទឹកដី​រុស្ស៊ី បន្ទាប់ពី​លោក ត្រាំ លែង​ជឿ​លោក ពូទីន

By ឌឹ ខេមបូឌា ដេលី

May 30, 2025

បណ្ដាញ​ផ្សាយ​ព័ត៌មាន LBC News ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ឧសភា ថា ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​លោក​ខាងលិច បាន​ព្រមព្រៀង​លុប​ចោល​ការ​រឹត​បន្តឹង​ដោយ​បើក​ភ្លើង​ខៀវ​ឱ្យ​អ៊ុយក្រែន អាច​ប្រើប្រាស់​អាវុធ​ជំនួយ​របស់​ពួក​លោក​ខាងលិច ទោះ​អាវុធ​ណា​ក៏ដោយ ក៏​អ៊ុយក្រែន អាច​បាញ់​លើ​គោលដៅ​យោធា​ខាង​ក្នុង​ប្រទេស​រុស្ស៊ី ឱ្យ​តែ​អ៊ុយក្រែន វាយ​សងសឹក។

ការ​លើកលែង​បម្រាម​នេះ បន្ទាប់ពី​លោក ត្រាំ បាន​ប្រមាថ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​លោក ពូទីន ថា​ជា​មនុស្ស​ឆ្កួត​សុទ្ធ​ដែល​ចង់​លេប​ប្រទេស​អ៊ុយក្រែន មិន​គិត​ថា​រុស្ស៊ី នឹង​គ្រោះថ្នាក់។

ការ​រិះគន់​របស់​លោក ត្រាំ ចំពោះ​លោក ពូទីន បាន​កើតឡើង​បន្ទាប់ពី​រុស្ស៊ី បាន​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​ឡើង​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មីស៊ីល​ជាច្រើន​រាប់​សិប​គ្រាប់​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បំផុត​ទៅ​លើ​អ៊ុយក្រែន រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​ក្នុង​សប្ដាហ៍​នេះ។

លោក Friedrich Merz អធិការបតី​ថ្មី​នៃ​ប្រទេស​អាល្លឺម៉ង់ ក៏​បាន​បញ្ជាក់​ថា អ៊ុយក្រែន​ត្រូវតែ​ទទួល​បាន​ការ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នូវ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ជា​ការ​សងសឹក​ទៅ​លើ​រុស្ស៊ី។ លោក Merz បាន​និយាយ​ថា សព្វាវុធ​ក្នុង​បរិមាណ​គ្មាន​ដែន​កំណត់ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អ៊ុយក្រែន។

មាន​ន័យ​ថា ឥឡូវ​នេះ អ៊ុយក្រែន អាច​ធ្វើ​ការ​សងសឹក​ដោយ​ការ​វាយប្រហារ​ជាមួយ​នឹង​សព្វាវុធ​ណា​មួយ​ក៏​បាន​ទៅ​លើ​ប្រទេស​រុស្ស៊ី ក្នុង​លក្ខខណ្ឌ​ការពារ​ខ្លួន​ទប់ទល់​ពី​ការ​វាយប្រហារ​ណា​មួយ​របស់​រុស្ស៊ី។

លោក ត្រាំ បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​ថា លោក​តែងតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក ពូទីន ប៉ុន្តែ​ឥឡូវ លោក​ថា​លោក ពូទីន បែរជា​បើក​ការ​វាយប្រហារ​ដោយ​កាំជ្រួច និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​អ៊ុយក្រែន ទៅវិញ។ លោក ត្រាំ បាន​ហៅ​លោក ពូទីន ពិត​ជា​ឆ្កួត​មែនទែន​ហើយ។

លោក ត្រាំ បន្ត​ថា លោក ពូទីន ចង់​ដណ្តើម​យក​អ៊ុយក្រែន ទាំងមូល មិនមែន​ត្រឹមតែ​មួយ​ផ្នែក​នៃ​ទឹកដី​អ៊ុយក្រែន នោះ​ទេ ហើយ​គាត់​គិត​ថា​អ្វី​ដែល​គាត់​កំពុង​ធ្វើ​នេះ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិនបើ​គាត់​នៅតែ​បន្ត​ធ្វើ​នោះ វា​នឹង​នាំ​ទៅ​រក​ការ​ដួល​រលំ​នៃ​ប្រទេស​រុស្ស៊ី។

ថ្លែង​ទៅ​កាន់​អ្នកកាសែត លោក ត្រាំ បាន​បន្ថែម​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​លោក ពូទីន កំពុង​ធ្វើ​នោះ​ទេ ខណៈ​ដែល​គាត់​បាន​សម្លាប់​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​ទៅ​ហើយ​នេះ។

ចំណែក​លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង វិញ បាន​ថ្លែង​ដែរ​ថា លោក ត្រាំ ពេលនេះ​ដឹង​ខ្លួន​ហើយ​ថា​លោក ពូទីន ជា​មនុស្ស​ភរ​កម្រិត​ណា។ បើ​តាម​លោក ម៉ាក្រុង ទង្វើ​របស់​លោក ពូទីន វា​សម​ល្មម​នឹង​លោក ត្រាំ អស់ចិត្ត។

លោក ត្រាំ ប្រតិកម្ម​ខ្លាំង​ដូចនេះ​ក្រោយពី​ទូទាំង​ប្រទេស​អ៊ុយក្រែន រង​ការ​វាយប្រហារ​ដោយ​ដ្រូន​ជាង ៣៥០​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​ព្រមាន​សហរដ្ឋ​អាមេរិក​ថា សន្តិភាព​តាមរយៈ​កម្លាំង​អាច​ដំណើរការ​បាន លុះត្រាតែ​អ៊ុយក្រែន ទទួល​បាន​ការ​គាំទ្រ​កាន់តែ​រឹងមាំ​ពី​សហរដ្ឋ​អាមេរិក​ឡើងវិញ។

យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន EUROMAIDAN កាលពី​ថ្ងៃទី​២៦ ឧសភា បាន​ឱ្យ​ដឹង​ថា ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ការពារ និង​អវកាស លោក Andrius Kubilius បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ប្ដេជ្ញាចិត្ត​ខ្លាំងក្លា​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់​អ៊ុយក្រែន ដោយ​បញ្ជាក់​ថា គោលការណ៍​សន្តិភាព​តាមរយៈ​កម្លាំង​អាច​ដំណើរការ​ទៅ​បាន លុះត្រាតែ​អាមេរិក និង​អឺរ៉ុប ត្រូវតែ​បន្ត​គាំទ្រ​អ៊ុយក្រែន យ៉ាង​រឹងមាំ។

សេចក្តី​ថ្លែងការណ៍​នេះ កើតឡើង​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ត្រាំ កំពុង​ជំរុញ​ឱ្យ​មាន​កិច្ចចរចា​សន្តិភាព​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ប៉ុន្តែ​លោក ពូទីន នៅតែ​បន្ត​បើក​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន ឥត​ឈប់ឈរ។

លោក Andrius Kubilius បាន​លើកឡើង​ថា សម្រាប់​លោក​ផ្ទាល់ លោក​គិត​ថា​លោក ពូទីន មិន​ចង់បាន​បទ​ឈប់​បាញ់ និង​សន្តិភាព​នោះ​ទេ ហើយ​ពេលនេះ​ទំនង​ជា​រដ្ឋការ​លោក ត្រាំ ក៏​ចាប់ផ្តើម​យល់​ដែរ​ថា លោក ពូទីន ចង់​បន្ត​សង្គ្រាម ព្រោះ​គាត់​គិត​ថា​គាត់​កំពុង​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​នេះ។

លោក Kubilius បាន​សង្កត់​ធ្ងន់​ថា ប្រសិនបើ​អាមេរិក​ពិត​ជា​ទទួលយក​សន្តិភាព​តាមរយៈ​កម្លាំង នោះ​ជំហាន​ដំបូង​ត្រូវតែ​ពង្រឹង​សមត្ថភាព​យោធា​របស់​អ៊ុយក្រែន ជា​មុន​សិន។ លោក​បាន​កត់សម្គាល់​ថា អ៊ុយក្រែន កំពុង​ប្រើប្រាស់​គ្រប់​ធនធាន​របស់​ខ្លួន​ដែល​មាន​រួច ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី តែ​យ៉ាងណា អ៊ុយក្រែន​ត្រូវតែ​ទទួល​បាន​ការ​ពង្រឹង​សមត្ថភាព​យោធា​បន្ថែម​ពី​ដៃគូ​របស់​ខ្លួន ជាពិសេស​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ លើស​ពី​នេះ រដ្ឋាភិបាល​កំពុង​ត្រៀម​ថវិកា​បន្ថែម​ទៀត ដើម្បី​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​យន្តហោះ​គ្មាន​មនុស្ស​បើក​រយៈ​ចម្ងាយ​ឆ្ងាយ​ឱ្យ​អ៊ុយក្រែន ផង​ដែរ។

បើ​ទោះជា​យ៉ាងនេះ​ក្ដី រុស្ស៊ី​កំពុង​ដាក់​សំណើ​ឱ្យ​មាន​ការ​ចរចា​ផ្ទាល់​ឡើងវិញ​ជាមួយ​អ៊ុយក្រែន។

យោង​តាម​សេចក្ដី​រាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន The new voice of Ukraine កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​បាន​ស្នើ​ឱ្យ​មាន​កិច្ចចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន ជា​ថ្មី​ម្តង​ទៀត​នៅ​ប្រទេស​តួកគី។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ទីក្រុង​មូស្គូ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី លោក Hakan Fidan នៅ​ថ្ងៃទី​២៧ ខែ​ឧសភា។

បើ​តាម​លោក Lavrov កិច្ចចរចា​រុស្ស៊ី-អ៊ុយក្រែន ជុំ​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​តួកគី ដដែល​នោះ​ទេ។

ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​តួកគី លោក Hakan Fidan និយាយ​ថា តួកគី​តែងតែ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​វេទិកា​មួយ​សម្រាប់​កិច្ចពិភាក្សា ហើយ​ចាត់ទុក​ថា​វា​ជា​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ជួយ​ធានា​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក Lavrov ក៏​បាន​ច្រានចោល​គំនិត​ដែល​ចង់​ឱ្យ​មាន​ការ​ចរចា​នៅ​បុរី​វ៉ាទីកង់។ លោក Lavrov ថា​មិន​អាច​ទៅ​រួច​ទេ ដោយសារ​តែ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ជា​ប្រទេស​ដែល​កាន់​សាសនា​គ្រិស្ត ខណៈ​ដែល​បុរី​វ៉ាទីកង់ គឺជា​មជ្ឈមណ្ឌល​នៃ​សាសនា​កាតូលិក។

លោក Hakan Fidan ប្រមុខ​ការទូត​តួកគី ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅ​កាន់​ទីក្រុង​មូស្គូ បាន​រំលឹក​ឡើងវិញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​តួកគី ក្នុង​ការ​សម្របសម្រួល​សន្តិភាព​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​វា​ចូល​ដល់​ឆ្នាំ​ទី​៤ ហើយ​នេះ៕

© 2025, . All rights reserved.