កញ្ញា សេង ធារី នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ លីកាដូ)

ព័ត៌មានជាតិ

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ដោះលែង​កញ្ញា សេង ធារី ដោយ​ឥត​លក្ខខណ្ឌ

By ឌឹ ខេមបូឌា ដេលី

June 13, 2025

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ១០​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​កញ្ញា​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួនឯង​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ថ្ងៃ ដើម្បី​បង្ហាញ​ពី​ការ​ឃុំ​ខ្លួន ៣​ឆ្នាំ​ដោយ​អយុត្តិធម៌។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦​ស្ថាប័ន រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃទី​១១ មិថុនា នេះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ពី​សុខភាព​កញ្ញា សេង ធារី យ៉ាង​ខ្លាំង ដោយ​អត់​ទទួលទាន​អាហារ​ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​១៤ ខែ​មិថុនា។

ប្រភព​ដដែល​អះអាង​ថា ការ​ធ្វើ​កូដកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ឃុំ​កញ្ញា​ផ្ទាល់​ផង ហើយ​ក៏​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំងអស់ ដែល​អាជ្ញាធរ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ផង​ដែរ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ បញ្ជាក់​ថា ផល​ប៉ះពាល់​នៃ​ការ​បង្អត់​អាហារ​ខ្លួនឯង​ទៅ​លើ​សុខុមាលភាព​របស់​កញ្ញា សេង ធារី អាច​មាន​ទំហំ​ធំធេង រីឯ​ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា​ពី​សំណាក់​តុលាការ​ក៏​កាន់តែ​ធ្វើ​ឱ្យ​បញ្ហា​សុខភាព​របស់​កញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ដែរ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​សង្ឃឹម​ថា កូដកម្ម​បង្អត់​អាហារ​របស់​កញ្ញា នឹង​នាំមក​នូវ​យុត្តិធម៌​ចំពោះ​សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​គ្រប់​រូប​ទាំងអស់ ដែល​ត្រូវ​បាន​ជាប់​ឃុំ​យ៉ាង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​នា​ពេល​កន្លង​មក​នោះ ខណៈ​ពួកគេ​នឹង​បន្ត​ឈរ​ជាមួយ​នឹង​កញ្ញា សេង ធារី ជានិច្ច។

សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី និង​ជា​មេធាវី​អន្តរជាតិ​សញ្ជាតិ​ខ្មែរ-អាមេរិកាំង ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​ដែល​កញ្ញា​កំពុង​តវ៉ា​ដោយ​អហិង្សា​ចំពោះ​បទ​ចោទ​ទាំង​អយុត្តិធម៌​មក​លើ​ខ្លួន​នៅ​មុខ​តុលាការ។ កញ្ញា សេង ធារី បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ ៤​លើក​ហើយ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៥ នេះ បន្ទាប់ពី​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ Freedom House បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្ដាច់ការ​ធំៗ ៥ ផ្សេង​ទៀត រួម​មាន​ភូមា ចិន និង​រុស្ស៊ី ជាដើម ព្រោះតែ​ប្រទេស​នេះ​បាន​ប្រើ​វិធានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ឥត​ស្រាកស្រាន្ត៕

© 2025, . All rights reserved.