លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោក ង្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម ជួប​ពិភាក្សា​នៅ​វិមាន ៧មករា ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

លោក ហ៊ុន សែន ជំរុញ​វៀតណាម​ពន្លឿន​បោះ​បង្គោល​ព្រំដែន​នៅ​សល់ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ថា​នឹង​បាត់​ដី​បន្ត​ទៀត

By ឌឹ ខេមបូឌា ដេលី

June 05, 2025

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឱ្យ​មាន​ការ​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់ ១៦% ឲ្យ​បាន​ឆាប់​នា​ពេល​ខាងមុខ។

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក ង្វៀន តិនគឿង (Nguyen Tan Cuong) នៅ​ថ្ងៃទី​៤ ខែ​មិថុនា ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រី​ជាន់ខ្ពស់​វៀតណាម នៅ​ប្រទេស​កម្ពុជា ក្នុង​ពេលនេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ អះអាង​ថា ទំនាក់ទំនង​កម្ពុជា-វៀតណាម កាន់តែ​រឹងមាំ និង​ស្អិតល្មួត​ផ្អែកលើ​ស្មារតី​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព ភាពជា​អ្នក​ជិតខាង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​វិស័យ​កងទ័ព​របស់​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​ទិវា​ខួប ៥០​ឆ្នាំ​នៃ​ថ្ងៃ​រំដោះ​វៀតណាម​ភាគ​ខាងត្បូង នា​ពេល​ខាងមុខ​នេះ លោក​នឹង​ទៅ​ចូលរួម​ដោយ​ផ្ទាល់។ លោក​ថា វត្តមាន​របស់​លោក​ចូលរួម​ដោយ​ផ្ទាល់​នេះ ក៏​ដើម្បី​រំលឹក​ខួប​ប្រវត្តិសាស្ត្រ​លើក​ទី​៤៨​ឆ្នាំ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ចូល​ទៅ​សុំ​ជំនួយ​ពី​ប្រទេស​វៀតណាម ឱ្យ​ជួយ​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែរ។

អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក ង្វៀន តិនគឿង (Nguyen Tan Cuong) បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៦ ខែ​មិថុនា ដែល​ត្រូវ​ជួប​ជាមួយ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ផង​ដែរ។

ក្នុង​ជំនួប​នេះ លោក ង្វៀន តិនគឿង បញ្ជាក់​ថា រដ្ឋាភិបាល​វៀតណាម គ្រោង​នឹង​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ក្នុង​សារមន្ទីរ​ជាតិ​របស់​វៀតណាម ដើម្បី​បង្ហាញ​សាធារណមតិ​ជាតិ និង​អន្តរជាតិ ឱ្យ​បាន​យល់​កាន់តែ​ស៊ីជម្រៅ​ពី​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​រវាង​កម្ពុជា និង​វៀតណាម នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុង​វិស័យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​រួម​គ្នា​ប្រឆាំង​តវ៉ា​នឹង​របប​អាណានិគម​ក្នុង​អតីតកាល​នោះ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មិថុនា នេះ ដោយ​ចាត់ទុក​ការ​ពន្លឿន​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់ ១៦% ដោយ​មិន​ប្តឹង​វៀតណាម ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺជា​ការ​កាត់​ដី​ខ្មែរ​បន្ថែម​ទៀត​ទៅ​ឱ្យ​វៀតណាម ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដាក់​សំណើ​ទៅ​រដ្ឋសភា ដើម្បី​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ហើយ​បន្ទាប់​មក ត្រូវ​សើរើ​ការ​បោះ​បង្គោល​ព្រំដែន​ចំនួន ៨៤% ឡើងវិញ ព្រោះ​ការ​បោះ​បង្គោល​ព្រំដែន​នា​ពេល​កន្លង​មក​នោះ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម ទាំងស្រុង៕

© 2025, . All rights reserved.