លោក ហ៊ុន ម៉ាណែត អួតប្រាប់វិនិយោគិនជប៉ុន ថា ការវិនិយោគនៅកម្ពុជាអាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅប្រទេសកម្ពុជាជាមួយប្រទេសនានា និងការអនុគ្រោះពន្ធផ្សេងៗ ក្រោមបរិយាកាសនយោបាយប្រកបដោយស្ថិរភាពជឿទុកចិត្តបានសម្រាប់ការវិនិយោគរយៈពេលវែង។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងវេទិកាអាជីវកម្មកម្ពុជា-ជប៉ុន ក្នុងទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ថា ក្នុងនាមជាសមាជិកអាស៊ាន ប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានាជាច្រើន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ កិច្ចព្រមព្រៀងជាមួយអេមីរ៉ាតអារ៉ាប់រួម រួមទាំងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ។ ជាងនេះទៀត កម្ពុជាក៏ទទួលបានការអនុគ្រោះក្រោមប្រព័ន្ធ MSN ប្រព័ន្ធអនុគ្រោះទូទៅ GSP របស់អាមេរិក និងប្រព័ន្ធអនុគ្រោះ EBA របស់សហភាពអឺរ៉ុបថែមទៀត។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកចូលមកវិនិយោគនៅទីផ្សារក្នុងប្រទេសកម្ពុជា មិនត្រឹមតែវិនិយោគតែកម្ពុជានោះទេ ប៉ុន្តែក៏អាចចូលទៅកាន់ទីផ្សាររាប់លាននាក់នៅអាស៊ាន បូករួមជាមួយនឹង RCEP ដែលមានអូស្ត្រាលី ញូវហ្សេឡេន និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត។
លោក ហ៊ុន ម៉ាណែត ប្រាប់អ្នករកស៊ីជប៉ុន អំពីផលចំណេញពីការដាក់ទុនរកស៊ី ពីព្រោះប្រទេសកម្ពុជាផ្តល់ឱកាសល្អជាច្រើនដូចរៀបរាប់មកនេះ គឺដូចជាថៅកែក្រុមហ៊ុនជប៉ុននីមួយៗមិនដែលស្គាល់ស្រុកខ្មែរ។ រដ្ឋការអាមេរិកាំងក្រោមប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ដាក់ពន្ធលើផលិតផល ឬទំនិញនាំចូលពីប្រទេសកម្ពុជា ៤៩% ប៉ុន្តែសហរដ្ឋអាមេរិក ដាក់ពន្ធលើទំនិញនាំចូលពីប្រទេសជប៉ុន តែ ២៤% ប៉ុណ្ណោះ។ រីឯ EBA ពីសហភាពអឺរ៉ុប ក៏គេកាត់ចេញ ២០% ដែរ។
ការសម្រេចក្នុងដីកាតុលាការសហព័ន្ធសហរដ្ឋអាមេរិក ក៏មិនទាន់ប្រែប្រួលដែរ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ផ្តល់ឱកាសឲ្យភាគីទាំងសងខាង គឺរវាងរដ្ឋការលោក ដូណាល់ ត្រាំ ហូតពន្ធ និងតុលាការកាត់សេចក្តីថាជាអំពើខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញនោះ ដាក់ពាក្យតវ៉ាតាមផ្លូវច្បាប់ក្នុងតុលាការតទៅទៀត។ បើរដ្ឋការលោក ដូណាល់ ត្រាំ ចាញ់ តាមស្ថិតិពីនាយកដ្ឋានពន្ធដារថាក្រសួងហិរញ្ញវត្ថុ នឹងត្រូវសងម្ចាស់ក្រុមហ៊ុនទំនិញវិញប្រមាណ ១០ពាន់លានដុល្លារ ចាប់ពីដើមខែមេសា មក។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៨ ឧសភា នេះថា បញ្ហាអំពើពុករលួយ បញ្ហាឆបោក និងឧក្រិដ្ឋកម្មផ្សេងៗដែលមជ្ឈដ្ឋានអន្តរជាតិបង្ហាញរបាយការណ៍ថាកំពុងកើតមាននៅកម្ពុជា គឺជាឧបសគ្គដ៏ធំសម្រាប់ទាក់ទាញការវិនិយោគរបស់រដ្ឋាភិបាល។
លោក ឃុន ថារ៉ូ លើកឡើងថា ប្រទេសណាក៏តែងតែមានបញ្ហាទាំងនេះដែរ គ្រាន់តែមានតិច និងច្រើនប៉ុណ្ណោះ ហើយថាតើបញ្ហានេះកំពុងត្រូវបានអនុវត្តដោយមនុស្សកម្រិតណាដែរ ដើម្បីអាចផ្តល់ទំនុកចិត្តសម្រាប់ការវិនិយោគនានានៅកម្ពុជានោះ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា បើរដ្ឋាភិបាលអាចបោសសម្អាតបញ្ហាទាំងអស់នេះក្នុងកម្រិតសមស្របណាមួយ នោះក៏ជាជំហានក្នុងការកសាងសេដ្ឋកិច្ចរបស់កម្ពុជាទៅមុខឱ្យកាន់តែប្រសើរជាងនេះដែរ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិការងារ និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋដែលមានចែងក្នុងច្បាប់។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា ក្រុមអ្នកវិនិយោគបរទេសពិបាកនឹងទុកចិត្តទៅបោះទុនរកស៊ីនៅកម្ពុជាខ្លាំងណាស់ ដោយសារតែសព្វថ្ងៃនេះ ក្នុងក្រសែភ្នែកអន្តរជាតិ គេរកឃើញថាមន្ត្រីរដ្ឋាភិបាលកម្ពុជា ដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជាដើម គឺជាភ្នាក់ងារកណ្តាលសម្រាប់ក្រុមឧក្រិដ្ឋជនរកស៊ីខុសច្បាប់ទៅហើយនោះ ខណៈលោក ហ៊ុន សែន ក៏ត្រូវគេចាត់ទុកជាមេអាប់លុយខុសច្បាប់កំពូលលើមន្ត្រីទាំងនោះផងដែរ។
លោក ហ៊ុន ម៉ាណែត ដែលទៅនិយាយចំពោះវិនិយោគិនជប៉ុន ក្នុងវេទិការៀបចំដោយក្រុមហ៊ុនសារព័ត៌មាន Nikkei Inc. នៅក្រុងតូក្យូ មិនមែនត្រឹមតែស្វែងរកអ្នកបណ្ដាក់ទុនរកស៊ីឲ្យដាក់ទុននៅស្រុកខ្មែរនោះទេ លោកក៏ស្វែងរកជំនួយទ្វេភាគីផ្សេងៗដែរសម្រាប់ចាយវាយខាងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាត។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានជួយដល់ស្រុកខ្មែរ ទាំងជំនួយឥតសំណង និងបំណុលជាមិត្តចំនួន ៥៥០លានដុល្លារសហរដ្ឋអាមេរិក។
បំណុលបរទេសសរុបមកទល់ខែឧសភា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលជំពាក់បរទេសជាង ១២ពាន់លានដុល្លារ ឬស្មើនឹង ៦៤% នៃផលទុនក្នុងស្រុកសរុប។ តាមសេចក្តីរាយការណ៍ក្នុងព្រឹត្តិបត្រ B2B នាខែធ្នូ ឆ្នាំ២០២៤ ម្ចាស់បំណុលបរទេសធំៗលើប្រទេសកម្ពុជា មានចិន ៤ពាន់លានដុល្លារ; ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) ជិត ៤ពាន់លានដុល្លារ; ជប៉ុន ១៣៥០លានដុល្លារ។ បំណុលទ្វេភាគីពីជប៉ុន ខ្ចីតាមរយៈក្លឹបប៉ារីស ចំនួនជិត ២៦៣លានដុល្លារថែមទៀត; ពីកូរ៉េខាងត្បូង ១២០លានដុល្លារ; បារាំង ជិត ២៨០លានដុល្លារ៕
© 2025, . All rights reserved.