លោក ហ៊ុន សែន នៅ​ក្នុង​អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

អង្គ​សមាជ​អនុម័ត​ជា​ឯកច្ឆន្ទ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ ពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ ICJ

By ឌឹ ខេមបូឌា ដេលី

June 03, 2025

អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ បាន​បើក​សមាជ​ជា​លើកដំបូង​ដោយ​បាន​សម្រេច​ជា​ឯកច្ឆន្ទ គឺ ១៨២​សំឡេង​គាំទ្រ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ ពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ (ICJ)។

លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើកដំបូង​នៅ​ថ្ងៃទី​២ មិថុនា នេះ​ថា ទោះ​ភាគី​ថៃ មិន​ព្រម​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក៏ដោយ ក៏​កម្ពុជា​នឹង​ប្តឹង​ករណី​នៅ​តំបន់​មុំ​បី ករណី​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ករណី​ប្រាសាទ​តាក្របី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​ប្តឹង​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ គឺ​ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ កុំ​ឱ្យ​កើតមាន​បន្ត​ទៀត ហើយ​ការ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​អន្តរជាតិ​នេះ ក៏​ដើម្បី​កុំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា និង​ធ្លាក់​ចូល​អន្ទាក់​របស់​ក្រុម​ជ្រុល​និយម​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) របស់​កម្ពុជា រៀបចំ​ការ​ប្រជុំ​ជាមួយ​ភាគី​ថៃ ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន និង​បន្ត​ការងារ​វាស់វែង​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ទោះជា​កម្ពុជា​ព្យាយាម​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​តាម​យន្តការ​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​រក្សា​សិទ្ធិ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​តាម​គ្រប់​មធ្យោបាយ រួម​ទាំង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ថែមទៀត ក្នុង​ករណី​មាន​ការ​ព្យាយាម​ឈ្លានពាន​បូរណភាព​ទឹកដី​កម្ពុជា ដោយ​ការ​ប្រើប្រាស់​កម្លាំង​កងទ័ព​របស់​ថៃ មក​លើ​កម្ពុជា​នោះ។

ចំណែក​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សមាជ​នេះ​ដែរ​ថា កម្ពុជា​បាន​បាត់បង់​ទឹកដី​ច្រើន​ណាស់​មក​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ពេលនេះ កម្ពុជា​សុំ​សិទ្ធិ​ត្រឹម​ការពារ​ទឹកដី​ដែល​នៅ​សល់​តែ​ប៉ុណ្ណោះ ដោយ​មិន​ចង់បាន​ដី​របស់​បរទេស​ណា​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​គ្មាន​ត្រូវការ​ទឹកដី​របស់​អ្នក​ណា​ទេ ក្នុង​ពេល​ដែល​កម្ពុជា​បាន​បាត់បង់​ទឹកដី​ច្រើន​ណាស់ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ទាមទារ​យក​ទឹកដី​ទាំងនោះ​ត្រឡប់​មក​វិញ​ដែរ។ កម្ពុជា​សុំ​រក្សា​សិទ្ធិ​ការពារ​ទឹកដី​របស់​ខ្លួន​តែប៉ុណ្ណោះ គឺ​មិន​អាច​ឱ្យ​អ្នក​ណា​មក​ដណ្តើម​យក​ទៀត​ឡើយ។

កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​នៅ​តំបន់​មុំ​៣ ដែល​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​យោធា​ថៃ លោក វិនថៃ ស៊ូវ៉ារី កាលពី​ថ្ងៃទី​១ មិថុនា បាន​ចេញ​មុខ​អះអាង​ថា តំបន់​មុំ​៣ គឺជា​កម្មសិទ្ធិ​របស់​ថៃ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ តាម​ច្បាប់​អន្តរជាតិ ដោយ​ច្រានចោល​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​បាន​បញ្ជាក់​ថា​តំបន់​មុំ​បី ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មិថុនា នេះ​ថា ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ គឺជា​អ្វី​ដែល​កូន​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ចង់បាន។

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប្តឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ​ករណី​កោះ​គុត ដែនសមុទ្រ​ត្រួតស៊ីគ្នា កោះត្រល់ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី តំបន់​មុំ​បី និង​តំបន់​ច្រក​អានសេះ បន្ថែម​ទៀត រួម​ទាំង​ដាក់​សំណើ​ទៅ​រដ្ឋសភា ដើម្បី​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ផង​ដែរ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ក៏​បាន​លើកឡើង​នៅ​ថ្ងៃទី​២ មិថុនា នេះ​ដែរ​ថា ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន ម៉ាណែត គឺជា​អ្វី​ដែល​កម្ពុជា​ត្រូវតែ​ធ្វើ ព្រោះ​វា​ស្រប​តាម​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ថៃ ជា​ភាគី​ហត្ថលេខី​ដែរ​នោះ ហើយ​ក៏​វា​ស្រប​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ រួម​ទាំង​លិខិតុបករណ៍​អន្តជាតិ​ដែល​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដែរ៕

© 2025, . All rights reserved.