លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយ​ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

លោក ហ៊ុន សែន ស្នើ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​ដក​កងទ័ព បើ​មិន​បាន​គប់គិត​គ្នា

By ឌឹ ខេមបូឌា ដេលី

June 11, 2025

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​អំពី​ការ​ដក​ទ័ព​កម្ពុជា​នៅ​តំបន់​មុំ​៣ ជា​អំពើ​ក្បត់​ជាតិ ដែល​គប់គិត​ជាមួយ​ប្រទេស​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ ដោយ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​ខ្លួន​សកម្មជន​រូប​នោះ​ទៅ​កម្ពុជា​វិញ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា ប្រសិនបើ​អាជ្ញាធរ​ថៃ មិន​បាន​គប់គិត​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​សកម្មភាព​ដក​ទ័ព​ដើម្បី​ចំអក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទេ អាជ្ញាធរ​ថៃ គួរតែ​ក្លាហាន​ចាប់​ជន​នេះ​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក ហ៊ុន សែន បញ្ជាក់​ថា អំពើ​ក្បត់​ជាតិ​ដែល​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រព្រឹត្ត គឺ​ដូច​គ្នា​ទៅ​នឹង​សកម្មភាព​មេដឹកនាំ​របស់​គេ​ដែរ។ លោក​បន្ត​ថា ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ប្រឈមមុខ​ជាមួយ​នឹង​ការ​ឈ្លានពាន​របស់​បរទេស ពួកគេ​នៅតែ​គប់គិត​ជាមួយ​បរទេស​មក​បំផ្លាញ​ខ្មែរ​ដដែល។

វីដេអូ​យុវជន​ម្នាក់​ដែល​ហៅ​រហស្សនាម​ខ្លួនឯង​ថា «០៩ មុំ​៣» ដោយ​ស្លៀក​សម្លៀកបំពាក់​កងទ័ព​កម្ពុជា និង​សម្ដែង​ធ្វើ​ជា​ទទួល​បញ្ជា​ពី​ថ្នាក់លើ​ឱ្យ​ដក​កងទ័ព​នៅ​តំបន់​មុំ​៣ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ព្រោងព្រាត។

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ យុវជន​រូប​នោះ​បាន​និយាយ​ពី​ការ​ដក​កងទ័ព​ចេញពី​តំបន់​មុំ​៣ និង​និយាយ​ថា រថពាសដែក ឬ​រថក្រោះ​គ្មាន​ម៉ាស៊ីន មាន​តែ​កាណុង ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​បន្ទាយ​វិញ ជាដើម។

បន្ទាប់ពី​វីដេអូ​នេះ​ត្រូវ​បាន​ចែកចាយ​តៗ​គ្នា អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា សកម្មជន​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​សកល​ប្រចាំ​ប្រទេស​ថៃ ឈ្មោះ អែម ពិសិដ្ឋ បាន​ក្លែង​បន្លំ​ស្លៀក​ឯកសណ្ឋាន​កងទ័ព ហើយ​ថត​វីដេអូ​ប្រឌិត​ព័ត៌មាន​សភាពការណ៍​តាម​ព្រំដែន នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ដើម្បី​បំបាក់​ទឹកចិត្ត​កងទ័ព​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា បុគ្គល​ដែល​សម្ដែង​ពាក់​ឯកសណ្ឋាន​កងទ័ព​ក្លែងក្លាយ​ខុស​ច្បាប់​ឈ្មោះ អែម ពិសិដ្ឋ មាន​ស្រុកកំណើត​នៅ​ភូមិ​ចំការអណ្ដូង ឃុំ​ចំការអណ្ដូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ដែល​តែងតែ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​បង្ហោះ​ខ្លឹមសារ​ប្រឌិត​អវិជ្ជមាន​ជាច្រើន​ក្នុង​គោលដៅ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មិថុនា នេះ ដោយ​ចាត់ទុក​ទង្វើ​របស់​យុវជន​រូប​នោះ​ជា​ការ​ញុះញង់​ធ្វើបាប​ខ្មែរ ព្រោះ​កម្ពុជា​ក៏​មិន​បាន​ដក​កងទ័ព​ដូច​ការ​ចុះផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឡើយ។

រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ ព័ត៌មាន​ថៃ បាន​ចុះផ្សាយ​ព្រោងព្រាត​ថា កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​ប្រឈមមុខ​ដាក់​គ្នា​នៅ​តំបន់​មុំ​៣ បាន​ឯកភាព​គ្នា​ដក​កងទ័ព​ចេញពី​ទីតាំង​ជម្លោះ​ប្រមាណ ២០០​ម៉ែត្រ។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​ការ​ចែកចាយ​ពី​ស្នាម​លុប​លេណដ្ឋាន​របស់​កងទ័ព​កម្ពុជា​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​ក្រុម​អាវ​លឿង​ប្រឆាំង​រដ្ឋាភិបាល​ថៃ លោក ស៊ុនធិលឹម ថងគុណ បាន​អះអាង​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​និយាយ​តាម​ទូរសពុ្ទ​ជាមួយ​លោក ហ៊ុន សែន ដោយ​ស្នើ​ឱ្យ​កម្ពុជា​ដក​ទ័ព​ខ្មែរ​ចេញពី​តំបន់​មុំ​បី។

លោក ស៊ុនធិលឹម ថងគុណ អះអាង​ថា ការ​ធ្វើ​បែប​នេះ ដោយសារតែ​លោក ថាក់ស៊ីន ខ្លាច​ក្រុម​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​កូនស្រី​របស់​គាត់ គឺ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី។

ទោះជា​យ៉ាងណាក៏ដោយ ការ​អះអាង​នេះ គេ​នៅ​មិន​ទាន់​ឃើញ​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន ប្រតិកម្ម​នៅឡើយ​ទេ៕

© 2025, . All rights reserved.