Featured

តើ​កាកបាទក្រហម​កម្ពុជា​ទទួល​អំណោយ​សប្បុរស​ដោយ​កុសលកម្ម ឬ​អកុសលកម្មបថ?

By ឌឹ ខេមបូឌា ដេលី

June 09, 2025

នៅ​ក្នុង​រាជាណាចក្រ​អច្ឆរិយ​ខ្មែរ មាន​បនល្បែង​ស៊ីសង កាស៊ីណូ ដែល​ភាសា​អ៊ីតាលី​ប្រែ​ថា កូន​ផ្ទះ​តូចៗ​តាម​ស្រុកស្រែ ចំនួន​ជិត ១៥០ ទីប្រជុំជន​លេង​ល្បែង​ស៊ីសង មក​ទល់​ខែ​មីនា ឆ្នាំ​២០២៥។ ក្នុង​ចំនួន​នេះ ប្រមាណ ១០០​កាស៊ីណូ សង់​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ៤៨​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​មួយ​ចំនួន​សេសសល់ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​យៀកណាម។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​កងកម្លាំង​សន្តិសុខ​សាធារណៈ​អាមេរិកាំង​នៃ​ក្រសួង​យុត្តិធម៌ តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកទោស​ទាក់ទង​នឹង​ល្បែង​ស៊ីសង គេ​រក​ឃើញ​ថា ទីណា​មាន​កាស៊ីណូ​បើក​ល្បែង​ស៊ីសង​ក្នុង​រយៈពេល​បី​ឆ្នាំ បរិមាណ​ឧក្រិដ្ឋកម្ម​កើន​ឡើង​ពីរ​ទៅ​បី​ដង​នៅ​ទីនោះ។

ជំទាវ ប៊ុន រ៉ានី ភរិយា​លោក ហ៊ុន សែន និង​ជំទាវ​កូនប្រសា ពេជ ចន្ទមុន្នី ភរិយា​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ប្រាក់​មិន​ស្រប​ច្បាប់​រាប់​លាន​ដុល្លារ​អាមេរិក​តាមរយៈ​ប្រាក់​ឧបត្ថម្ភ​កាកបាទក្រហម​ពី​ក្រុម​ឧកញ៉ា និង​ក្រុមហ៊ុន​ជាច្រើន​ដែល​រកស៊ី​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នេះ​ចោទ​ជា​សំណួរ​ក្នុង​មជ្ឈដ្ឋាន​សាធារណជន​ខ្មែរ និង​បរទេស ថា​តើ​អំណោយ​ពី​ទាយក​ទាយិកា​ដល់​កាកបាទក្រហម​កម្ពុជា ជា​អំណោយ​ពី​សប្បុរសជន​ក្នុង​មុខរបរ​ប្រកប​ដោយ​សមាចារ សម្មាអាជីវៈ តាម​កុសលកម្ម (កុសៈលៈ) ឬ​អកុសលកម្មបថ។ តើ​មាន​អង្គការ អង្គភាព ឬ​ស្ថាប័ន​ណា​មើល​ខុសត្រូវ​លើ​កាកបាទក្រហម​កម្ពុជា? តើ​អំណោយ​នានា​ដល់​កាកបាទក្រហម​កម្ពុជា ជា​អំណោយទាន​សីលធម៌ ឬ​ជា​ការ​បង់​ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ​ពី​អាជីវករ​រកស៊ី​ក្នុង​ស្រុក​ខ្មែរ?

គេហទំព័រ​គោព្រៃ (Kouprey) ចេញ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពិសេស​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ មិថុនា នេះ ស្ដីពី​ការ​ចងក្រង​ឯកសារ​ជាច្រើន​តាមរយៈ​ការ​ស្រាវជ្រាវ​ពី​បណ្ដាញ​សារព័ត៌មាន​នៃ​រាជរដ្ឋាភិបាល​ជុំវិញ​ការ​ផ្តល់​ប្រាក់​អំណោយ​ឧបត្ថម្ភ​ពី​ក្រុម​ឧកញ៉ា ដល់​កាកបាទក្រហម ដោយ​ដាក់​ចំណងជើង​ថា «អំណោយ​កាកបាទក្រហម​ពី​ក្រុម​ឧកញ៉ា​បោកប្រាស់​នៅ (ប្រទេស) កម្ពុជា»។

ប្រភព​ដដែល​អះអាង​ថា ក្រុម​ឧកញ៉ា​បោកប្រាស់​ដែល​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ដូចជា ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ម៉ុង ឫទ្ធី និង​ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី អ៊ុក ម៉ាលី ជាដើម សុទ្ធតែ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ផ្តល់​លុយ​ដល់​កាកបាទក្រហម​ដែល​គេ​សង្ស័យ​ថា​លុយ​មិន​ស្រប​ច្បាប់។

គេហទំព័រ​ដដែល​បាន​រក​ឃើញ​ថា ក្រុម​ឧកញ៉ា​ទាំងនេះ​បាន​ឧបត្ថម្ភ​លុយ​ដល់​កាកបាទក្រហម​ប្រមាណ​ជា ១០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២៥ នេះ ក្នុង​នោះ សមាគម​ឧកញ៉ា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក លី យ៉ុងផាត់ បាន​បរិច្ចាគ​ថវិកា​ជិត ២​លាន​ដុល្លារ​អាមេរិក (១,៧​លាន​ដុល្លារ) ខណៈ​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​ផ្តល់​ថវិកា​ជាង ១​លាន​ដុល្លារ​អាមេរិក​ដែរ (១,៤​លាន​ដុល្លារ)។

ជាង​នេះ​ទៀត អ្នកឧកញ៉ា គិត ស៊ូឡា កូនប្រុស​របស់​អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន Royal Group បាន​ផ្តល់​ថវិកា​ជាង ១​លាន​ដុល្លារ​អាមេរិក (១០៩៩៩៩៩​ដុល្លារ)។ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ផ្តល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​អាមេរិក។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Prince Group ជនជាតិ​ចុប​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) បាន​ផ្តល់​ប្រាក់​ចំនួន ៥​សែន​ដុល្លារ​អាមេរិក ក្នុង​នោះ ចន្លោះ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៤ ត្រូវ​គេ​រក​ឃើញ​ថា ទីប្រឹក្សា​លោក ហ៊ុន សែន រូប​នេះ​បាន​ផ្តល់​ប្រាក់​រហូត​ដល់ ២​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ដោយឡែក​ឧកញ៉ា ទ្រី ភាព បាន​ផ្តល់​ប្រាក់​ចំនួន ៣​សែន​ដុល្លារ​អាមេរិក។ ឧកញ៉ា កុក អាន សមាជិក​ព្រឹទ្ធសភា និង​ជា​ម្ចាស់​មជ្ឈមណ្ឌល​ឆបោក Crown complex ក៏​បាន​ផ្តល់​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

ក្រៅពី​ឧកញ៉ា​ខ្មែរ ក៏​មាន​ជនបរទេស​ដែល​មាន​ក្រុមហ៊ុន​នៅ​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ទៀត​ដែរ ដូចជា ជនជាតិ​ភូមា លោក Aik Paung បាន​ផ្តល់​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ និង​សណ្ឋាគារ​ឈ្មោះ Xihu ដែល​ស្ថិត​ក្រោម​ឈ្មោះ​របស់​គាត់ ក៏​បាន​ផ្តល់​ប្រាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

ជាង​នេះ​ទៀត នាយក​ប្រតិបត្តិ​កាស៊ីណូ​ឈ្មោះ Yong Yuan Bavet Casino ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Bavet Moc Bai បាន​ផ្តល់​ប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក។

លោក Li Kuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឆបោក Huang Le Casino បាន​ផ្តល់​ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក។ សណ្ឋាគារ KB ឬ Kaibo Hotel បាន​ផ្តល់​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ ខណៈ​សណ្ឋាគារ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ។

ក្រុមហ៊ុន White Sand Group ដែល​ត្រូវ​គេ​រាយការណ៍​ថា​ជា​មជ្ឈមណ្ឌល​ជួញដូរ​មនុស្ស បាន​ផ្តល់​ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ប្រធាន​ក្រុមហ៊ុន Lixin Group គឺ​លោក ហ៊ុន តូ ក៏​បាន​ផ្តល់​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ​ដែរ។

ក្រៅពី​នេះ ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់ រួម​ទាំង​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ កាស៊ីណូ​ជាច្រើន​ផ្សេង​ទៀត ក៏​ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រភព​ចំណូល​នៃ​មូលនិធិ​កាកបាទក្រហម​ដែរ ដូចជា កាស៊ីណូ Holiday Palace, កាស៊ីណូ Kampong Dewa កាស៊ីណូ Power Long Casino កាស៊ីណូ Jin Bei 3 កាស៊ីណូ Triumph International និង​កាស៊ីណូ Atlantic Entertainment City ជាដើម។

បន្ថែម​ពី​នេះ ក៏​មាន​កាស៊ីណូ New Venetian កាស៊ីណូ Siha Treasure កាស៊ីណូ Venus Casino និង​កាស៊ីណូ Golden Galaxy រួម​ទាំង​កាស៊ីណូ​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ ដែល​បាន​ផ្តល់​ប្រាក់​ដល់​អង្គការ​សប្បុរសធម៌​មួយ​នេះ ចន្លោះ​ពី ៥០០​ដុល្លារ​ទៅ ៥​សែន​ដុល្លារ​អាមេរិក។

ក្រៅពី​ក្រុម​ឧកញ៉ា ក្រុម​ឧក្រិដ្ឋជន និង​ក្រុមហ៊ុន​កាស៊ីណូ​ដែល​បាន​រាប់​មក​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន ក៏​ត្រូវ​រក​ឃើញ​ថា​បាន​ចូលរួម​ល្បែង​ផ្តល់​លុយ​ទៅ​ឱ្យ​កាកបាទក្រហម​នេះ​ដែរ ដែល​មាន​ទឹកប្រាក់​ចន្លោះ​ពី ១​ពាន់​ដុល្លារ​អាមេរិក​ដល់ ១​សែន​ដុល្លារ​អាមេរិក។ ជាក់ស្តែង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ក៏​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ចំនួន ២​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក​ដែរ (២៥០០០​ដុល្លារ)។

ជុំវិញ​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​ឧកញ៉ា ជនបរទេស រួម​ទាំង​ក្រុមហ៊ុន និង​បនល្បែង​កាស៊ីណូ​រកស៊ី​ខុស​ច្បាប់​ដែល​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​រហូត​មក​នោះ តែងតែ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កាកបាទក្រហម ដែល​ដឹកនាំ​ដោយ​អ្នកស្រី ប៊ុន រ៉ានី ជា​រៀង​រាល់​ឆ្នាំ ដើម្បី​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​បន្ត​អាជីវកម្ម និង​ដំណើរការ​របស់​ខ្លួន​ដោយ​គ្មាន​ការ​រំខាន​បន្ត​ទៀត។

កាកបាទក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ​ភរិយា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ត្រូវ​គេ​រក​ឃើញ​ថា​កំពុង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជាជាង​អនុវត្ត​កម្មវិធី​សប្បុរសធម៌​ដល់​ប្រជាពលរដ្ឋ​ទូទៅ៕

© 2025, . All rights reserved.