ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (ឆ្វេង) និង​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)

ព័ត៌មានអន្តរជាតិ

លោក ត្រាំ ទុក​ពេល​ឱ្យ​លោក ពូទីន ពីរ​សប្តាហ៍ ខណៈ​រុស្ស៊ី ស្នើ​ចរចា​ផ្ទាល់​ជាមួយ​អ៊ុយក្រែន ម្ដង​ទៀត

By ឌឹ ខេមបូឌា ដេលី

June 03, 2025

ក្រោយពី​ហៅ​ប្រធានាធិបតី​រុស្ស៊ី ថា​ដូចជា​មនុស្ស​ឆ្កួត​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ព្រមាន​ថា​លោក​ទុក​ពេល​ពីរ​សប្តាហ៍​ឱ្យ​លោក ពូទីន ទទួលយក​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ប្រទេស​អ៊ុយក្រែន បើ​ពុំ​ដូច្នេះ​ទេ លោក​នឹង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី ក្នុង​កម្រិត​ធ្ងន់​បំផុត។

នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ ឧសភា។

បន្ទាប់ពី​ទីក្រុង​មូស្គូ បង្កើន​ការ​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន ជាមួយ​ការ​បាញ់​ដ្រូន​ជាង ៦០០​គ្រឿង និង​គ្រាប់​មីស៊ីល​ជាច្រើន​សិប​គ្រាប់​ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ឧសភា លោក ត្រាំ បាន​ប្រមាថ​លោក ពូទីន ថា​ឆ្កួត​សុទ្ធ ហើយ​ថា​លោក ពូទីន ពេលនេះ​កំពុង​លេង​ជាមួយ​ភ្លើង​សង្គ្រាម។

ការ​វាយប្រហារ​របស់​រុស្ស៊ី លើ​ទីក្រុង​គៀវ នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​វា​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​ក្នុង​សង្គ្រាម​ជាង ៣​ឆ្នាំ​មក​នេះ។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​លោក​គិត​ថា​លោក ពូទីន មាន​ឆន្ទៈ​ក្នុង​ការ​បញ្ចប់​សង្គ្រាម ឬ​អត់​នោះ លោក ត្រាំ បាន​ឆ្លើយ​ថា លោក​នឹង​បកស្រាយ​បន្ទាប់ពី​រយៈពេល​ពីរ​សប្តាហ៍ បើ​រុស្ស៊ី មិន​ព្រម​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។

កាលពី​ថ្ងៃទី​១៩ ឧសភា លោក ត្រាំ បាន​សន្ទនា​គ្នា​តាម​ទូរសព្ទ​រយៈពេល​ពីរ​ម៉ោង​ជាមួយ​លោក ពូទីន តែ​ក្នុង​ថ្ងៃ​សន្ទនា​គ្នា​នោះ ក៏​រុស្ស៊ី បន្ត​វាយប្រហារ​ស្រោច​ដោយ​ដ្រូន​ទៅ​លើ​អ៊ុយក្រែន រហូត​រុស្ស៊ី បាញ់​មីស៊ីល​បាលីស្ទិក​លើ​ទឹកដី​អ៊ុយក្រែន ទៀត​ផង។ ពេល​នោះ លោក ត្រាំ ដាក់​ជា​ចម្ងល់​ថា លោកពូទីន និយាយ​ជាមួយ​លោក​សុទ្ធតែ​រឿង​ល្អៗ តែ​រុស្ស៊ី នៅ​បន្ត​វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ដូច​នេះ​ហើយ​ដែល​លោក ត្រាំ ហៅ​លោក ពូទីន ថា​កំពុង​ភូតភរ​លោក ឬ​ក៏​លោក ពូទីន ជា​មនុស្ស​ឆ្កួត​ទៅ​ហើយ។

យ៉ាងណា គេ​មិន​ទទួល​បាន​នូវ​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​ទីក្រុង​មូស្គូ នោះ​ទេ ខណៈ​ដែល​រុស្ស៊ី នៅតែ​ប្រកាន់​ជំហរ​ឈ្លានពាន​អ៊ុយក្រែន។

លោក ត្រាំ បញ្ជាក់​ថា ទណ្ឌកម្ម​កាលពី​ក្នុង​រដ្ឋការ​លោក បៃដិន មិន​ទាន់​កាត់បន្ថយ​អ្វី​ទេ។ តែ​បើ​ក្រុង​មូស្គូ មិន​ព្រម​បន្ទន់​ជំហរ​ទេ គឺ​រដ្ឋការ​របស់​លោក​លែង​ទុក​ពេល​ឱ្យ​រុស្ស៊ី ទៀត​ហើយ។ តែ​ជាមួយ​គ្នា​នេះ សេតវិមាន​ច្រានចោល​ការ​ចោទប្រកាន់​ថា​រដ្ឋការ​លោក ត្រាំ ផ្គាប់ចិត្ត​ទីក្រុង​មូស្គូ ទើប​ធ្វើ​ឱ្យ​ក្រុង​មូស្គូ បន្ត​ទិញ​ពេលវេលា​ទៅ​មុខ​ទៀត។ តែ​បែប​នេះ​ក្ដី វិធីសាស្ត្រ​សម្រុះសម្រួល​ខាង​រដ្ឋការ​លោក ត្រាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វា​បាន​ធ្វើ​ឱ្យ​វិមាន​ក្រឹមឡាំង កាន់តែ​មាន​អំណាច​ច្រើន​ឡើង។

ជារឿយៗ លោក ត្រាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​តែងតែ​បន្ទន់​ជំហរ​ទៅ​តាម​ការ​ទាមទារ​របស់​លោក ពូទីន ព្រោះតែ​លោក ត្រាំ បាន​ផ្លាស់ប្ដូរ​គ្រប់​វិធីសាស្ត្រ រួម​មាន​ការ​អំពាវនាវ​សម្រាប់​បទ​ឈប់​បាញ់​រយៈពេល ៣០​ថ្ងៃ​ភ្លាមៗ ហើយ​ថ្មីៗ​នេះ ទាមទារ​ឲ្យ​អ៊ុយក្រែន មាន​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក ពូទីន ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​សន្តិភាព​រួម​គ្នា។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio អំពី​ការ​រៀបចំ​សំណើ​ជាក់លាក់​សម្រាប់​ជុំ​ថ្មី​ទី​២ នៃ​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​អ៊ុយក្រែន។

តាម​សេចក្តី​ថ្លែងការណ៍​ក្រសួង​ការបរទេស​រុស្ស៊ី លោក Lavrov បាន​ប្រាប់​លោក Rubio អំពី​ការ​អនុវត្ត​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​អាមេរិក អំឡុង​ជំនួប​តាម​ទូរសព្ទ​កាលពី​ពេល​កន្លង​ទៅ។ លោក Lavrov បាន​និយាយ​ថា រុស្ស៊ី កំពុង​ស្នើ​ឱ្យ​មាន​កិច្ចចរចា​រុស្ស៊ី-អ៊ុយក្រែន ជុំ​បន្ទាប់​ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​តួកគី នៅ​ថ្ងៃទី​២ ខែ​មិថុនា ក្នុង​គោលបំណង​សម្រេច​បាន​នូវ​ដំណោះស្រាយ​សន្តិភាព​ប្រកប​ដោយ​និរន្តរភាព។

វិមាន​ក្រឹមឡាំង បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​ឧសភា ថា ទីក្រុង​មូស្គូ នៅតែ​រង់ចាំ​ការ​ឆ្លើយតប​ពី​អ៊ុយក្រែន ចំពោះ​សំណើ​របស់​រុស្ស៊ី ក្នុង​ការ​រៀបចំ​កិច្ចចរចា​សន្តិភាព​ជុំ​បន្ទាប់​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល នា​ថ្ងៃទី​២ ខែ​មិថុនា ដើម្បី​ចាប់ផ្តើម​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន លោក Rustem Umerov បាន​និយាយ​ថា ទីក្រុង​គៀវ បាន​ដាក់​អនុស្សរណៈ​របស់​ខ្លួន​ស្ដីពី​ដំណោះស្រាយ​រួច​ហើយ។ លោក​បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី បង្ហាញ​ជំហរ​ទន់ភ្លន់​របស់​ខ្លួន​ជាបន្ទាន់ ជាជាង​រង់ចាំ​ដល់​សប្តាហ៍​ក្រោយ។

កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​ភាគី​ទាំង​ពីរ​កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា បាន​ជួប​រឿង​បរាជ័យ​ក្នុង​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​ទីក្រុង​មូស្គូ បាន​និយាយ​ថា មិន​អាច​សម្រេច​បាន​ទេ មុន​ពេល​លក្ខខណ្ឌ​មួយ​ចំនួន​របស់​ខ្លួន​មិន​ត្រូវ​បាន​បំពេញ។ នេះ​គឺ​ព្រោះតែ​រុស្ស៊ី ដាក់​លក្ខខណ្ឌ​ឱ្យ​អ៊ុយក្រែន ដក​ទ័ព​ចេញពី​សមរភូមិ ហើយ​យល់ព្រម​បញ្ចប់​សង្គ្រាម ព្រម​ជាមួយ​នឹង​ការ​ប្រគល់​ទឹកដី​ទាំងឡាយ​ដែល​ធ្លាក់​ក្នុង​ដៃ​របស់​រុស្ស៊ី ជា​ដែនដី​របស់​រុស្ស៊ី ដែល​ភាគី​អ៊ុយក្រែន ទាត់​ចោល​ទាំងស្រុង។

តែ​បែប​នេះ​ក្ដី ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី នៅតែ​បន្ត​ស្នើ​ឱ្យ​មាន​កិច្ចប្រជុំ​កំពូល​ត្រីភាគី​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

វិមាន​ក្រឹមឡាំង ធ្លាប់​បាន​និយាយ​ថា ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ នឹង​អាច​កើតឡើង​ទៅ​បាន លុះត្រា​តែ​មាន​កិច្ចព្រមព្រៀង​ណា​មួយ​សិន។ ចំណែក​លោក ត្រាំ វិញ បាន​បង្ហាញ​ការ​ធុញទ្រាន់​ចំពោះ​លោក ពូទីន និង​លោក ហ្សេឡេនស្គី ដោយសារ​នៅតែ​មិន​ព្រម​ឯកភាព​គ្នា​សម្រេច​បាន​កិច្ចព្រមព្រៀង ដើម្បី​បញ្ចប់​សង្គ្រាម។

យ៉ាងណាមិញ លោក ពូទីន បាន​ទាត់​ចោល​ជា​ថ្មី​ទៀត​នូវ​សំណើ​លោក ហ្សេឡេនស្គី ដែល​សុំ​ឱ្យ​មាន​កិច្ចចរចា​ត្រីភាគី​រវាង​រូបលោក និង​លោក ពូទីន រួម​ជាមួយ​លោក ត្រាំ ផង​ដែរ។

ជាមួយ​នឹង​ការ​ទាត់​ចោល​នេះ លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាន​បន្ថែម​លក្ខខណ្ឌ​ថ្មី​ទៀត គឺ​ការ​ទាមទារ​ឱ្យ​មេដឹកនាំ​លោក​ខាងលិច សន្យា​ជា​លាយលក្ខណ៍​អក្សរ​ថា​ឈប់​ពង្រីក​បក្ស​សម្ព័ន្ធ​យោធា​ណាតូ ឆ្ពោះ​ទៅ​ភាគ​ខាងកើត និង​ដក​ទណ្ឌកម្ម​មួយ​ចំនួន​ចេញពី​ប្រទេស​រុស្ស៊ី៕

© 2025, . All rights reserved.