អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធទាំងស្រុងលើរបាយការណ៍សិក្សាស្រាវជ្រាវដោយវិទ្យាស្ថានសន្តិភាពនៃសហរដ្ឋអាមេរិក ដែលបានសរសេរចោទប្រកាន់រដ្ឋាភិបាលកម្ពុជាប្រព្រឹត្តបទឧក្រិដ្ឋឆ្លងដែនជាការគំរាមកំហែងសន្តិសុខសកល ថាជារបាយការណ៍ដើម្បីវាយប្រហាររដ្ឋាភិបាលកម្ពុជា។
នៅក្នុងសេចក្ដីបញ្ជាក់ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា បានសរសេរថា កម្ពុជាសហការជាមួយបណ្ដាប្រទេសនានា ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការសម្អាតប្រាក់។ រដ្ឋាភិបាលក៏កំពុងជំរុញឱ្យមានការសិក្សាស្រាវជ្រាវ រៀបចំធ្វើវិសោធនកម្មច្បាប់ថ្មី ដើម្បីឱ្យមានឧបករណ៍ច្បាប់គ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ មិនមានឈ្មោះក្នុងបញ្ជីភាគហ៊ុន ឬចំណែកហ៊ុននៅក្នុងកាស៊ីណូ Jinbei ឬទទួលផលប្រយោជន៍ពីកាស៊ីណូ Jinbei ទេ។
កាលពីថ្ងៃទី១៦ ខែឧសភា ការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានសន្តិភាពនៃសហរដ្ឋអាមេរិក សរសេរថា មន្ត្រីដឹកនាំប្រទេសក្នុងតំបន់នេះមានជាប់ជំពាក់ទាក់ទិននឹងមុខរបរឧក្រិដ្ឋនេះកប់ខ្លួនរើខ្លួនលែងរួច ហើយមុខជំនួញនេះកាន់តែរីកធំ ដែលមិនងាយនឹងដួលរលំទៀតផង។ រដ្ឋាភិបាលកម្ពុជាប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែនជាការគំរាមកំហែងសន្តិសុខសកល (Policies and Patterns: State-Abetted Transnational Crime in Cambodia as a Global Security Threat)។
របាយការណ៍ដដែលបានរកឃើញថា បណ្ដាញរកស៊ីឧក្រិដ្ឋនេះប្រទាក់ក្រឡាគ្នា រីករាលដាលរវាងឧក្រិដ្ឋជន និងមន្ត្រីរដ្ឋាភិបាល ហើយក្លាយជាបណ្ដាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលធំធេងក្នុងយុគសម័យទំនើបផងដែរ។
របាយការណ៍ខាងលើសំអាងលើកិច្ចសម្ភាសន៍ជាមួយអ្នកដឹងរឿងរ៉ាវជាច្រើនមជ្ឈដ្ឋាន មានអ្នកការទូត អ្នកកាសែត អ្នករកស៊ី អ្នកស្រាវជ្រាវជិត ១០០នាក់ អត្ថបទព័ត៌មានចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ អ្នកជំនាញរកឃើញថា មណ្ឌលយ៉ាងសំខាន់នៃឧក្រិដ្ឋកម្មប្រភេទនេះ គឺនៅក្នុងប្រទេសកម្ពុជាតែម្តង។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មបង្ខាំងទ្រព្យសម្បត្តិសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច លោក លី យ៉ុងផាត់ និងអាជីវកម្មរបស់លោកមួយចំនួនផងដែរ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការលាងលុយកខ្វក់ ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់ និងការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិត ជាដើម៕
© 2025, . All rights reserved.