ព័ត៌មានជាតិ

មន្ត្រី​បក្ស​ជំទាស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ព្រោះ​ចរចា​ទ្វេភាគី​២៥​ឆ្នាំ​ហើយ​គ្មាន​លទ្ធផល

By ឌឹ ខេមបូឌា ដេលី

June 02, 2025

ខណៈ​មេទ័ព​ខ្មែរ និង​មេទ័ព​ថៃ ចរចា​គ្នា​រម្ងាប់​កម្ដៅ ហើយ​លោក ហ៊ុន សែន ក៏​ចង់​ឃើញ​ស្ថានការណ៍​ព្រំដែន​វិល​ទៅ​រក​ភាព​ធម្មតា​វិញ​នោះ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ចាត់ទុក​ការ​ដក​កម្លាំង​កងទ័ព​ខ្មែរ​ចេញពី​តំបន់​មុំ​៣ ឬ​ហៅថា​តំបន់​ត្រីកោណ​មរកត គឺជា​ការ​ចាញ់​ល្បិចកល​ភាគី​ថៃ ចំណែកឯ​ការ​បាត់បង់​ជីវិត​ទាហាន​ខ្មែរ​ក្នុង​ជម្លោះ​នោះ ក៏​ជា​ការ​ស្លាប់​ដោយ​អសារបង់​ផង​ដែរ។

លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ ឧសភា នេះ​ថា នៅ​ពេល​ទាហាន​ខ្មែរ​ដក​ចេញពី​តំបន់​នោះ ទាហាន​ថៃ ច្បាស់​ជា​ចូល​ទៅ​កាន់កាប់​លេណដ្ឋាន​នៅ​តំបន់​នោះ​ជាមិនខាន គឺ​ដូច​ទម្លាប់​ដែល​ពួកគេ​ធ្លាប់​ចូល​ទៅ​កាន់កាប់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី នា​ពេល​កន្លង​មក​ដូច្នោះ​ដែរ។

ប្រភព​ដដែល ស្នើ​ឱ្យ​រដ្ឋាភិបាល​រក្សា​កងទ័ព​ខ្មែរ​ឱ្យ​ឈរជើង​នៅ​ទីតាំង​នោះ​ដដែល និង​ទាមទារ​ឱ្យ​ទាហាន​ថៃ ដក​ចេញពី​តំបន់​នោះ​ដាច់ខាត ត្បិត​តំបន់​ចុងបូក ឬ​មុំ​បី នៃ​ខេត្ត​ព្រះវិហារ នេះ គឺជា​ទឹកដី​របស់​កម្ពុជា​ផ្ដាច់មុខ គ្មាន​ចំណែក​កម្មសិទ្ធិ​របស់​ថៃ ឡើយ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​បញ្ឈប់​ការ​ចរចា​ទ្វេភាគី​ជាមួយ​ភាគី​ថៃ បន្ត​ទៀត ព្រោះ​ការ​ចរចា​ទ្វេភាគី​ស្តីអំពី​តំបន់​មុំ​បី​នេះ គឺ​ចំណាយ​ពេល​អស់ ២៥​ឆ្នាំ​មក​ហើយ ចាប់តាំងពី​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ ឬ MOU៤៣ មក​ម្ល៉េះ។

លោក​ថា បើ​រដ្ឋាភិបាល​ខ្មែរ​នៅ​បន្ត​ចរចា​ទ្វេភាគី កម្ពុជា-ថៃ​ក៏​អាច​នឹង​ផ្ទុះ​អាវុធ​ដាក់​គ្នា​ម្តង​ទៀត​ដែរ ខណៈ​កម្ពុជា​អាច​នឹង​បាត់បង់​តំបន់​មុំ​បី​ថែមទៀត ហើយ​ការ​ផ្ទុះ​អាវុធ​នេះ​ក៏​អាច​នឹង​រាលដាល​ដល់​ច្រក​អានសេះ ឬ​ចុងអានម៉ា រួម​ទាំង​តំបន់​ប្រាសាទ​តាមាន់ធំ ផង​ដែរ។

លោក អ៊ុំ សំអាន អះអាង​ថា ដើម្បី​បញ្ចៀស​សង្គ្រាម និង​ការ​បាត់បង់​ទឹកដី លោក ហ៊ុន ម៉ាណែត ត្រូវ​ដាក់​សំណើ​ទៅ​រដ្ឋសភា​ដើម្បី​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS)។

លោក​បន្ថែម​ថា ពេល​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​នេះ​រួចរាល់ កម្ពុជា​មិន​ចាំបាច់​ច្បាំង​ជាមួយ​ថៃ ដែល​នាំ​ឱ្យ​ស្លាប់​ទាហាន​ខ្មែរ​ទៀត​ទេ គ្រាន់តែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ដូច​ករណី​ប្រាសាទ​ព្រះវិហារ គឺ​អ្វីៗ​អាច​ដោះស្រាយ​បាន​ទាំងអស់ ដូចជា ករណី​កោះ​គុត ដែនសមុទ្រ​ត្រួតស៊ីគ្នា​ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី តំបន់​ច្រក​អានសេះ និង​តំបន់​ចុងបូក ឬ​មុំបី នេះ​ជាដើម។

កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ក្រោយ​ការ​ចរចា​រវាង​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា-ថៃ កម្ពុជា​សម្រេច​ថា​នឹង​មិន​ដកថយ ឬ​ឈរជើង​ដោយ​គ្មាន​អាវុធ​នៅ​ចំណុច​ដែល​បាន​ប៉ះទង្គិច​គ្នា​នោះ​ឡើយ។

ប្រភព​ដដែល​ថា ព្រោះ​ទីតាំង​នោះ ភាគី​កម្ពុជា​បាន​ឈរជើង​តាំងពី​មុន​ពេល​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ ស្ដីពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​កម្ពុជា-ថៃ មក​ម្ល៉េះ។

ជាង​នេះ​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ដែរ ដូចជា ការ​បន្ត​ដោះស្រាយ​តាម​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ (JBC) គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០ ជាដើម ខណៈ​បញ្ហា​ដែល​កើតឡើង​នានា​ក៏​ត្រូវ​ដោះស្រាយ​តាមរយៈ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ (JBC) ដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ ភាគី​ថៃ និយាយ​ផ្សេង​ប្រាប់​កាសែត​ព្រោងព្រាត។ គេ​ថា​ម្តុំ​ទឹកដី​មាន​ការ​ប៉ះទង្គិច​គ្នា​នោះ ជា​តំបន់​អព្យាក្រឹត រក្សាទុក​ទំនេរ មិន​ធ្វើការ​អភិវឌ្ឍ​អ្វី​ទាំងអស់។ មុន​ផ្ទុះ​អាវុធ ទាហាន​ថៃ​ថា​គេ​សង្កេត​ឃើញ​ទាហាន​ខ្មែរ​ធ្វើ​សកម្មភាព​បញ្ជូន​ទាហាន ហាក់បីដូចជា​ចង់​កាន់កាប់​ទីនោះ​ទាំងស្រុង ដែល​ជា​ការ​ផ្ទុយ​ពី​សេចក្តី​ប្រកាស​រួម អំពី​ការ​ប្ដេជ្ញា​អភិវឌ្ឍ​រួម​គ្នា​ដើម្បី​ផល​ប្រយោជន៍ ដែល​ព្រមព្រៀង​គ្នា​នៅ​ខែ​តុលា ឆ្នាំ​២០០៩ រវាង​ឧបនាយករដ្ឋមន្ត្រី​ខ្មែរ ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​លាវ ថងលុន ស៊ីសូលីត និង​រដ្ឋមន្ត្រី​កិច្ចការ​បរទេស កាស៊ីត ភិរម្យ នៅ​ទី​រួម​ខេត្ត​សៀមរាប៕

© 2025, . All rights reserved.