មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ត្អូញត្អែរថា សង្គមដែលមានការបែងចែកវណ្ណៈ និងគម្លាតរវាងអ្នកមាន និងអ្នកក្រដាច់ឆ្ងាយពេក នាំឲ្យមាននិន្នាការផ្សេងគ្នារវាងការអប់រំ និងបញ្ហាក្រពះ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មិថុនា នេះថា សិទ្ធិទទួលបានការរស់រានមានជីវិតសម្រាប់អាហារ ៣ពេល ការស្នាក់នៅ ការស្លៀកពាក់សមរម្យ គឺមិនទាន់គ្រប់គ្រាន់សម្រាប់បណ្តុះបណ្តាលឱ្យក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់កសាងប្រទេសជាតិនៅឡើយទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា កុមារគ្រប់រូបគួរទទួលបានសិទ្ធិក្នុងការទទួលបានការអប់រំពេញលេញដោយគ្មានការរើសអើង និងប្រកបដោយគុណភាព ដែលអង្គការរដ្ឋត្រូវតែធានាក្នុងការផ្តល់សេវា និងគាំពារឱ្យបានពេញលេញដល់ពួកគេ។
លោកបន្តថា ផ្ទុយទៅវិញ កុមារកម្ពុជាដែលរស់នៅតាមទីជនបទ ភាគច្រើនបានបាត់បង់ឱកាសទទួលបានការអប់រំយ៉ាងធ្ងន់ធ្ងរ ដោយសារតែគ្រួសារជួបបញ្ហាសេដ្ឋកិច្ចចំណាកស្រុកទៅក្រៅប្រទេស ក្នុងនោះមានគ្រួសារខ្លះត្រូវយកកូនទៅតាមខ្លួន ដែលធ្វើឱ្យកុមារទាំងនោះបាត់បង់ឱកាសទទួលបានការអប់រំទាំងស្រុង។
លោក ឃុន ថារ៉ូ ត្អូញត្អែរថា ក្នុងសង្គមខ្មែរបច្ចុប្បន្ន កូនចៅអ្នកដឹកនាំរដ្ឋមួយចំនួន បានបង្ហាញមោទនភាពក្នុងការបញ្ជូនកូនទៅរៀននៅសាលាឯកជនដែលមានតម្លៃ ១ខែស្មើនឹងប្រាក់ចំណូលសរុបរបស់ប្រជាពលរដ្ឋក្រីក្រ ១ឆ្នាំ ខណៈដែលកូនអ្នកក្រីក្រជាច្រើន សូម្បីលទ្ធភាពបញ្ជូនកូនទៅរៀននៅសាលារដ្ឋ ស្លៀកពាក់សមរម្យ ទីកន្លែងស្នាក់នៅសមរម្យ អាហារហូបចុកសមរម្យ ក៏គ្មានដែរនោះ។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ប្រសិនបើប្រព័ន្ធនៃការអប់រំនៅកម្ពុជាល្អ មានគុណភាព វាប្រាកដជាអាចជួយសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ចអ្នកដែលមានកម្រិតជីវភាពមធ្យម ក្នុងការចូលរួមចំណែកសេដ្ឋកិច្ច និងការងារសង្គមដល់ពលរដ្ឋក្រីក្របានជាមិនខាន ប៉ុន្តែជាង ៣០ឆ្នាំមកនេះ ពិន្ទុប្រព័ន្ធអប់រំរបស់កម្ពុជាទ្បើងមិនផុតពីបាតតារាងឡើយ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ានដទៃទៀតនោះ។
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ បង្ហាញថា កម្ពុជាមានសាលារៀនទូទាំងប្រទេសសរុបជិត ២ម៉ឺនសាលា (១៩៥៩១សាលា) ក្នុងនោះ បុគ្គលិកអប់រំគ្រប់កម្រិតនៅទូទាំងប្រទេសក៏មានចំនួនជាង ១សែននាក់ដែរ (១២៦៧៦៦នាក់)។
គេសង្កេតឃើញថា សិស្សក្រីក្រនៅតាមជនបទភាគច្រើនមិនទទួលបានការអប់រំពេញលេញទេ ដោយសារតែជីវភាពខ្វះខាតក្នុងគ្រួសារ ខណៈសម្ភារៈសិក្សា និងសម្លៀកបំពាក់ ក៏មិនត្រូវបានផ្គត់ផ្គង់តាមតម្រូវការរបស់ពួកគេដែរ៕
© 2025, . All rights reserved.