ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett)

ព័ត៌មានជាតិ

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា៖ អាមេរិក​ផ្ដោត​លើ​ការ​បរិច្ចាគ​ដល់​កម្ពុជា ចំណែក​ចិន​ផ្ដោត​លើ​កម្ចី

By ឌឹ ខេមបូឌា ដេលី

June 05, 2025

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) លើកឡើង​ថា អាមេរិក​បាន​ផ្តល់​ទាំង​ជំនួយ និង​ប្រាក់កម្ចី​ដល់​កម្ពុជា ប៉ុន្តែ​ការ​ផ្ដោត​ជា​ចម្បង គឺ​ការ​បរិច្ចាគ ខណៈ​ចិន ក៏​បាន​ផ្តល់​ទាំង​ជំនួយ និង​ប្រាក់កម្ចី​ដល់​កម្ពុជា​ដែរ ប៉ុន្តែ​ផ្ដោត​ជា​ចម្បង​គឺ​កម្ចី។

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា ទាំង​អាមេរិក និង​ចិន សុទ្ធតែ​បាន​ផ្តល់​ប្រាក់កម្ចី និង​អំណោយ​ចម្រុះ​ដល់​កម្ពុជា ក្នុង​នោះ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ចាប់​តាំងពី​អំឡុង​ឆ្នាំ​១៩៩០ មក គឺ​ផ្ដោត​លើ​ការ​បរិច្ចាគ​ជា​ចម្បង ប៉ុន្តែ​ក៏​នៅតែ​មាន​កម្ចី​ដែល​នៅ​សល់​ពី​មុន​ដែរ។

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ដដែល​នេះ អះអាង​ថា ចំណែក​ចិន វិញ ចាប់តាំងពី​ឆ្នាំ​២០០០ មក ជំនួយ​របស់​ចិន ភាគច្រើន​ជា​ប្រាក់កម្ចី ប៉ុន្តែ​ថ្មីៗ​នេះ ជំនួយ​ទាំងនោះ​បាន​រួម​បញ្ចូល​នូវ​ការ​បរិច្ចាគ​កាន់តែ​ច្រើន និង​ការ​វិនិយោគ​ភាគហ៊ុន​ដែល​ហាក់ដូចជា​ចិន មាន​ស្មារតី​មិន​ចង់​ឲ្យ​កម្ពុជា​ជំពាក់​បំណុល​ខ្លួន​កាន់តែ​ច្រើន។

លោក ខេស៊ី បាណេត បញ្ជាក់​ថា ជំនួយ​របស់​ចិន និង​ប្រាក់កម្ចី​របស់​ចិន ទាំងនោះ រួម​មាន​លុយ អាវុធ សម្ភារៈ សម្លៀកបំពាក់ និង​ផ្នែក​ខាង​វិស្វកម្ម​ផង​ដែរ។

យោង​តាម​របាយការណ៍​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា បង្ហាញ​នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា ចាប់ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០២៤ សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក (៤៥២៧​លាន​ដុល្លារ) ដោយឡែក​ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ប្រមាណ​ជា ៥៥​លាន​ដុល្លារ​អាមេរិក​ដែរ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ចំណែក​ជំនួយ​ចិន វិញ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០២៤ ចិន បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ (១១៨៦៨​លាន​ដុល្លារ)។

យ៉ាងណាក៏ដោយ ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បង្ហាញ​ថា គិត​ត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤ កម្ពុជា​ជំពាក់​បំណុល​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង ៣៤% នៃ​បំណុល​ក្រៅ​ប្រទេស​សរុប ក្នុង​ន័យ​នេះ​គឺ​បង្ហាញ​ថា ចិន​គឺជា​ម្ចាស់​បំណុល​ធំ​ជាងគេ​របស់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ឥណទាន​ទ្វេភាគី។

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក កម្ពុជា​បាន​ទទួល​ការ​ជ្រោមជ្រែង​តាមរយៈ​ជំនួយ​ផ្សេងៗ​ពី​សហរដ្ឋ​អាមេរិក​ជាបន្តបន្ទាប់ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​បាន​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ច សង្គមកិច្ច និង​លទ្ធិប្រជាធិបតេយ្យ ជាដើម លើ​វិស័យ​ផ្សេងៗ ដូចជា វិស័យ​កសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខ​ស្បៀង សុខភាព​សាធារណៈ និង​វិស័យ​អប់រំ​ផង​ដែរ។

ក្រៅពី​ជំនួយ​ជា​ថវិកា​សម្រាប់​ជួយ​លើ​វិស័យ​នានា​ដល់​កម្ពុជា អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​តាមរយៈ​នៃ​ការ​ផ្តល់​ទីផ្សារ​នាំចេញ​យ៉ាង​ធំធេង​ដែរ ដែល​កម្ពុជា​អាច​នាំចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​រហូត​ដល់​ប្រមាណ​ជា ១០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ បន្ថែម​ពី​នេះ ក៏​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP សម្រាប់​កម្ពុជា​ថែម​ទៀត៕

© 2025, . All rights reserved.