រដ្ឋាភិបាលកម្ពុជា យល់ព្រមតាមសំណើរបស់រដ្ឋាភិបាលថៃ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) រវាងប្រទេសទាំងពីរនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងរាជធានីភ្នំពេញ ក្រោយពីប្រឈមនឹងជម្លោះព្រំដែន។
សារព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា Fresh News បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី នៅថ្ងៃទី៤ មិថុនា នេះថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) រវាងកម្ពុជា-ថៃ នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះនៅរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះបញ្ជាក់ថា ជុំវិញកិច្ចប្រជុំនេះ ក្រសួងការបរទេសកម្ពុជា បានជូនព័ត៌មាននេះជាផ្លូវការទៅភាគីថៃ រួចហើយ ខណៈកម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។
ប្រភពដដែលអះអាងថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។
ថ្លែងក្នុងពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ មិថុនា លោក ហ៊ុន ម៉ាណែត បានចេញបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជារៀបចំការប្រជុំ JBC ជាមួយភាគីថៃ ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាក៏ត្រៀមដាក់របៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មិថុនា នេះថា ការប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) រវាងប្រទេសទាំងពីរ គឺជារឿងត្រឹមត្រូវដើម្បីរក្សាសណ្ដាប់ធ្នាប់តំបន់ព្រំដែន និងបញ្ចៀសបញ្ហាប្រឈមធ្ងន់ធ្ងរណាមួយដាក់គ្នាបន្តទៀត ខណៈជំហររដ្ឋាភិបាលប្តឹងថៃ ទៅតុលាការអន្តរជាតិ គណៈកម្មការនេះគ្មានសិទ្ធិសម្រេចទេ។
លោក ម៉ែន ណាត លើកឡើងថា ក្នុងពេលដែលកម្ពុជាប្តឹងថៃ ទៅតុលាការអន្តរជាតិ កម្ពុជាក៏ត្រូវដាក់សំណើទៅរដ្ឋសភាឱ្យអនុម័តផ្តល់សច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ដែរ បន្ទាប់មកទៀត កម្ពុជាក៏ត្រូវប្តឹងថៃ ជុំវិញករណីកោះគុត ដែនសមុទ្រត្រួតស៊ីគ្នា ទៅតុលាការអន្តរជាតិបន្ថែមទៀតដែរ។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែប្តឹងថៃ ជាជំហានៗរហូតដល់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) តែម្តង ព្រោះតុលាការនេះក៏ជាអង្គការអន្តររដ្ឋាភិបាលដែលទទួលដោះស្រាយវិវាទលើរឿងក្ដីជម្លោះដែនអធិបតេយ្យរវាងរដ្ឋ និងរដ្ឋដែរ៕
© 2025, . All rights reserved.