អ្នកកាសែតអាមេរិកាំងដែលបានតាមដានស្ថានភាពការងារក្នុងរោងចក្រកាត់ដេរចិន ដោយស្ត្រីខ្មែរផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យក្រុមហ៊ុនអាមេរិកាំងទទួលទិញផលិតផលពីស្រុកខ្មែរ រាយការណ៍ថា ម្ចាស់ក្រុមហ៊ុនណៃគី (Nike) និយាយអះអាងប្រាប់កាសែតមិនដូចការពិតជាក់ស្តែងទេ។ រីឯមន្ត្រីនាយក្រសួងការងារ ទទួលបន្ទុកលើការខុសត្រូវកម្មករ ក៏មិនយកចិត្តទុកដាក់ដែរ។
សារព័ត៌មានឯករាជ្យ ProPublica ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ថា កម្មករខ្មែរធ្វើការតាមមុខងាររៀងខ្លួនក្នុងរោងចក្រកាត់ដេរប៉ាក់ចិន ឈ្មោះ Y & W ដែលមានទីចាត់ការធំនៅក្រុងហុងកុង Wing Luen ធ្វើការច្រើនម៉ោងរហូតដល់ ៧៦ម៉ោងក៏មានក្នុងមួយអាទិត្យ ហើយជួនកាល ធ្វើការថែមម៉ោងទៀត បើមានបញ្ជាទិញប្រញាប់។ កម្មករខ្លះធ្វើការតែ ៤៨ម៉ោងក្នុងមួយអាទិត្យ ប៉ុន្តែសុំធ្វើថែមម៉ោងខ្លះ ដើម្បីបង្គ្រប់សេចក្តីត្រូវការចាយវាយមិនគ្រប់គ្រាន់។
ថៅកែក្រុមហ៊ុន ណៃគី អះអាងថា ប្រាក់ខែឈ្នួលកម្មករខ្មែរនៅទីនោះបានទទួលលើសប្រាក់ខែអប្បបរមារដ្ឋកំណត់ គឺ ១ដុល្លារក្នុងមួយម៉ោង។
តាមការស្រាវជ្រាវពីអ្នកកាសែតក្នុងចំណោមកម្មករជាង ៣៧០០នាក់ក្នុងរោងចក្រមួយមានកម្មករប្រមាណ ១% ប៉ុណ្ណោះ ដែលបានចំណូល ១,៩ លើប្រាក់ខែអប្បបរមា គឺ ២២០ដុល្លារ។ ជាង ៩០% បានប្រាក់ខែតែ ២០៤ដុល្លារប៉ុណ្ណោះ។ រីឯជំនួយការផលិតកម្មគ្រប់គ្រងកម្មករ បានប្រាក់ខែ ៤០០ដុល្លារ។ ដោយប្រាក់ខែទាប ហើយមិនស្មើគ្នានេះ កម្មករស្ត្រីខ្លះត្រូវបង្ខំចិត្តធ្វើការងារពីរមុខ ឬត្រូវចេះប្រើម៉ាស៊ីនដេរប៉ាក់យ៉ាងតិចពីរគ្រឿង។
គេសួរថា តើក្រុមហ៊ុនអាមេរិកាំងគិតគូរដល់សុខុមាលភាពកម្មករខ្មែរកម្រិតណា? ចុះមន្ត្រីខ្មែរដែលរស់នឹងញើសឈាមស្ត្រីកម្មករខ្មែរ ជួយគិតគូរកម្រិតណាដែរ?៕
© 2025, . All rights reserved.